ព័ត៌មានសិល្បៈ និងកម្សាន្ត

លេចមុខឃ្មឹបសម្ដែងរឿងផ្សេង មុនសម្ដែងឲ្យពែកមី

ខុសពីការគ្រោងទុកដែលគេរំពឹងថាអ្នកនាងរ៉េន សុធារី ហៅឃ្មឹប នឹងបានសម្ដែងក្នុងរឿងរបស់នាយពែកមីបើកឆាកមុនគេ ដោយសារតែលោកពែកមីបានប្រកាសថានឹងទទួលឲ្យនាងបានថតកុន ក្រោយពេលដួលសន្លប់ក្នុងសិល្បៈ តារាកំប្លែងរូបនេះបែរជាលេចមុខទទួលសម្ដែងក្នុងរឿងរបស់ផលិតករមួយផ្សេងយ៉ាងរំភើយខុសពីការគិតទុក។ អ្នកនាងថាក្រោយពីនាយពែកមីប្រកាសថាយកអ្នកនាងសម្ដែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ អ្នកនាងក៏ត្រូវផលិតកររឿង«សំបុត្រចោលទុក្ខ!» ទាក់ទងឲ្យសម្ដែង ហើយដោយរឿងមួយនេះរៀបរយចេញថតទៅហើយ ទើបធ្វើឲ្យនាងបើកឆាករឿងគេមុននាយពែកមីឲ្យសម្ដែង។

នាងឃ្មឹបនិយាយថា នៅទីបំផុតនាងបានរកឃើញភាពយន្តដែលបានផ្ដល់ឱកាសឲ្យនាងបានសម្ដែងមុនគេនោះហើយ ចាប់តាំងពីនាងត្រូវបាននាយកុយផ្ដល់ឱកាសឲ្យកំប្លែងដើម្បីពង្រីកទីផ្សារសិល្បៈជាថ្មីម្ដងទៀត។ នៅក្នុងរឿង«សំបុត្រចោលទុក្ខ»នោះនាងត្រូវគេសម្ដែងជាតួអ្នកបម្រើ ដោយនាងប្រាប់ថាថ្វីដ្បិតមិនមែនតួធំ ប៉ុន្តែក៏មានប្លង់ច្រើន។ នេះជារឿងបើកឆាក ដែលនាងបានទទួលមុនលោកពែកមីហៅសម្ដែង ក្នុងពេលដែលនាងគិតចង់សម្ដែងបែបនេះឲ្យបានកាន់តែច្រើនដើម្បីមុខមាត់ និងប្រឹងរកលុយ។

លោកពែកមីធ្លាប់បានបញ្ជាក់ថា លោកមិនទាន់រៀបរយរឿងថ្មីដែលគ្រោងចេញថតរួចទេ ប៉ុន្តែឲ្យតែដាក់ថ្ងៃថតគឺអ្នកនាងឃ្មឹប លោកនឹងយកមកថតជាតួសំខាន់មួយ ដើម្បីជួយនាងឲ្យទទួលបានចំណូល និងដើម្បីឲ្យនាងបានល្បីដូចដើមវិញផង។ លោកថាខ្លួនមិនឲ្យនាងឃ្មឹបត្រឡប់ចូលសិល្បៈដោយគ្មានទីពឹងនោះទេ ដោយលោកប្រកាសថាក្រុមកំប្លែងនាយកុយនាំគ្នាជួយបន្តិច ហើយក្រុមលោកជួយបន្តិច គឺអ្នកសិល្បៈពិតជាអាចជួយគ្នាបាន។ យ៉ាងណាមិញ លោកថានៅមិនទាន់ច្បាស់ភាពយន្តរបស់លោកដែលគ្រោងចេញថតមួយថ្មីនោះនឹងកំណត់ថតថ្ងៃណានោះទេ ដោយគ្រាន់តែច្បាស់លាស់ថាក្នុងចំណោមតួអង្គសំខាន់ៗបែបកំប្លុកកំប្លែងទាំងអស់ គឺមានម្នាក់នឹងទុកឲ្យនាងឃ្មឹប។

ផ្អែកតាមការប្រកាសឲ្យនាងដឹងនេះ គឺមានន័យថាតារាកំប្លែងឃ្មឹប ចាប់ផ្ដើមមានទីផ្សារគួរឲ្យកត់សម្គាល់ដោយសារតែខាងផលិតករគឺលោកពែកមី មិនទាន់ទម្លាក់រឿងឲ្យសម្ដែងផង ស្រាប់តែមានគេកក់នាងទុកឲ្យសម្ដែងបាត់ទៅហើយនៅក្នុងភាពយន្តជាង១០០ភាគរបស់MY TV ក្រោមចំណងជើងថា«សំបុត្រចោលទុក្ខ»ដែលគ្រោងដាក់ផ្សាយនៅដើមឆ្នាំ២០១៨ខាងមុខ៕

មតិយោបល់