ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀងប៊ូ ស៊ីណា ដាក់បញ្ចាំដីវះកាត់មហារីកសុដន់

ក្នុងឱកាសទទួលជំនួយ ពីតារាចម្រៀងលោក សន វិជ្ជបុត្រ និងសប្បុរសជនផ្សេងទៀត កាលពីល្ងាចថ្ងៃទី២៦ ឧសភា តារាចម្រៀងអ្នកនាងប៊ូ ស៊ីណា ដែលជំងឺមហារីកសដន់ធ្វើទុក្ខធ្ងន់ជាង២០ថ្ងៃមកហើយ បានអះអាងថា អ្នកនាងមិនមានថវិកាសម្រាប់ព្យាបាលខ្លួននោះឡើយ ទើបសម្រេចចិត្តដាក់បញ្ចាំប្លង់ដី ដើម្បីយកលុយទៅវះកាត់នៅពេទ្យសុរិន្ទប្រទេសថៃ។ អ្នកនាងនេះគឺជាជម្រើសចុងក្រោយសម្រាប់ជីវិត ខណៈដែលអ្នកនាងក៍ស្ថិតក្នុងការភ័យបារម្ភថា បើដាច់ដីដែលបានបញ្ចាំនោះ តើជំងឺបានជា ឬយ៉ាងណា។

លោកសន វិជ្ជបុត្រ និងតារាចម្រៀងអេណា មកពីផលិតកម្មM បានបង្ហាញអារម្មណ៍តក់ស្លុត ចំពោះការលើកឡើងរបស់អ្នកនាង និងបានប្រកាសអំពាវនាវសុំអោយសប្បុរសជនគ្រប់ទិសទី ចែករំលែកជួយដល់អ្នកនាង ដើម្បីជួយសង្គ្រោះដល់អ្នកនាង។ លោកថា ខ្លួន និង អេនណាបានរៃអង្គាសថវិកាបានជាង៤ពាន់ដុល្លារយកមកប្រគល់ជូន តែថវិកាទាំងនោះមិនគ្រប់សម្រាប់ អ្នកនាង ប៊ូ ស៊ីណា យកទៅវះកាត់នៅថៃនោះទេ។ លោកថាអ្នកនាង នឹងចេញទៅកាន់ប្រទេសថៃ នៅថ្ងៃ២៧ ឧសភា ឆ្នាំ២០១៧នេះ ដោយមានតែប្រាក់ជំនួយដែលផ្ដល់អោយដោយលោក សន វិជ្ជបុត្រ និង ថវិកាដែលបានពីការដាក់បញ្ចាំដីប៉ុណ្ណោះ។

អ្នកនាងប៊ូ ស៊ីណា វ័យ៣៩ឆ្នាំ និងជាអ្នកខេត្តកំពង់ចាម បានអះអាងថា អ្នកនាងបានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០៣មកម្ល៉េះ ប៉ុន្តែមកពីអ្នកនាងមិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេង ទើបអ្នកនាងមិនសល់ប្រាក់កាសណាស់ណា ក្នុងពេលជំងឺមហារីកត្រូវបានកើតឡើង។ អ្នកនាងថាកាលឆ្នាំ២០០០ អ្នកនាងបានចូលប្រលងចម្រៀងនៅប៉ុស្តីបាយ័ននៅក្រុងតាខ្មៅហើយជាប់ចំណាត់លេខ៥ទូទាំងប្រទេស។ ក្រោយមកនៅឆ្នាំ២០០៣ទើបសម្រេចចិត្តចូលច្រៀងតាមរយៈដើរច្រៀងក្នុងកម្មវិធីមង្គលការនានានិងតាមបៀហ្គាឌិនរង្គសាលមួយចំនួនដោយមិនបានឡើងប៉ុស្តី៍ទូរទស្សន៍ច្រើនដូចគេទេ។ អ្នកនាងថាជំងឺនេះផ្ដើមធ្វើទុក្ខធ្ងន់កាលពីជាង២០ថ្ងៃមុន ហើយអ្នកនាងក៍សម្រេចដាក់បញ្ចាំប្លង់ដីនៅខេត្តកំពង់ចាម១៥០០ដុល្លារ ដោយសុខចិត្តបង់ការប្រាក់មួយខែ១៥០ដុល្លារក្នុងមួយខែ ដើម្បីយកលុយព្យាបាល។ អ្នកនាងថាថវិកាដាក់បញ្ចាំនោះ នៅសល់តែប៉ុន្មានរយដុល្លារប៉ុណ្ណោះ ទើបអ្នកនាងយកថវិកាជំនួយរបស់លោក សន វិជ្ជបុត្រ និង កញ្ញា អេនណា ថាជាការផ្ដល់ជីវិត និងក្ដីសង្ឃឹមអោយខ្លួន មុនចេញទៅថៃ។

លោកសន វិជ្ជបុត្រ បានទទូចអោយមានការជួយសង្គ្រោះដល់អ្នកចម្រៀងរូបនេះ ដោយសារតែស្ថានភាពចំណាយលើការព្យាបាលរបស់អ្នកនាង គឺមានកម្រិតខ្ពស់។

មតិយោបល់