ព័ត៌មានជាតិ

ដោះលែងម្ចាស់ហាង Baray SPA ឲ្យនៅក្រៅឃុំព្រោះមានមេធាវីធានា

ភ្នំពេញៈ លោក យិន ស្រាង អ្នកនាំពាក្យតុលាការខេត្តសៀមរាប បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា ពិតជាមានការដោះលែង ជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរម្ចាស់ហាង Baray SPA មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រាកដមែន។

លោក យិន ស្រាង បានបញ្ជាក់បន្ថែមថា មូលហេតុដែលតុលាការ ដោះលែងជនជាប់ចោទឱ្យរស់នៅក្រៅឃុំបណ្ដោះអាសន្ននោះព្រោះតែជនជាប់ចោទ មានទីលំនៅច្បាស់លាស់ និងមានមេធាវីធានា។

ពាក់ព័ន្ធករណីដោះលែងជនជាប់ចោទខាងលើ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram ថា ការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន មិនមានន័យថាបញ្ចប់សំណុំរឿងនោះទេ ហើយក៏មិនមានន័យថាជននេះរួចផុតពីបទចោទនោះឡើយ! សំណុំរឿងនៅបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា លោក អ៊ំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរម្ចាស់ហាង Baray SPA ពីបទ មនុស្សឃាតដោយអចេតនា ដោយឆក់ចរន្តអគ្គិសនី (ពេលរត់បាញ់ទឹកគ្នាលេង) លើជនរងគ្រោះឈ្មោះ លី មុនីរដ្ឋានី អាយុ១៨ឆ្នាំ កាលពីម៉ោងជាង១២ យប់រំលងអធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចហាង Baray SPA នៅតំបន់ឈររាំកម្សាន្ត ផាប់ស្ត្រីត (Pub Street) ក្នុងក្រុងសៀមរាប យោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ជនជាប់ចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល ដោយមិនទាន់គិតអំពីសំណងជំងឺចិត្តឲ្យដើមបណ្ដឹងរដ្ឋប្បវេណី៕

មតិយោបល់