នៅរសៀលថ្ងៃ២៥ មេសា នេះ តារាចម្រៀងអ្នកនាងពេជ្រ សោភា បានបង្ហាញការរិះគន់យ៉ាងធ្ងន់ៗចំពោះអ្នកយល់ថាអ្នកនាង និងលោក ឆឹម សក្កដា គឺជាគូស្នេហ៍ក្លែងក្លាយដើម្បីតោងកាលីបគ្នាទៅវិញទៅមក និងអ្នកចោទថានាងប្រហែលជាបានរួមរស់ជាប្ដីប្រពន្ធទៅហើយ ដោយសារតែទំនាក់ទំនងទៅវិញទៅមកគឺស្អិតរមួត។ អ្នកនាងក៏បានរិះគន់ចំពោះអ្នកនិយាយថាអ្នកនាងមានកូន៣នាក់រួចទៅហើយផងដែរ ដោយបានប្រកាសថាអោយតែមានពេទ្យ ឬឆ្មបណាម្នាក់ធ្លាប់បានបង្កើតកូនអោយអ្នកនាងហ៊ានចេញមុខប្រកាសថាអ្នកនាងពិតជាមានកូនមែន គឺអ្នកនាងនឹងផ្ដល់លុយក្នុងម្នាក់១ម៉ឺនដុល្លារ។
ពេជ្រ សោភា និយាយថារូបនាង និងលោកឆឹម សក្កដា ល្បីឈ្មោះរៀងខ្លួនរួចហើយ គឺមិនចាំបាច់ដល់ថ្នាក់ប្រឌិតរឿងជាមួយគ្នាបែបនេះនោះទេ។ នាងថាទទួលយកសង្សាររូបនេះដោយមិនប្រកាន់ពីរឿងអតីតកាលរបស់លោក១០០ភាគរយ មិនថាលោកឆឹម សក្កដា ធ្លាប់មានព័ត៌មានណាមួយពាក់ព័ន្ធនឹងរឿងស្រឡាញ់ប្រុស ឬមានរឿងអាក្រក់ដូចអ្វីដែលធ្លាប់សរសេរ។ អ្នកនាងថាអោយតែការសរសេរទាំងឡាយដែលប៉ះពាល់ដល់លោក ឆឹម សក្កដា គឺអ្នកនាងការពារ ដោយសារតែទំនាក់ទំនងស្នេហារវាងអ្នកនាង និងលោក មិនមែនត្រឹមតែសាមីខ្លួន និងសាមីខ្លួនប៉ុណ្ណោះទេ គឺស្គាល់ទៅវិញទៅមករវាងគ្រួសារ និងគ្រួសារតែម្ដង ដោយមិនមានភាគីខាងណាជំទាស់នោះផង។ អ្នកនាងថាខ្លួនមិនមែនជាតារាសិល្បៈដែលមានទម្លាប់រួមរស់ជាមួយគ្នាមុនរៀបការ ហើយក៏នៅបន្តប្រកែកថាអត់ស្រលាញ់គ្នាដើម្បីបិទបាំងព័ត៌មាននោះឡើយ។ ក្នុងនោះអ្នកនាងបានរិះគន់ចំៗចំពោះអ្នកចុះផ្សាយថាអ្នកនាងមានកូនតាំងពីមុនចូលសិល្បៈ និងមានស្វាមីមុនពេលល្បីឈ្មោះជាដើម ដោយស្វាមីនោះបានទាំងវាយដំនាងមុនពេលចូលហង្សមាសជាដើម។ អ្នកនាងថាកាលនៅខេត្តព្រៃវែង អ្នកនាងទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ ហើយអ្នកនាងបញ្ជាក់ថាបើមានភស្ដុតាងបញ្ជាក់ថាពេទ្យណាមួយធ្លាប់បង្កើតកូនអោយអ្នកនាង គឺអ្នកនាងផ្ដល់ជូនក្នុងម្នាក់១ម៉ឺនដុល្លារ។ អ្នកនាងខ្លួនអត់មានកូនទេ ប៉ុន្តែបើមានភស្ដុតាង ឬមានពេទ្យ ឬឆ្មបចេញមុខអះអាង គឺនាងអត់ប្ដឹង អត់ខឹង ហើយជូនម្នាក់១ម៉ឺនដុល្លារទៀត។ អ្នកនាងបានបន្ថែមថា ខ្លួនស្បថអោយស្លាប់បើអ្នកនាង និងលោកឆឹម សក្កដា បានរួមរស់ជាមួយគ្នា ដោយបើអ្នកនាងនិយាយទូរស័ព្ទសូមអោយឆក់ស្លាប់ ឬបើអ្នកនាងចេញថតខាងក្រៅសូមអោយរន្ទះបាញ់ស្លាប់។ អ្នកនាងទទូចអោយបញ្ចប់ចំពោះការរិះគន់មិនពិតពីខ្លួន ដោយអ្នកនាងប្រកាសថាខ្លួនអត់ដែលមិនឆ្លងឆ្លើយនូវការសម្ភាសន៍នោះឡើយ៕
មតិយោបល់