ព័ត៌មានសិល្បៈ និងកម្សាន្ត

ខៃ ប្រសិទ្ធិ លេចមុខថត MV នៅកម្ពុជា គួរអោយភ្ញាក់ផ្អើល

តារាសិល្ប:មួយក្រុមតូចបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងវត្តមានរបស់តារាសម្ដែងល្បីឈ្មោះជើងចាស់ លោក ខៃ ប្រសិទ្ធិ ដែលបានធ្វើដំណើរតាំងពីអូស្រ្តាលីមកថត MV មួយនៅកម្ពុជា។ តាំងពីព្រឹកថ្ងៃទី២៥ មិថុនានេះ លោកត្រូវគេឃើញបង្ហាញខ្លួនថត នៅបុរីមួយកន្លែងនៅម្ដុំច្បារអំពៅ ដែលធ្វើឲ្យតារាដែលបានវាក់អើលោក ដោយផ្ទាល់សុទ្ធតែមានការស្រឡាំងកាំង ដោយសារតែលោកត្រូវគេដឹងថា បានបាត់មុខពីកម្ពុជា ទៅរស់នៅប្រទេសអូស្រ្តាលី និងបោះបង់គំនិតចង់ថតកុនយូរមកហើយ បែរជាបង្ហាញខ្លួនយ៉ាងគ្រឡឺមមកថត MV ថ្មីរបស់លោកសាវិន ហ្វីលីព ក្រោមចំណងជើងថា«ឪពុកអ្នកក្រ»ច្រៀងដោយតារាចម្រៀងសុវត្ថិ ឌីធារីកា ដែលនឹងចេញបង្ហោះក្នុងពេលឆាប់ៗ។

លោកព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ថា ជាចៅរបស់តារាជើងចាស់ឈុំ អាឈុន និងត្រូវបានលោកសាវិន ហ្វីលីព ជ្រើសឲ្យសម្ដែងជាតួអង្គម្នាក់នៅក្នុងបទនេះ បានអះអាងថា លោកខៃ ប្រសិទ្ធិ បានយល់ព្រមមកថតបទ «ឪពុកអ្នកក្រ» ដែលជារឿងពិតរបស់លោកសាវិន ហ្វីលីព តាមការស្នើសុំរបស់លោកសាវិន ហ្វីលីព តែលោកមិនបានដឹងថា ក្រោយពីបង្ហាញខ្លួនទទួលថត MV យ៉ាងកម្រនៅកម្ពុជានេះទៅ តើលោកនឹងបន្តទទួលថតកុនដូចគ្នានឹងអម្ពរ ទេវី និងតារាជើងចាស់ផ្សេងទៀត ឬយ៉ាងណានោះទេ។

លោកថាលោកខៃ ប្រសិទ្ធិ ត្រូវបានលោកសាវិន ហ្វីលីព ឲ្យសម្ដែងជាតួឪពុកអ្នកក្រ ហើយបើទោះជាក្នុងពេលសម្ដែងនោះមានការរំខានដោយដំណក់ទឹកភ្លៀងខ្លះៗក៏លោកនៅតែសម្ដែងបានល្អ ព្រមទាំងមានពាក្យសម្ដីរួសរាយមិនឆ្មើងឆ្មៃដាក់តារាជំនាន់ក្រោយគួរឲ្យសរសើរ។ លោកថាសប្បាយចិត្ត ហើយក៏ភ្ញាក់ផ្អើលណាស់ដែរនៅពេលដែលបានមកដល់កន្លែងថតហើយក៏ឃើញវត្តមានរបស់លោកខៃ ប្រសិទ្ធិ មកដល់ទីតាំងនោះដែរ។

កញ្ញា ឃីម ចរិយា ពិធីការិនី PNN ដែលមានសំណាងបានសម្ដែងក្នុងMV នេះដែរបានអះអាងថា លោកខៃ ប្រសិទ្ធី ប្រាប់នាងថាលោកមានដំណើរទៅមើលសាច់ញាតិមានជំងឺឈឺនៅក្នុងប្រទេសថៃ ហើយដោយលោកសាវិន ហ្វីលីព ស្នើឲ្យចុះមកជួយថតក្នុងបទនោះផងទើបលោកចុះមកពីថៃមកថតឲ្យយ៉ាងភ្ញាក់ផ្អើល។ នាងថាលោកមកដល់ប្រទេសថៃ២បីថ្ងៃហើយ ប៉ុន្តែមិនបានដឹងថានឹងបន្តនៅកម្ពុជាមួយរយ: ឬឡើងទៅថៃវិញទេ ក្រោយពីថតចប់MV នេះ ដោយសារតែលោកនៅជាប់រវល់ថតហើយមិនហ៊ានសួរនាំស៊ីជម្រៅ។

នាងថាតារាៗទាំងអស់ដែលបានថតMV ក្នុងបទ«ឪពុកអ្នកក្រ»!សុទ្ធតែសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលដែលលោកខៃ ប្រសិទ្ធិ សុខចិត្តទទួលសម្ដែងក្នុងបទ«ឪពុកអ្នកក្រ»ឲ្យលោកសាវិន ហ្វីលីព ដោយលោកអះអាងថា នៅស្រឡាញ់សិល្ប: និងមានការរាប់អាន។

ផ្អែកតាមវត្តមានរបស់លោកខៃ ប្រសិទ្ធិ ត្រូវគេកត់សម្គាល់ថាMV បទថ្មីដែលនិពន្ធដោយលោកសាវិន ហ្វីលីព ពិតជាផ្ទុះជាក់ជាមិនខានដោយសារតែលោកខៃ ប្រសិទ្ធិ មិនត្រូវបានគេដឹងថាចង់សម្ដែងទៀតទេ ប៉ុន្តែលោកអាចអន្ទងឲ្យលោកមកថតកុនឲ្យបាន៕

មតិយោបល់