ព័ត៌មានសិល្បៈ និងកម្សាន្ត

សោភា ទេពី ប្រកាសដើរតាមលំនាំ នី មុន្នីនាថ

គ្មានអ្នកណាមិនដឹងនោះទេតារាចម្រៀងយុវវ័យនាង សោភា ទេពី ដែលមានឈ្មោះកំណើតថា ញឹម សួនសោភាទេពី គឺជាតារាវ័យក្មេងដែលមានគ្រឹះជាអ្នករបាំបុរាណម្នាក់ផង។ លើឆាកតន្ត្រី នាងត្រូវគេកត់សម្គាល់ថាជាតារាមួយរូបដែលមានសមត្ថភាពបន់បែនយ៉ាងខ្លាំងដោយសារតែក្រៅចេះរាំរបាំបុរាណបានយ៉ាងល្វតល្វន ក៏អាចរាំរែកបទបែបយុវវ័យបានយ៉ាងរស់រវើកមិនខុសគ្នា។ អ្វីដែលគេប្រដូចនាង ថាជាគ្រាប់ពេជ្រពិបាករកទៅទៀតនោះ គឺនាងក្រៅពីជំនាញរបាំបុរាណ និងច្រៀងបទសម័យបានយ៉ាងរំពើនហើយ គឺនាងថែមទាំងអាចច្រៀងបទប្រពៃណីបានពិរោះមិនចាញ់តារារៀមច្បងចាស់ៗទៅទៀត ក្នុងពេលដែលនាងប្រកាសថាខ្លួននឹងឈោងចាប់អាជីពសម្ដែងមួយទៀតក្នុងពេលខាងមុខតាមលំនាំតារាសម្ដែង នី មុន្នីនាថ ដែលនាងចាត់ទុកជា Idol ។

សោភា ទេពី និយាយថាថ្វីដ្បិតថានាងបានក្លាយជាតារាចម្រៀងបែបសម័យ និងក្លាស៊ិក ក្រោយពីបានប្រលងចម្រៀងជាប់នៅប៉ុស្ដិ៍លេខ៥ តែនាងនៅតែមិនភ្លេចទម្រង់បុរាណ ទើបនាងនៅតែបន្តសិក្សាផ្នែករបាំបុរាណ និងហាត់ច្រៀងប្រពៃណីនៅសាលាមធ្យមវិចិត្រសិល្ប: ក្នុងពេលការងារលើឆាកកាន់តែមមាញឹក។ ជារៀងរាល់ថ្ងៃនាងថាខ្លួនមានការងារទទួលអាហ្វែច្រៀងរាំលើឆាកទូរទស្សន៍ និងក្រៅឆាកទូរទស្សន៍មិនសូវលោះពេលនោះទេ ប៉ុន្តែនាងនៅតែឆ្លៀតឱកាសបង្ហាញទម្រង់បុរាណ ដែលជាចំណូលចិត្តពិតប្រាកដរបស់ខ្លួន។ តារាចម្រៀងវ័យ១៦ឆ្នាំរូបនេះ បានអះអាងថានាងសប្បាយចិត្តដែលនាងគឺជានាដ្យការីរបាំបុរាណ តែបានបោះជំហានក្លាយជាតារាចម្រៀងយុវវ័យដែលមានទីផ្សារច្រើនឡើង ដែលអាចឲ្យនាងមានឱកាសបានបង្ហាញទម្រង់បុរាណរបស់ខ្លួននៅពេលមានការទាក់ទងឲ្យនាងឡើងឆាកម្ដងម្កាល។ នាងថាបណ្ដាផលិតករមានការភ្ញាក់ផ្អើលនៅពេលដឹងថានាងគឺជាសិស្សរបាំបុរាណ ដោយបានស្នើឲ្យនាងឡើងរាំរបាំបុរាណ អមនឹងការច្រៀងសម័យដែលមានក្បាច់រាំយ៉ាងរស់រវើកនោះផង ទើបនាងយល់ថាទីផ្សារចម្រៀងសម័យដែលខ្លួនជោគជ័យ គឺជាជំហានជួយឲ្យអាជីពបុរាណរបស់ខ្លួនមានការចាប់អារម្មណ៍។ ក្នុងពេលខាងមុខនាងនឹងចាប់អាជីពសម្ដែងឲ្យមាំមួយទៀត ដោយនាងប្រាប់ថាខ្លួនចង់ដើរតាមលំនាំតារាសម្ដែងកញ្ញា នី មុន្នីនាថ ដែលបានប្រើខ្លួនពីអ្នករាំរបាំបុរាណ ហើយជោគជ័យក្នុងអាជីពចម្រៀង។ នាងថាខ្លួនមានគ្រឹះផ្នែកសម្ដែងមិនតិចនោះទេ ដោយសារតែពេលសិក្សានៅសាលាវិចិត្រសិល្ប: នាងក៏បានចំណាយពេលសិក្សាពីទម្រង់សម្ដែងល្ខោនមិនសូវលោះពេលផងដែរ។

