ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រដេញគ្នាខ្លាំងឡើង បទ«ចាក់ទឹកដូង»និងបទ«រាំអ៊ីចេះ»

គ្មានអ្នកណាមិនទទួលស្គាល់នោះទេ ថាបទ«រាំអ៊ីចេះ»របស់ឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ បានក្លាយជាបទដែលមានអ្នកនិយមនាំមុខគេសម្រាប់ឱកាសចូលឆ្នាំខ្មែរនេះ។ យ៉ាងណាមិញ បើក្រឡេកមើលពីសន្ទុះរបស់បទ«ចាក់ទឹកដូង»របស់តារាចម្រៀងនាងយូរីវិញ ក៏មានសន្ទុះខ្លាំងដែរ ដោយត្រូវអ្នកនិយមរាំរ៉ែកសរសើរថាមានចង្វាក់ភ្លេង និងក្បាច់រាំអាចធ្វើជាគូប្រជែងរបស់បទ«រាំអ៊ីចេះ»របស់ហង្សមាសបាននោះផង។

ទោះជាមិនមានការវាយតម្លៃផ្លូវការណាមួយ តែគេអាចមើលដឹងតាមរយ:សកម្មភាពរាំលែងនៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយសារតែគ្រប់វង់តូចធំ គឺអ្នកនិយមរាំរែកចំណូមពរតែបទ«រាំអ៊ីចេះ» និងបទ«ចាក់ទឹកដូង»ច្រើនជាងគេ ដោយអះអាងថាបទទាំងពីរមានចង្វាក់ភ្លេង និងក្បាច់រាំចង់ឲ្យរាំតាម។ មិនថាចាស់ក្មេង ឲ្យតែដល់ចម្រៀង២បទនេះ គឺប្រជ្រៀតគ្នាចូលណែនៗវង់ៗ ដោយអ្នករាំភាគច្រើន ថែមទាំងផ្ដល់សម្រែកហ៊ោកញ្ជ្រៀវជាមួយនឹងបទទាំង២នោះផង។ ស្ទើរមិនមានវង់រាំណាមួយ បំភ្លេចបទ១ក្នុងចំណោមទាំង២បទទេ ដោយបទទាំង២ត្រូវគេកត់សម្គាល់ថាចាក់ហើយចាក់ទៀត នៅតាមវង់ធុងបាស់នីមួយៗ ដើម្បីតម្រូវតាមយុវវ័យនោះផង។ នេះជាការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវមួយ ខណ:ដែលឆ្នាំកន្លងទៅគេកត់សម្គាល់ថាមានតែបទ«រាំញីកែងជើង»វ៉ាដាច់គេម្នាក់ឯង ប៉ុន្តែនៅក្នុងឆ្នាំនេះក្ដីរំពឹងដែលថាបទ«រាំអ៊ីចេះ»នឹងវ៉ាដាច់គេដូចគ្នា បែរជាទៅមិនរួច ដោយសារតែបទ«ចាក់ទឹកដូង»របស់កញ្ញាយូរី ក៏មានសន្ទុះមិនធម្មតា។ នៅតាមវង់ខ្លះ គេឃើញបទ«ចាក់ទឹកដូង»ត្រូវគេចាក់ចុះឡើងៗច្រើនដងជាងបទរបស់ឱក សុគន្ធកញ្ញា នោះផង ខណ:ដែលអ្នកខ្លះក៏បញ្ចេញទស្សន:ថាបទរបស់យូរី ហាក់មានសន្ទុះចង់វ៉ាបទ«រាំអ៊ីចេះ»នោះផង។

នេះជាលើកទី២ ដែលខ្មែរមានបទផ្ទុះជាស្នាដៃរបស់ខ្លួនសម្រាប់ឱកាសចូលឆ្នាំ ដោយមានទាំងក្បាច់រាំល្អប្លែកសម្រាប់រាំតាមនោះផង បន្ទាប់ពីបទ«រាំញីកែងជើង»។ យ៉ាងណាមិញ បទ«រាំអ៊ីចេះ»ដែលអ្នកៗក៏មើលឃើញថាមានចង្វាក់ភ្លេង និងក្បាច់រាំទាក់ទាញនោះ មិនមែនក្ដោបក្ដាប់ការគាំទ្រផ្ដាច់មុខដូចគ្នានឹងបទរបស់«រាំញីកែងជើង»នោះទេ ដោយសារសំឡេងគាំទ្រមិនតិចជាងពាក់កណ្ដាលត្រូវចែកទៅឲ្យបទ«ចាក់ទឹកដូង»របស់យូរី។ ក្នុងនោះបទចម្រៀងមួយចំនួនដែលត្រូវគេមើលឃើញថាមានចង្វាក់ភ្លេងល្អ និងក្បាច់រាំរស់រវើករបស់ពេជ្រ សោភា លោកខេមរ: សិរីមន្ត សុខ ពិសី លោកនីកូ និងរបស់លោកStep ជាដើមក៏មានអ្នកនិយមចាក់រាំគួរឲ្យកត់សម្គាល់ផងដែរ ដោយគ្រាន់តែមានមានកម្រិតនៅចាញ់បទ«រាំអ៊ីចេះ» និងបទ «ចាក់ទឹកដូង»នៅឡើយ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគយល់ថាបទចង្វាក់បែកស្លុយទាំង២ និងបទបែកស្លុយផ្សេងទៀត នឹងបាត់បង់ឥទ្ធិពលរបស់ខ្លួនក្រោយអស់ចំហាយចូលឆ្នាំខ្មែរ។

មតិយោបល់