ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ានីឡា ស្នើឲ្យឈប់ដៀលថានាងជាស្រីស្រឡាញ់លុយ!

ក្រោយពីបានបើកកកាយជាថ្មីជុំវិញរឿងរ៉ាវអតីតសង្សារវាយដុំ ជេរប្រមាថ និងបង្ហោះរូបជាសាធារណ: តែនៅតែមិនត្រូវតុលាការធ្វើឲ្យលេចចេញលទ្ធផលនូវបណ្ដឹងដែលបានប្ដឹងមួយឆ្នាំមកហើយ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ យ៉ាងណាមិញ ទន្ទឹមនឹងការអាណិតអាសូរ នាងក៏ត្រូវមនុស្សមួយក្ដាប់តូច តិះដៀលថាដោយសារតែនាងជាស្រឡាញ់ប្រាក់ និងចង់ស្វាមីជាកូនអ្នកមានអំណាចនោះដែរ ទើបបានជាជួបរឿងអាស្រូវបែបហ្នឹង។

ពាក់ព័ន្ធនឹងបញ្ហានេះ នាងទទូចឲ្យឈប់តិះដៀលពីករណីនោះ ដោយនាងបានពន្យល់ហេតុផលជាច្រើនដែលនាំឲ្យលោកកើតមានស្នេហាជាមួយអតីតសង្សារមុនពេលមានរឿង។

វ៉ានីឡាបញ្ជាក់ថា ក្នុងពេលលោកគុយ សិទ្ធិស័ក្ដ កូនលោកផ្កាយ៣នៅក្រសួងមហាផ្ទៃ ទាក់ទងនាងជាសង្សារ នាងមិនបានគិតថាបុរសម្នាក់នោះជាកូនអ្នកណា និងមានលុយមានកាក់នោះទេដោយសារតែពេលស្គាល់គ្នាគេក៏មិនមែនជា បុរសហ៊ឺហារ និងចូលចិត្តជះលុយ។ ហេតុផលដែលនាងស្រឡាញ់គឺដោយសារតែពេលស្គាល់គ្នាលោកជាមនុស្សពូកែយកចិត្តទុក ចេះលាក់ចរិត ហើយសំខាន់គឺបានសុំនាងរៀបការម្ដងជាពីរដង ទើបនាងបាក់ចិត្តដល់ម្លឹង។ នាងថាលោក គុយ សិទ្ធិស័ក្ដ ជាមនុស្សមានការការងារច្បាស់លាស់ និងចេះពាក្យសម្ដីផ្អែមល្ហែម គោរពនូវចាស់ទុំផង ដោយមិនដឹងថាក្រោយពេលស្គាល់គ្នា លោកក៏ប្រែចរិត១០០ដឺក្រេ ដោយក្រៅពីហ៊ានជេរប្រទិចដាក់នាង ក៏ប្រើអំពើហិង្សាជាប្រចាំ ដោយបានទាំងគំរាមមិនឲ្យនាងបែកនោះទេ។ នាងថាបើនាងចង់បានលុយកាក់របស់អតីតសង្សារ គឺនាងគ្រាន់តែបន្តអត់ធ្មត់ នោះនឹងបានរៀបការចូលក្នុងត្រកូលផ្កាយ៣នោះហើយ ប៉ុន្តែមកពីនាងសុំបែក ទើបបណ្ដាលឲ្យមានអំពើហិង្សារធំដុំលើកក្រោយ និងឈានដល់ការបង្ហោះរូបអាក្រាតរបស់នាង ដើម្បីគំរាមកំហែងនាង។

នាងទទូចឲ្យអ្នកយល់ថានាងជានារីស្រឡាញ់លុយ មេត្តាកុំបន្តចោទនាងបែបនោះ ដោយសារតែភាពជាក់ស្ដែងគឺក្នុងពេលស្រឡាញ់មនុស្សម្នាក់ គឺនារីម្នាក់ៗមិនបានដឹងថាបុរសដែលខ្លួនឯងស្រឡាញ់នោះ ជាមនុស្សឃោឃៅ និងព្រៃផ្សៃដូចអ្វីដែលនាងបានជួបនោះទេ។ នាងថាបើចរិតរបស់អតីតសង្សារដូចអ្វីដែលនាងបានឃើញ ឬបានឮគេប្រាប់ឲ្យដឹងខ្លះ ក៏ប្រហែលចំណងស្នេហ៍មួយមិនអាចកើតឡើងនោះដែរ ប៉ុន្តែមកពីពេលស្គាល់ និងក្រោយស្គាល់ខុសគ្នាមេឃ និងដី ទើបធ្វើឲ្យនាងក្លាយជានារីរងគ្រោះ។ អ៊ីចឹងហើយទើបក្រោយឆ្លងកាត់ស្នេហាដែលនាងចាត់ទុកថាមើលខុសទាំងស្រស់នេះ ហាក់ធ្វើឲ្យនាងរាងចាលនឹងការពិចារណាបុរសថ្មីមកជំនួស បើទោះជាក្នុងពេលនេះនាងថាមិនខ្វះអ្នកចង់ស្អំបេះដូងឲ្យនាង៕

មតិយោបល់