ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួនចេញ ខណៈព្យុះស៊ីក្លូន វាយប្រហារនៅកោះអូស្រ្តាលី

អូស្រ្តាលីៈ ព្យុះស៊ីក្លូន ឈ្មោះថា Debbie ជាមួយល្បឿនខ្យល់បក់រហូតដល់ ២៥០ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង បានវាយប្រហារនៅកោះរបស់ប្រទេសអូស្រ្តាលី ខណៈដែលវាបានបន្តផ្លាស់គោលដៅ ឆ្ពោះទៅកាន់ ឆ្នេរសមុទ្រ Queensland ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

ពលរដ្ឋរាប់ម៉ឺននាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញ ដើម្បីបញ្ចៀសពីការគំរាមគំហែង ដោយសារព្យុះស៊ីក្លូន Debbie ដែលវាត្រូវបានចាត់ទុកជាព្យុះដ៏ខ្លាំងទីបួន នៅក្នុងប្រទេស។

ព្យុះនេះ បានវាយប្រហារបំផ្លិចបំផ្លាញ នៅកោះ Whitsunday ហើយត្រូវបានគេរំពឹងថា នឹងបន្តដំណើរឈានដល់ដីគោក នៅថ្ងៃអង្គារនេះ។

នាយករដ្ឋមន្រ្តី លោក Malcolm Turnbull បានជំរុញឲ្យអ្នកស្រុក ធ្វើការចាកចេញពីផ្ទះរបស់ពួកគេភ្លាមៗ ដោយលោកបានបន្ថែមថា ប្រជាជនគួរស្វែងរកទីជំរក នៅទីតាំងខ្ពស់ ដើម្បីសុវត្ថិភាព៕

មតិយោបល់