ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈយុទ្ធ នៅតែបន្តសិល្បៈក្រោយរៀបការ

ខុសពីតារាភាគច្រើនដែលមានសំណាងបានភរិយាជាកូនអ្នកមានស្ដុកស្ដម្ភ ហើយបានប្រកាសថានឹងបោះបង់សិល្បៈដើម្បីងាកទៅធ្វើជំនួញ ឬធ្វើការក្នុងមុខតំណែងណាមួយក្រោមការផ្ចុងផ្ដើមរបស់គ្រួសារភរិយា សម្រាប់លោកឆាយ វិរៈយុទ្ធវិញបានប្រកាសថាលោកនឹងនៅតែបន្តការងារមួយនេះមិនដកដៃនោះទេ បើទោះជាភរិយា និងគ្រួសារឪពុកម្ដាយក្មេងហាក់អោយតម្លៃលើមុខជំនួញច្រើនជាង។

លោករៀបរាប់ក្នុងពិធីមង្គលនៅខេត្តកំពង់ចាមកាលពីថ្ងៃទី២១ ឧសភាថា លោកនៅតែមានចំណូលចិត្តសម្រាប់ការងារចម្រៀងដដែល ដោយលោកនឹងជំរុញការងារច្រៀងរាំនោះអោយកាន់តែទទួលជោគជ័យនោះផង។ យ៉ាងណាមិញ លោកថាការងារមុខជំនួញតាមលំនាំគ្រួសាររបស់ឪពុកម្ដាយក្មេកក៏នឹងងាកទៅចាប់ផងដែរ ដោយមិនពឹងតែលើការងារសិល្បៈដូចមុនទាំងស្រុងទេ។ លោកថាគ្រួសារភរិយាលោកគឺជាអ្នករកស៊ី ដូច្នេះវាច្បាស់ណស់ថា លោក និងភរិយា ក៏ពិតជាវាយលុកមុខជំនួញដូចគ្នា ដោយគ្រាន់តែការងារសិល្បៈក៏លោកមិនចោល។ លោកថាខ្លួនមានជីវិតល្អប្រសើរដោយសារតែចម្រៀង ហើយឱកាសបានស្គាល់ភរិយា ក៏ដោយសារតែសិល្បៈដែរ ទើបលោកមិនចោលសិល្បៈជាដាច់ខាតដរាបណាមហាជននៅតែគាំទ្រលោក។ លោកថាសិល្បៈគឺជាចំណូលចិត្ត តែមុខជំនួញក៏ជាកិច្ចការថ្មីដែលត្រូវរៀនសូត្រផងដែរ ទើបលោកយល់ថាការងាររបស់ខ្លួនបន្ទាប់ពីរៀបការហើយ គឺអាចបន្ថែម ដោយមិនមានការបោះបង់នោះទេ។ លោកនៅតែរក្សាជំហរពង្រឹងការងារផលិតចម្រៀងថ្មីៗ និងរៀបចំក្រុមរាំអោយបានល្អ ក្នុងគោលបំណងប្រកួតប្រជែង ដោយមិនដកដៃជាដាច់ខាតបើទោះក្រោយពេលរៀបការលោកអាចងាកទៅគិតរឿងជំនួញជាមួយភរិយាបន្ថែម។ លោកសរសើរថាភរិយា និងគ្រួសាររបស់ភរិយា មិនរើសអើងចំពោះលោកជាអ្នកសិល្បៈនោះទេ។ ក្នុងនោះដោយសារតែស្រឡាញ់លោកជាអ្នកចម្រៀងនោះហើយ ទើបមាននិស្ស័យរហូតដល់ភ្ជាប់សាច់ភ្ជាប់ឈាម ដែលនាំអោយលោកប្រកាសជំហរមិនដកថយសិល្បៈ ក្រោយពេលរៀបការ។

លោកឆាយ វិរៈយុទ្ធ បញ្ជាក់ថាមង្គលការរបស់លោកនៅខេត្តកំពង់ចាមមានភាពអធឺកអធម បើទោះជាលោកមិនបានអញ្ជើញតារាល្បីៗកុះករពីភ្នំពេញអោយទៅចូលរួម។ លោកថាភរិយាលោកជាកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវ និងជាម្ចាស់ដីធ្លីធំផង តែគ្រួសាររបស់អ្នកនាងស្រឡាញ់រាប់អានអ្នកសិល្បៈណាស់ ទើបលោកបានក្លាយជាសមាជិករបស់គ្រួសារមួយនេះ ដែលអ្នកណាៗក៏យល់ថាលោកសំណាង។គ្រួសារភរិយារបស់លោកត្រូវគេស្គាល់ថាជាអ្នកមានស្ដុកស្ដម្ភនៅខេត្តកំពង់ចាមដោយក្រៅពីជាថៅកែរោងម៉ាស៊ីនកិនស្រូវ ក៏ជាម្ចាស់ដីធ្លីយ៉ាងច្រើនហិកតា និងមានផ្ទះសំបែងចែកកូនគ្រប់រូបទាំងនៅភ្នំពេញ និងនៅកំពង់ចាមផងដែរ។ ម្នាក់ៗយល់ថាលោកឆាយ វិរៈយុទ្ធនឹងកាន់តែហ៊ឺហារក្រោយក្លាយជាស្វាមីរបស់គ្រួសារសំបូរទ្រព្យនេះ ប៉ុន្តែម្នាក់ៗក៏សរសើរផងដែរនៅពេលលោកប្រកាសថាមិនសម្រេចចិត្តបោះបង់សិល្បៈជាឆ្នាំងបាយរបស់ខ្លួន ក្រោយពេលបានភរិយាជាកូនអ្នកជំនួញទ្រព្យស្ដុកនៅកំពង់ចាម៕

មតិយោបល់