ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ ត្រូវការជាង១ម៉ឺនដុល្លារ វះកាត់បេះដូងប្រហោង

ទើបតែវះកាត់ជំងឺពោះវៀនដុះខ្នែង និងចេញពីពេទ្យថ្មីៗសោះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ត្រូវគេឃើញបង្ហាញមុខភ្លាមៗនៅក្នុងពិធីប្រកាសចេញថតរឿង«សំបុត្រចោលទុក្ខ»កាលពីល្ងាចថ្ងៃទី១៩ មិថុនា នៅផ្សារទំនើបអ៊ីអន ដើម្បីទទួលថតរឿង។ អ្នកនាងថាខ្លួនមិនអាចដេកអួលបានទេ ដោយសារតែនាងត្រូវការសន្សំលុយវះកាត់ជំងឺបេះដូងប្រហោងរហូតដល់ជាង១ម៉ឺនដុល្លារឯណោះ ដែលកំពុងធ្វើទុក្ខ។

តារាសម្ដែងដែលត្រូវគេស្គាល់ថាទើបតែបានលក់ផ្ទះមួយកន្លែងនៅភ្នំពេញព្រោះតែមើលជំងឺប្រចាំកាយរូបនេះ បន្តថាដោយសារតែនាងមានជំងឺបេះដូងប្រហោងតាំងពីពេលកើតមក ទើបជំងឺមួយនេះបណ្ដាលឲ្យនាងមានសភាពធ្វើទុក្ខរាល់ថ្ងៃ ជាពិសេសនៅពេលដែលនាងគិតច្រើន និងធ្វើការលើសកម្លាំង។ មុននេះបន្តិចបេះដូងរបស់នាងក៏មានសភាពដាច់រហែកសសៃប្រឺសមួយកន្លែងផងដែរ ដែលកាន់តែធ្វើឲ្យនាងភ័យបារម្ភប្រសិនបើនាងមិនមានលទ្ធភាពទៅធ្វើការវះកាត់ជំងឺមួយនេះបានឆាប់រហ័ស។

នាងថាក្រោយការឡើងចុះជាមួយព្យាបាលនៅក្នុងមន្ទីរពេទ្យថៃ វេជ្ជបណ្ឌិតបានទាមទារឲ្យនាងធ្វើការវះកាត់ដោយត្រូវការចំណាយរហូតដល់ជាង១ម៉ឺនដុល្លារ ដើម្បីតភ្ចាប់សរសៃប្រឺសដែលបានដាច់រហែក និងវះកាត់បិទផ្ចិតបេះដូងប្រហោងដែលមានពីកំណើត។ នាងថាខ្លួនមិនមានលុយច្រើនដល់ថ្នាក់នោះទេ ទើបតែចេះតែបណ្ដោយឲ្យជំងឺធ្វើទុក្ខរាល់ថ្ងៃ ក្រោយពីការឡើងចុះទៅព្យាបាលនៅក្នុងប្រទេសថៃកន្លងមកក៏លក់អស់ផ្ទះមួយកន្លែងតម្លៃជាង៣ម៉ឺនដុល្លារនៅភ្នំពេញ។ នាងប្រកាសទទួលការងារមិនឲ្យជ្រុះបាត់ការងារណាមួយទេក្នុងពេលរាងកាយនៅធ្វើបាន ដើម្បីសន្សំលុយឲ្យបាន១ម៉ឺនដុល្លារយកទៅវះកាត់បេះដូងប្រហោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថៃ។

យ៉ាងណាមិញ នាងថាតម្លៃដែលបានពីការសម្ដែងគឺមិនមិនដឹងពេលណាសន្សំបាន១ម៉ឺនដុល្លារនោះទេ ក្នុងពេលដែលនាងខ្លួនឯងក៏ត្រូវរ៉ាប់រងបន្ទុកគ្រួសារក្រោយពេលឪពុកស្លាប់ចោលដែរនោះ។ បើទោះជាក្នុងពេលនេះ នាងថាស្ថានភាពជំងឺពោះវៀនដុះខ្នែងនៅមិនទាន់បានធូរទាំងស្រុង តែនាងបានត្រឡប់ទទួលថតរឿង «អាគមស្បែកដាច» និងរឿង«ទឹកភ្នែកកក»ដែលនាងគ្រោងផ្អាកដើម្បីថែទាំសុខភាពទាំងអស់ ដើម្បីកុំឲ្យផលិតករកាត់ប្លង់នាងចោលហើយនាំឲ្យនាងខាតលុយ។ នាងថារាល់ថ្ងៃនាងមិនចង់គិតច្រើននោះទេ ប៉ុន្តែមកពីក្នុងគ្រួសារនាងត្រូវទទួលបន្ទុករ៉ាប់រងការចំណាយក្រោយពីបាត់ឪពុកនោះដែរ ទើបក្នុងពេលខ្លះនាងចង់ដួលសន្លប់នៅពេលបេះដូងធ្វើទុក្ខ។ នាងប្រកាសថ្លែងអំណរគុណចំពោះបណ្ដាផលិតករដែលផ្ដល់ឱកាសឲ្យនាងបានសម្ដែងជាហូរហែរ ដោយនាងបានចាត់ទុកថាការងារដែលបានផ្ដល់ឲ្យនោះបានជួយស្រោចស្រង់ជិវិត និងតម្រូវការរបស់នាងដែលមានជាប្រចាំ តាមរយៈជួយឲ្យនាងមានលុយអាចមើលជំងឺខ្លះមិនឲ្យរាលដាល៕

https://youtu.be/SY46Ct-GjZg

មតិយោបល់