ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា អត់បានមួយសេន តែដាក់ម៉ាអស់ដៃ!…

វត្តមានបង្ហាញខ្លួនរបស់តារាល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញានៅផ្សារកុងតឺណឺកោះពេជ្រ កាលពីយប់ថ្ងៃទី៩ មិថុនា គេឃើញកញ្ញាច្រៀងរាំអស់ដៃតែម្ដង ដោយក្នុងយប់នោះនាងក៏ចេញមុខប្រម៉ូតសេវាកម្មរបស់ហាងដោយមិនសំចៃមាត់ផងដែរ បើទោះជាកញ្ញាប្រាប់ថាមិនបានទទួលតម្លៃខ្លួនជាថ្នូរនឹងការច្រៀងរាំ និងការប្រម៉ូតហាងឲ្យសូម្បីតែមួយដុល្លារ។

យ៉ាងណាមិញ នាងថានេះជាកម្មវិធីរបស់លោកលាន អាហ្វ្រីលគីនីន ដែលជារៀមច្បងក្នុងសិល្បៈ និងមានទំនាក់ទំនងគ្នាជិតស្និទ្ធិកន្លងមកប៉ុណ្ណោះ ទើបនាងសម្រេចចិត្តមកជួយច្រៀង និងជួយប្រម៉ូត ដោយសូម្បីតែខ្លួនបានទទួលការអញ្ជើញតែមួយថ្ងៃគត់មុនពិធីសម្ពោធហាង និងមិនទទួលបានកម្រៃ។ កញ្ញាថាសប្បាយចិត្តដែលឃើញតារាសិល្បៈរួមអាជីពជោគជ័យ ដោយនាងក៏បានប្រកាសថាចាប់អារម្មណ៍ចំពោះមុខរបរបែបនេះផងដែរ ប៉ុន្តែមកពីនាងមិនមានពេលគ្រប់គ្រាន់ក្នុងការគិតគូ ទើបមិនទាន់អើពើ។

ឱក សុគន្ធកញ្ញា បានបង្ហើរសំនៀងនៅក្នុងហាងនោះ២លើក ដោយលើកទី១ចំនួន៣បទ និងលើកទី១ចំនួន១បទ តែអ្វីដែលនាងផ្ដល់ឲ្យម្ចាស់ហាងយ៉ាងពិសេសគឺឈរអត្ថាធិប្បាយដើម្បីស្វាគមន៍ភ្ញៀវ និងចេញមុខឃោសនាប្រម៉ូតហាងស្ទើរមិនសល់មួយចំណុច ដែលសកម្មភាពនេះប្រសិនបើជួលឲ្យនាងចាត់ចែងវិញ គឺមិនក្រោមម៉ឺនដុល្លារនោះឡើយសម្រាប់ការឃោសនាអាជីវកម្មរបស់ថៅកែណាម្នាក់។

នាងថាសម្រាប់តារាសិល្បៈ ឲ្យតែគ្មានការប៉ះពាល់ដល់ផលិតផលស្ពតដែលនាងធ្វើជាតំណាងគឺនាងនឹងជួយឃោសនា ដោយមិនគិតរឿងលុយ ឬតម្លៃខ្លួននោះទេ។ កញ្ញាក៏ត្រូវគេឃើញនៅកំដរកម្មវិធីច្រើនម៉ោង ដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យភ្ញៀវកិត្តិយសផងដែរ ទើបវត្តមានបង្ហាញខ្លួនរបស់នាងមានអ្នកចាប់អារម្មណ៍ភាគច្រើន ជាពិសេសក្នុងពេលនាងឡើងបង្ហើរសំនៀង ដ្បិតថាឆាកដែលនាងច្រៀងរាំតូចចង្កៀត និងជាឆាកតន្ត្រីស្ថិតនៅទីតាំងមិនសូវទូលាយអំណោយផលសម្រាប់អ្នកគាំទ្ររបស់នាង។ វត្តមានរបស់នាងក្នុងពេលឡើងច្រៀង មានការស្វាគមន៍ពីអ្នកគាំទ្រលប់ជាងវត្តមានតារាល្បីៗផ្សេងទៀត ដែលបានបង្ហាញខ្លួននាយប់នោះ៕

https://youtu.be/mete-lbpzsY

មតិយោបល់