ក្រោយបញ្ចប់ពិធីបុណ្យ៧ថ្ងៃរបស់ភរិយា លោករិន សាវ៉េត បានអះអាងថាលោកនឹងយកថវិកាដែលទទួលបានជំនួយគ្រប់ទិសទីសង់ចេតិយមួយអោយសមរម្យអោយភរិយារបស់លោកនៅស្រុករបស់អ្នកនាង ដើម្បីអោយវិញ្ញាណរបស់អ្នកនាងបានស្ងប់។ លោកថាចេតិយនោះអត់សង់នៅវត្តនោះទេ គឺ សង់នៅក្នុងដីក្បែរផ្ទះ ដើម្បីអោយវិញ្ញាណរបស់អ្នកនាងបានរស់នៅជួបជុំគ្រួសារ និងដើម្បីអោយលោក និងកូនប្រុសបានឡើងចុះទៅធ្វើបុណ្យអោយជាប្រចាំនៅឯទីនោះ។
លោករិន សាវ៉េត និយាយថាចេតិយដែលសម្រេចសាងសង់ មិនទាន់កំណត់ថាអស់ប៉ុន្មាននោះទេ តែលោកនឹងធ្វើអោយបានសមរម្យជាថ្នូរដែលភរិយារបស់លោកមិនបានរស់នៅផ្ទះមួយល្វែងដែលលោកស្រីប៊ុនរ៉ានី ហ៊ុនសែន បានទិញអោយជាកាដូ។ លោកថាបំណាច់ភរិយាមិនបានរស់នៅជុំគ្នា វិញ្ញាណរបស់អ្នកនាងក៏ត្រូវតែមានកន្លែងរស់នៅសមរម្យផងដែរ ទើបលោកសម្រេចមិនយកធាតុប្រពន្ធដាក់វត្តិ ឬដាក់នៅផ្ទះឯស្រុកកំណើតនោះទេ ប៉ុន្តែសម្រេចសង់អោយជាចេតិយដើម្បីអោយអ្នកនាងមានទីកន្លែងរស់នៅក្រោយពេលស្លាប់ទៅ។ លោកថាខ្លួនមិនយកប្រាក់ជំនួយសោយសុខនោះទេ ដោយលោកនឹងប្ដេជ្ញារកលុយមកបង្គ្រប់លើជំនួយដែលទទួលបាន ដើម្បីអោយចេតិយរបស់ភរិយារួចរាល់នោះផង។ លោកថាសំណង់ចេតិយនឹងត្រូវដំណើរការ បន្ទាប់ពីលោករៀបចំផ្ទះថ្មីបានចប់សព្វគ្រប់ ដែលធ្វើអោយលោកធូរខ្លួនបានបន្តិច។ លោកថាខ្លួនមិនទាន់ទទួលច្រៀងនៅឡើយទេ ដោយអាចរង់ចាំទាល់តែការចាត់ចែងរឿងកូនប្រុសចូលសាលា និងរឿងធ្វើចេតិយរបស់ភរិយារួចរាល់ ទើបលោកនឹងហក់ចូលសិល្បៈអោយស៊ប់ជាថ្មី។ អ៊ីចឹងហើយទើបការសម្រេចចិត្តរបស់លោកត្រូវមហាជនកោតសរសើរ ដោយសារតែលោកបើទោះជាបានមានបាន ដោយមានទាំងផ្ទះតម្លៃច្រើនម៉ឺនដុល្លារ ក៏នៅតែគិតគូរភរិយាដែលបានចែកឋានទៅហើយ៕
មតិយោបល់