ភ្នំពេញៈ មកទល់ពេលនេះ នៅតែមានបញ្ជាក់ថា តារាកំប្លែង និងចម្រៀងអាយ៉ៃ អ្នកស្រី សួន សំអឿន ហៅយាយអឿន នៅតែមិនទាន់ធូរស្រាលនៅឡើយទេ ក្រោយពីអ្នកស្រីត្រូវសត្វគោមួយក្បាលផ្អើល ហើយបោលមកបុក និងរត់ជាន់ពីលើកាលពីព្រឹកថ្ងៃទី១ កញ្ញា នោះ។ អ្នកស្រីត្រូវបានកូនប្រុសបញ្ជាក់ថា នឹងអាចត្រូវដាក់អុកស៊ីហ្សែន ដោយសារតែអ្នកស្រីនៅមានអាការៈថប់ដង្ហើមខ្លាំង។
លោក ជ័រ សុជាតិ កូនប្រុសយាយអឿន បានអះអាងថា អ្នកស្រីត្រូវគោរត់ជាន់ ក្នុងពេលចុះទៅមើលគេចាក់ដីមួយកន្លែងនៅម្ដុំកៀនស្វាយ ដោយសត្វគោនោះមិនត្រូវស្គាល់អត្តសញ្ញាណម្ចាស់ឡើយ។ លោកថា អ្នកស្រីក្រោយការសង្គ្រោះបន្ទាន់ មានសភាពអន់ចុកទ្រូងជាងមុន ប៉ុន្តែសម្រាប់សភាពថប់ដង្ហើម គឺនៅតែធ្ងន់ ទើបលោកនឹងជំរុញឲ្យដាក់អុកស៊ីហ្សែននៅក្នុងយប់នេះ ដើម្បីជួយសម្រួលអាការៈធ្ងន់ធ្ងររបស់អ្នកស្រី។
លោកថា អ្នកស្រីកំពុងតាមដាន ដោយពេទ្យជំនាញរបស់មន្ទីរពេទ្យបាយ័នក្បាលថ្នល់ ប៉ុន្តែចំពោះលទ្ធផលគឺនៅតែមិនទាន់ច្បាស់ ដោយសារតែកម្លាំងគោរត់ជាន់ និងបោលបុកធ្វើឲ្យអ្នកស្រីគ្រាំខ្លាំង៕
មតិយោបល់