ព័ត៌មានសិល្បៈ និងកម្សាន្ត

បេក្ខភាពកម្ពុជា ប្រាប់មូលហេតុបានតំណែង ក្រោយបុរសឯកលេខ១ ត្រូវប្រកាសដកមកុដ

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតំណាងរបស់ប្រទេសកម្ពុជា គឺ លោក ពឹង ច័ន្ទបរមី ហៅ ពុទ្ធិស័ក្ដិ បានក្លាយជាម្ចាស់មកុដ ក្រោយពេលមានការប្រកាស ដកមកុដពីបុរសឯកលេខ១ ជនជាតិស៊ូដង់ កាលពីពេលថ្មីៗ។ លោកបញ្ជាក់ពី មូលហេតុជាច្រើន ដែលលោកគ្រាន់តែជាប់តំណាត់ថ្នាក់លេខ៣សោះ តែពេលបុរសឯកមានបញ្ហា បែរជាបានទទួលមកុដ។

លោក ពឹង ច័ន្ទបរមី បានថ្លែងប្រាប់ក្រោយចុះពីលើយន្តហោះ កាលពីយប់ថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩ ថា ក្រោយពេលបុរសឯកជនជាតិស៊ូដង់ ត្រូវបានដកតំណែង បេក្ខភាពរងចំណាត់ថ្នាក់ លេខ២ ជាជនជាតិថៃ មិនត្រូវបានគេកំណត់ អោយទទួលមកុដជំនួសនោះទេ ដោយគេតម្រូវអោយមានការបោះឆ្នោតរវាងលេខ២ និងលេខ៣ នៅក្នុងប្រទេសហ្វីលីពីន។ ជាលទ្ធផលលោកថា លោកត្រូវបានគណកម្មការ ការប្រកួត និងជនជាតិហ្វីលីពីន ទាំងមូលបោះឆ្នោតអោយ ទើបលោកទទួលបានមកុដបន្តពីជនជាតិស៊ូដង់ ដោយខាងអ្នករៀបចំការប្រកួត បានប្រគល់អោយកាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៩ នៅក្នុងប្រទេសហ្វីលីពីន។

តាមរយៈការទទួលមកុដនោះ លោកត្រូវបានគណកម្មការប្រគល់ សាច់ប្រាក់ប្រមាណ២ពាន់ដុល្លារ ព្រមជាមួយលក្ខខណ្ឌការងារក្រៅប្រទេសមួយចំនួន ក្នុងរយៈពេល៦ខែ។ ក្នុងនោះក៏តម្រូវមិនអោយលោកចេញប្រកួតក្នុងកម្មវិធីណាមួយ នៅក្នុងអំឡុងពេលកុងត្រាផងដែរ ដើម្បីកុំអោយប្រឈមនឹងការដកតំណែង ដូចជនជាតិស៊ូដង់។ លោកថា សប្បាយចិត្ត ដែលលោកបានតំណាង អោយប្រទេសកម្ពុជា ហើយទទួលបានកិត្តិយសមួយនេះ លើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្រោយការប្រកួតជ្រើសរើសបុរសឯក Mister United Continent 2018 ការប្រកួតមួយនេះ មិនទាន់មានការប្រកួតប្រចាំឆ្នាំ២០១៩នៅឡើយទេ ដោយគ្រោងនឹងធ្វើការប្រកួតប្រចាំឆ្នាំ២០២០តែម្ដង នៅខែកុម្ភៈ នាដើមឆ្នាំខាងមុខ៕

មតិយោបល់