ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃីម ចរិយា សម្ដែងMVម្ដងប៉ះ ខៃ ប្រសិទ្ធិ យ៉ាងកាលីព

មិនមែនជារឿងចៃដន្យនោះទេ ដែលពិធីការិនិល្បីឈ្មោះរបស់PNN នាងឃីម ចរិយា ដែលត្រូវគេដឹងថាមិនសូវមានចំណូលចិត្តទទួលសម្ដែងទាល់តែសោះ ត្រូវបានគេជ្រើសឲ្យសម្ដែងក្នុងMVបទ«ឪពុកអ្នកក្រ»ដែលនិពន្ធឡើងដោយលោកសាវិន ហ្វីលីព ដោយត្រូវគេឲ្យសម្ដែងជាតួភរិយារបស់លោកខៃ ប្រសិទ្ធិ។ មានការបញ្ជាក់ថានោះគឺជាចេតនារបស់ផលិតករ ដែលចង់ផ្ដល់ឱកាសឲ្យនាង បន្ទាប់ពីនាងក៏ជាពិធីការិនីដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង តែមិនសូវចង់សម្ដែងណាមួយដូចតារាភាគច្រើន។

លោកសាវិន ហ្វីលីពបានអះអាងថា ក្រោយពីបានស្នើសុំឲ្យលោក ខៃ ប្រសិទ្ធិ ឲ្យមកថតជាតួឪពុកអ្នកក្រ ក្នុងបទចម្រៀងរបស់ខ្លួនបាន លោកក៏សម្លឹងឃើញកញ្ញាឃីម ចរិយា ភ្លាម ដោយសារតែនាងគឺជាសមាជិករបស់គ្រួសារតារាកម្ពុជាដែលលោកចង់យកមកលើកស្ទួយ និងជាពិធីការិនីដែលកម្រនឹងមានការសម្ដែងផង។ លោកថាខ្លួនចង់រំលេចតារាណាម្នាក់ដែលមិនសូវមានការសម្ដែងញឹកញាប់ ទើបលោកសម្រេចជ្រើសយកពិធីការិនីរូបនេះ ដោយឲ្យនាងសម្ដែងជាតួភរិយារបស់លោកខៃ ប្រសិទ្ធិ ដោយនាងត្រូវលេងចរិតជាភរិយាក្បត់ផិត ចោលប្ដី ចោលកូន ដោយសារតែស្វាមីក្រីក្រ។ លោកថាចាត់ទុកជំនួបប៉ះគ្នារវាងលោកខៃ ប្រសិទ្ធិ និងកញ្ញា ឃីម ចរិយា គឺជាអ្វីដែលជួយឲ្យMV បទចម្រៀងរបស់លោកទទួលបានការចាប់អារម្មណ៍ ដោយសារតែម្នាក់គឺជាតារាជើងចាស់ដែលមិនមានអ្នកនឹកស្មានថាលោកនឹងផ្ដល់ឱកាសមកថតបទចម្រៀងឲ្យលោក ហើយម្នាក់ទៀតគឺជាពិធីការិនីដែលអាចនិយាយបានថាមិនមានសកម្មភាពសម្ដែងក្នុងឈុតខារ៉ាអូខេ ដែលពិតជាធ្វើឲ្យអ្នកគាំទ្រនាងប្លែកអារម្មណ៍។ លោកថាបទចម្រៀង«ឪពុកអ្នកក្រ»មិនមែនជារឿងពិតរបស់លោកនោះទេ តែជារឿងពិតរបស់មិត្តភក្តិរបស់លោកម្នាក់ ហើយដោយសារតែសាច់រឿងនោះមានភាពទាក់ទាញ ទើបលោកសម្រេចបោះទុនយ៉ាងច្រើនផលិតជាបទចម្រៀង និងMV ដោយបានទាំងអញ្ជើញលោកខៃ ប្រសិទ្ធិ ឲ្យមកសម្ដែងឲ្យផង។

កញ្ញាឃីម ចរិយា បានបង្ហាញអារម្មណ៍សប្បាយចិត្តចង់ហោះនៅពេលមកដល់កន្លែងថតហើយបានសម្ដែងជាមួយតារាជើងចាស់គឺលោកខៃ ប្រសិទ្ធិដែលនាងចាត់ទុកថាសឹងជាការយល់សប្តិ។ នាងលោកជាតារារៀមច្បងដែលនាងធ្លាប់តែគាំទ្រប៉ុណ្ណោះ ទើបការបានសម្ដែងជាតួភរិយារបស់លោកក្នុងបទចម្រៀងដែលនាងទើបតែទទួលថតនេះ គឺជាអ្វីដែលជួយឲ្យនាងលេចធ្លោតែម្ដងក្នុងការសម្ដែងMV។ នាងថានាងកម្រទទួលការសម្ដែងខ្លាំងណាស់ ដោយសារតែយល់ថាខ្លួនឯងនៅមានចំណុចខ្វះខាត ប៉ុន្តែពេលបានសម្ដែងជាមួយលោកខៃ ប្រសិទ្ធិ នាងមិនមានអ្វីពិបាកណាស់ណានោះទេ ដោយសារតែបានលោកខៃ ប្រសិទ្ធិ និង លោកសាវិន ហ្វីលីព ពន្យល់ណែនាំពីប្លង់សម្ដែងម៉ត់ចត់។ នាងបានសម្ដែងមួយបទនេះ ដូចបានសម្ដែងច្រើនបទដូច្នេះដែរ ដោយសារតែខ្លះគេសម្ដែងច្រើនបទទើបមានការទទួលស្គាល់ ប៉ុន្តែសម្រាប់នាងគឺមានការកោតសរសើរតែម្ដង ក្រោយពីបានសម្ដែងជាមួយតារាក្នុងបេះដូង គឺលោកខៃ ប្រសិទ្ធិ៕

មតិយោបល់