ក្រុមហ៊ុនបម្រើសេវាបង្ហោះវែបសាយមួយនៅកូរ៉េខាងត្បូងឈ្មោះ Nayana ត្រូវបានក្រុម Hackers ប្រើប្រាស់ប្រភេទមេរោគ Ransomware វាយប្រហារលើបណ្ដាញ Linux ដើម្បីធ្វើការចាក់សោរទៅលើវែបសាយដែលកាន់កាប់ដោយក្រុមហ៊ុននេះសរុបជាង ៣,៤០០ កាលពីថ្ងៃទី ១០ ក្នុងខែនេះ។
យោងតាមសម្ដី លោកនាយកប្រតិបត្តិក្រុមហ៊ុន Nayana បានឲ្យដឹងថា ដំបូងឡើយក្រុម Hackers បានទាមទារទឹកប្រាក់ចំនួន ៤.៤ លានដុល្លារសហរដ្ឋអារិក ប៉ុន្តែក្រោយការចរចារគ្នារួច ក៏មានការបន្ធូរបន្ធយទឹកប្រាក់មកត្រឹម ១ លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនឲ្យពួកគេតាមរយៈសេវាផ្ទេរប្រាក់អនឡាញគិតជា Bitcoin ចំនួន ៣៩៧ កាក់។
ក្រុមអ្នកជំនាញផ្នែកប្រព័ន្ធសុវត្ថិភាព បានធ្វើការព្រមានទៅដល់ក្រុមហ៊ុន Nayana ថា មិនគួរបង់ថ្លៃជម្រិត ឬមានការចរចារជាមួយនិងពួកចោរបច្ចេកវិទ្យាទាំងនោះឡើយ។ រីឯ នាយកគ្រឹះស្ថានវិទ្យាសាស្រ្តនៃប្រព័ន្ធសវត្ថិភាពលើបណ្ដាញអ៊ិនធើណែត លោកស្រី Angela Sasse បានថ្លែងថា គាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ចំពោះករណីនេះ ទាំងចំនួនទឹកប្រាក់ និងការប្រកាសជាសាធារណៈបែបនេះ ដោយសារតែមានក្រុមហ៊ុនផ្សេងៗជាច្រើន តែងតែបង់ថ្លៃជម្រិត មិនឲ្យលេចឮជាសាធារណៈបែបនេះទេ។
គួរបញ្ជាក់ថា ក្រុមចោរបច្ចេកវិទ្យា ដែលត្រូវបានគេស្គាល់ឈ្មោះថា WannaCry Ransomware នេះ ធ្លាប់បានវាយប្រហារលើបណ្ដាញកុំព្យូទ័រជាង ២០០,០០០ គ្រឿង ក្នុងប្រទេសចំនួន ១៥០ នៅលើពិភពលោក និងប្រមូលបានទឹកប្រាក់សរុបចំនួនត្រឹមតែ ១២៧,១៤២ ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលទឹកប្រាក់ទាំងនោះត្រូវបានបញ្ជូនតាមសេវាផ្ទេរប្រាក់ Bitcoins៕
មតិយោបល់