ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិត សេដ្ឋា សល់ចំហាយខ្លាំងថ្ងៃឡើងផ្ទះ!

បើទោះជាលោកអ៉ិត សេដ្ឋា ពិធីករល្បីបានលាចាកលោកទៅហើយក៏ដោយ ក៏ការអាណិតស្រឡាញ់ចំពោះលោកគឺនៅតែមានក្នុងស្រទាប់មហាជន និងទឹកចិត្តតារាសិល្បៈ។ ម្នាក់ៗដែលបានទៅចូលរួមក្នុងពិធីឡើងផ្ទះកូនៗរបស់លោកកាលពីថ្ងៃទី២៣ តុលា សុទ្ធតែមើលឃើញថាពិធីឡើងផ្ទះថ្មីនាថ្ងៃនោះ នៅសល់ចំហាយប្រជាប្រិយភាពរបស់លោកខ្លាំង បើមិនដូច្នោះគឺមិនអាចមានភ្ញៀវជាសិល្បករ និងអ្នកធ្លាប់ស្រឡាញ់ចូលចិត្តលោកកាលនៅរស់ច្រើនកុះករទៅចូលរួមទាំងភ្លៀងរំខាននោះទេ។

តាំងពីល្ងាចថ្ងៃដែលផ្ទះរបស់លោក អ៉ិត សេដ្ឋា ដែលត្រូវបានមូលនិធិ CTN ទិញឲ្យកូនៗ និងម្ដាយរបស់លោក ធ្វើពិធីសម្ពោធគឺមានការរំខានដោយភ្លៀងយ៉ាងជោកជាំ ខណៈដែលតាមបណ្ដាផ្លូវមួយចំនួនក៏មានសភាពកកស្ទះ និងមានទឹកដក់ពិបាកធ្វើដំណើរផងដែរ។ ប៉ុន្តែពិធីនៅក្នុងថ្ងៃនោះ នៅតែមានអ្នកប្រឹងតស៊ូយកលុយទៅចងដៃដល់កន្លែង ដោយតារាសិល្បៈ និងអ្នកចូលរួមទាំងនោះនិយាយថាដោយសារតែការគោរពចំពោះវិញ្ញាណរបស់លោកអ៉ិត សេដ្ឋា ដែលបានទទួលមរណភាព។

ស្ទើរតែគ្រប់តារាសិល្បៈបានអះអាងថាពិធីឡើងផ្ទះនោះ ខ្លួនមិនទទួលបានទទួលលិខិតអញ្ជើញដោយផ្ទាល់ពីម្ចាស់ពិធីនោះទេ ប៉ុន្តែគឺមានតំណាងអ្នកនាង យុគ ចិន្តា អញ្ជើញតាមឆាត និងតាមទូរសព្ទ តែពួកខ្លួននៅតែមិនប្រកាន់ហើយខំស្កាត់មកចូលរួមទាំងភ្លៀង។

បើទោះជាក្នុងពិធីនោះមិនមានតារាសិល្បៈចូលរួមកុះករតាមការគ្រោងទុកដោយសារតែភ្លៀងមិនសូវប្រណី ប៉ុន្តែបណ្ដាតារាសិល្បៈ និងភ្ញៀវភាគច្រើននៅតែញាំងឲ្យពិធីមានភាពអធឹមអធ័ម។ អ៉ីចឹងហើយ ទើបម្នាក់ៗបានលាន់មាត់ថានេះ គឺដោយសារតែចំហាយលោកអ៉ិត សេដ្ឋា ដែលជាពិធីករមានឈ្មោះបោះសំឡេងនោះតែប៉ុណ្ណោះ បើតាមតែភ្លៀងគឺមិនដឹងថាពិធីទាំងមូលនឹងត្រូវស្ងប់ស្ងាត់ ហើយគ្មានអ្នកចូលរួមប៉ុណ្ណានោះទេ។ ប៉ុន្តែនោះក៏ដោយសារតែពិធីទាំងមូល មានការរត់មុខដោយអ្នកនាង យុគ ចិន្តា លោកតាវ៉ិចទ័រ និងគណគ្រប់គ្រងរបស់ទូរទស្សន៍ CTN នោះផងដែរ ទើបភ្ញៀវកិត្តិយស និងតារាភាគច្រើនដែលទទួលបានការអញ្ជើញតស៊ូបង្ហាញខ្លួន។

អ្នកនាង យុគ ចិន្តា បញ្ជាក់ថាផ្ទះកម្ពស់មួយជុងដែលបានទិញក្នុងបុរីមួយកន្លែងស្ថិតនៅម្ដុំឫស្សីកែវនោះ គឺជាលុយទទួលបានពីការកញ្ចប់មូលនិធី ដែលធ្លាប់ប្រកាសរកទាំងអស់ ដោយតម្លៃផ្ទះនោះគឺ ៩២,០០០ដុល្លារ ខណៈដែលក្រោយពីទិញផ្ទះហើយលោកអ៉ិត សេដ្ឋា ក៏នៅមានប្រាក់ដែលបានពីមូលនិធិនោះមួយចំនួនផ្សេងទៀតសម្រាប់បើកឲ្យម្ដាយ និងកូនៗរបស់លោកបន្ត។

យ៉ាងណាមិញអ្នកនាងមិនដឹងថាតើប្រាក់ដែលនៅសេសសល់ពីការទិញផ្ទះនោះ មានចំនួនប៉ុន្មាននោះទេ ដោយគ្រាន់តែអ្នកនាងដឹងថាគ្រួសាររបស់លោក អ៉ិត សេដ្ឋា ត្រូវការការចំណាយក្នុងមួយខែ៣៥០ដុល្លារ ដែលតម្រូវការនេះគឺកញ្ចប់មូលនិធីនឹងធ្វើការផ្ដល់ឲ្យគ្រួសាររបស់លោកជាប្រចាំ។ អ្នកនាងថាម្ដាយរបស់លោកក៏បានបើកលក់ចាប់ហួយ នៅក្នុងផ្ទះថ្មីនោះផងដែរ បើទោះជាការលក់ដូរគឺមិនសូវដាច់ខ្លាំង។ អ្នកនាងថាអ្នកនាង និងក្រុមការងារCTN គ្រាន់តែជួយចាត់ចែងពិធីឡើងផ្ទះ និងអញ្ជើញភ្ញៀវឲ្យតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ចំណូលចំណាយគឺគ្រួសាររបស់លោកអ៉ិត សេដ្ឋា ជាអ្នកចាត់ចែងដោយផ្ទាល់នោះទេ។

អ្នកនាងបានសម្រេចជ្រើសយកថ្ងៃទី២៣ តុលា ធ្វើជាថ្ងៃឡើងផ្ទះ ដោយសារតែក្នុងថ្ងៃនោះក៏ជាថ្ងៃខួបរបស់កូនប្រុសលោក អ៉ិត សេដ្ឋា ផងដែរ ទើបគេឃើញមានការកាន់នំខួបធ្វើការអបអរលាយឡំ៕

មតិយោបល់