ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ ការបាញ់មីស៊ីលថ្មីរបស់ខ្លួន គឺដើម្បីធ្វើឲ្យប្រាដក មុននឹងដាក់ពង្រាយអង្គភាពយោធា សម្រាប់សកម្មភាពនេះ

កូរ៉េៈ​ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីល Ballistic ថ្មីរយៈចម្ងាយមធ្យម កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បាននិយាយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការធ្វើតេស្តបាញ់មីស៊ីលថ្មីនេះ ដោយវាស្រដៀងនឹង​មីស៊ីល Pukguksong-2 ដែល​ក្រុងព្យុងយ៉ាងធ្វើការ​​អភិវឌ្ឍន៍ដែរ។

របាយការណ៍នេះ បានឲ្យដឹងថា «ការបាញ់សាកល្បងនេះ ក្នុងគោលបំណងផ្ទៀងផ្ទាត់បច្ចេកទេសទាំងអស់ នៃប្រព័ន្ធអាវុធចុងក្រោយ និងដើម្បីធ្វើឲ្យហ្មត់ចត់ក្នុងការឆ្លើយតបទៅតាមលក្ខខណ្ឌសមរភូមិនានា មុននឹងខ្លួនដាក់ពង្រាយអង្គភាពយោធា សម្រាប់សកម្មភាពនេះ។

វាជាលើកទីពីរហើយ សម្រាប់ការធ្វើតេស្តបាញ់មីស៊ីលរបស់កូរ៉េខាងជើង ក្នុងរយៈពេលមួយសប្តាហ៍ ខណៈដែលសប្តាហ៍​មុននេះ ​ក្រុងព្យុងយ៉ាង ទើប​នឹងធ្វើឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ ដោយបាន​​​បាញ់​សាកល្បង​មីស៊ីលពិសេស​ ​ឈ្មោះ ​Hwasong-12 ជាមីស៊ីល​​រយៈ​ចំងាយ​មធ្យម។

គួរបញ្ជាក់ដែរថា មីស៊ីល​ដែលបានបាញ់កាលពី​​ថ្ងៃអាទិត្យ​នេះ​ ហោះ​បាន​ចំងាយ​៥០០ គីឡូម៉ែត្រ និង​កម្ពស់​៥៦០​គីឡូម៉ែត្រ៕

មតិយោបល់