ជាមួយមហិច្ចតាបន្ថែមការសម្ដែងមួយទៀត ម្នាក់ៗអាចប៉ាន់ស្មានថា តារាចម្រៀងសម័យដែលមានគ្រឹះបុរាណ នាងសោភា ទេពី ពិតជាឆាប់ឈានឡើង ដោយសារតែនាងក៏មានសម្រស់អំណោយផលជាទម្រង់មុខនារីខ្មែរ ដែលខាងបណ្ដាផលិតកម្មភាគច្រើនត្រូវការ។ ម្យ៉ាងនាងគឺជាតារាដែលមានទឹកដមសំឡេងល្អ និងពូកែច្រៀងក្រមិចក្រមើម ទាំងបទបុរាណ និងសម័យផង គឺច្បាស់ណាស់ថាតារាស្រីវ័យក្មេងរូបនេះ ពិតជាមិនប្រើពេលច្រើនឆ្នាំដើម្បីល្បីឈ្មោះ។នាងថាខ្លួនបានហ្វឹកហាត់របាំបុរាណ និងចម្រៀងបុរាណ តាំងពីអាយុ៩ឆ្នាំ ប៉ុន្តែទើបតែបានចូលប្រឡូកអាជីពចម្រៀងសម័យក្នុងមួយឆ្នាំចុងក្រោយនេះទេ តែមានទីផ្សារល្អប្រសើរ ទើបធ្វើឲ្យនាងបន្តមហិច្ឆតាចង់ក្លាយជាតារាសម្ដែងថែមមួយកម្រិតទៀត ដើម្បីមានឱកាសបង្ហាញសមត្ថភាពដូចគ្នានឹងរៀមច្បងគឺកញ្ញានី មុន្នីនាថ។

មានបានអះអាងថាដោយសារតែស្រឡាញ់ទម្រង់បុរាណនោះហើយ ទើបនាងចំណាយប្រាក់ និងពេលវេលាតែងខ្លួនជានាដការីរបាំទុកជាអនុស្សាវរីយ៍ ដោយឈុតទាំងនោះក៏កាន់តែជួយលើកសម្រស់ដល់នាងផងដែរ ដែលកាន់តែជួយឲ្យនាងទទួលបានការចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងវិស័យសិល្ប:សម័យ។ នាងថានឹងបន្តដុះខាត់ទាំងទម្រង់បុរាណនិងសម័យឲ្យដើរទន្ទឹមគ្នា ដោយក្រៅពីជោគជ័យផ្នែកសិល្ប:សម័យ នាងក៏នឹងប្រកាសទទួលសម្ដែងផងដែរ ដើម្បីបង្ហាញសមត្ថភាពរបស់នាងនៅក្នុងអាជីពសម្ដែង៕

មតិយោបល់