ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា លី ចាន់សីហា ដាក់ឈ្មោះកូនស្រី អោយធ្វើថៅកែដីឡូតិ៍

កាលពីព្រឹកថ្ងៃ ២៦ សីហា តារាសម្ដែងល្បីឈ្មោះអ្នកនាង លី ចាន់សីហា បានធ្វើពិធីក្រុងពាលីបើកលក់ដីឡូត៍តម្លៃសែនដុល្លារមិនគួរឲ្យជឿ ដោយឈ្មោះដីឡូតិ៍របស់នាង ក៏ត្រូវគេឃើញអ្នកនាង ដាក់ឈ្មោះកូនស្រីជាឈ្មោះ ដោយអ្នកនាងប្រកាសថាយីហោ «Fendi ដីឡូតិ៍» ដែលជាឈ្មោះកូនស្រី គឺនាងមានយីអ៊ុន។ នេះជាមុខរបរធំផ្នែកអចលនទ្រព្យបើកឆាកក្នុងជីវិតរបស់អ្នកនាង បន្ទាប់ពីតារាស្រីរូបនេះ ត្រូវគេស្គាល់ថា បានជោគជ័យទាំងការងារសិល្បៈ ទាំងជីវិតស្នេហា និងមុខជំនួញបើកសម្អាងការ។

អ្នកនាង លី ចាន់សីហា បានអះអាងថា អ្នកនាង និងស្វាមី មានដីធំនៅម្ដុំដែលបើកលក់ដីឡូតិ៍ជាយូរមកហើយ ប៉ុន្តែមកពីអ្នកនាងទើបតែឃើញតំបន់នោះ មានសក្កានុពលខ្លាំងក្នុងការបើកគម្រោងដីឡូតិ៍ ទើបអ្នកនាងទើបតែសម្រេចចិត្តបើកគម្រោង។ អ្នកនាង ថាខ្លួនក៏មានការយល់ដឹងជុំវិញអាជីវកម្មមួយនេះច្រើនដែរ ហើយដោយមានការជ្រោមជ្រែងពីអ្នកជំនាញដីធ្លីផង ទើបអ្នកនាងសម្រេចបើក ទីតាំងដាក់លក់ ដោយអ្នកនាងរំពឹងថា គម្រោងបើកលក់ដីឡូតិ៍លើកដំបូងរបស់អ្នកនាង និងស្វាមី នឹងទទួលបានការគាំទ្រខ្លាំងក្លា។ អ្នកនាងថាគម្រោង «Fendi ដីឡូតិ៍»របស់ខ្លួន ស្ថិតនៅក្នុងភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានចម្ងាយត្រឹមតែ១៤គីឡូ ពីផ្លូវបំបែកថ្នល់ទទឹង តាមផ្លូវជាតិលេខ៥១ ហើយចូលតាមក្លោងទ្វារវត្តអង្ការ។

លី ចាន់សីហា បញ្ជាក់ថា ដីឡូតិ៍របស់នាងមិនមែនជារបស់អ្នកនាង និងស្វាមីផ្ដាច់មុខនោះទេ គឺមានភាគហ៊ុនពីបងប្អូនជីដូនមួយ ដែលជាអ្នកជំនាញខាងផ្នែកអចលនទ្រព្យច្បាស់ ទើបអ្នកនាងសម្រេចចិត្តបើកមុខរបរនេះ ខណៈដែលដីឡូតិ៍ក្នុងគម្រោង«Fendi ដីឡូតិ៍»របស់អ្នកនាង ដ្បិតថាទើបតែក្រុងពាលីបើកលក់ ប៉ុន្តែមានភ្ញៀវកក់ទិញអស់ច្រើនឡូតិ៍រួចហើយ ទើបធ្វើឲ្យនាងមានកម្លាំងចិត្តតែម្ដង។ អ្នកនាងថាខ្លួនចេញរកបើកឆាក មិនហ៊ានបើកលក់មួយឡូតិ៍ថ្លៃៗនោះទេ ដោយសម្រេចចិត្តលក់ត្រឹមតែមួយឡូតិ៍ជាង២ពាន់ដុល្លារប៉ុណ្ណោះ ខណៈដែលអ្នកនាងក៏ផ្ដល់លក្ខខណ្ឌបង់រំលោះផងដែរ ដើម្បីឲ្យគម្រោងទាំងមូលទទួលកាន់តែមានការចាប់អារម្មណ៍។

អ្នកនាងថាគម្រោងនេះ ដីមិនទាន់ធំស្មើតាមការចង់បានរបស់អ្នកនាងនោះទេ ប៉ុន្តែសម្រាប់គម្រោងទី២ និងបន្តបន្ទាប់ដែលអ្នកនាងបានត្រៀម គឺជាដីឡូតិ៍ធំ។ យ៉ាងណាមិញ អ្នកនាងថាមិនចោលការងារសិល្បៈ និងសម្អាងការទេ បើទោះជាជំនួញដីឡូតិ៍ដែលអ្នកនាងបើកលក់ ចាប់ផ្ដើមមើលឃើញពីការកើបលុយចំណេញ៕

មតិយោបល់