ព័ត៌មានសិល្បៈ និងកម្សាន្ត

លី អ៊ីវ៉ាធីណា ត្រូវគេដៀលថាស្រឡាញ់ភេទដូចគ្នា ក្រោយមាក់ងាយតម្លៃផ្កាស្លា

ទើបតែរងព្រនុងរិះគន់លើការវាយប្រហារទៅលើទឹកដមសំឡេងរបស់តារាចម្រៀងសុខ ពិសី បណ្ដាលអោយតារាចម្រៀងសុខ ពិសី និងអ្នកគាំទ្រផ្ទុះកំហឹងមិនទាន់បាត់ធំក្លិនផង គេកត់សម្គាល់ថាតារាចម្រៀងប្រចាំផលិតកម្មថោន នាង លី អ៊ីវ៉ាធីណា ទទួលរងការរិះគន់មួយប្រាវធំទៀតហើយ បន្ទាប់ពីនាងជ្រុលមាត់និយាយថា«ផ្លាស្លាមិនមានតម្លៃសម្រាប់នាងសូម្បីតែបន្តិច»ហើយបែរជាបន្តធ្វើអោយរឿងមួយនោះវែងឆ្ងាយក្រោយការចុះផ្សាយជាសាធារណៈ។

អ្នករិះគន់កាន់តែបង្កើនការរិះគន់ចំពោះនាងខ្លាំងឡើង ក្រោយពេលដែលនាងមិនព្រមទទួលស្គាល់ថាអ្វីដែលនាងលើកឡើងគឺជាការប្រមាថដល់តម្លៃវប្បធម៌ ហើយបានប្រើសំណេរនៅលើហ្វេសប៊ុកវាយបកអ្នករិះគន់ ដែលធ្វើអោយនាងបាត់តម្លៃជាតារាល្បីម្នាក់ក្នុងផ្នត់គំនិតមហាជន។

ការរិះគន់ដែលបានធ្វើឡើង គឺឡើងកំដៅចង់កក្រើកបណ្ដាញហ្វេសប៊ុក ដោយសារតែអ្នកចែកចាយព័ត៌មានដែលសរសេរថានាងរិះគន់តម្លៃផ្លាស្លា មិនត្រឹមតែមិនពេញចិត្តចំពោះពាក្យសម្ដីរបស់នាងប៉ុណ្ណោះទេ តែក៏មានការវាយប្រហារថានាងគឺជាតារាមិនស្គាល់តម្លៃវប្បធម៌ខ្លួនឯង មិនអោយតម្លៃខ្លួនឯងជាស្រ្តីម្នាក់ និងខ្លះបានប្រើពាក្យថានាងជានារីស្រលាញ់ភេទដូចគ្នាហើយគ្មានគម្រោងទទួលផ្កាស្លាជាដើម ទើបបណ្ដាលអោយនាងហ៊ានបោះសំដីថា«ផ្លាស្លាមិនមានតម្លៃសម្រាប់នាងសូម្បីតែបន្តិច»នោះឡើង។ បើទោះជានាងបានអះអាងនោះនោះសម្ដីនិយាយជ្រុល និងគ្រាន់តែនិយាយលេង តែគេកត់សម្គាល់ថានេះជាពាក្យសម្ដីមួយដែល តារាល្បីឈ្មោះ និងជាមនុស្សសាធារណៈដូចនាង មិនគួរបញ្ចេញមកជាសាធារណៈក្នុងពេលដែលនាងត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍នូវគ្រប់សកម្មភាព និងពាក្យសម្ដី។

មហាជនជាច្រើនបានទាមទារអោយនាងធ្វើការសុំទោសចំពោះពាក្យសម្ដីជ្រុលជ្រួលរបស់នាង និងថាបើនាងនៅតែបន្តមិនទទួលស្គាល់ចំពោះអ្វីដែលនាងសាងកំហុសដូចអ្វីដែលគេបានចែកចាយទៀតនោះ គឺប្រជាប្រិយភាពរបស់នាងនឹងអាចប៉ះពាល់។

លី អ៊ីវ៉ាធីណា នៅតែខឹងសម្បារចំពោះការរិះគន់ និងការរំលេចនូវអ្វីដែលនាងនិយាយជ្រុលមកធ្វើជាបញ្ហាចោទ ប៉ុន្តែមិនមានទាន់មានការបញ្ចេញនូវវិដេអូឃ្លីបសុំទោសណាមួយក្រោយការវាយសំពងដោយសំឡេងរិះគន់ពីអ្នកអភិរក្សប្រពៃណី និងពីមហាជនដែលខកចិត្តចំពោះពាក្យសម្ដីរបស់នាងនៅឡើយទេ៕

មតិយោបល់