ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Komsan Talkshow ពិធីការិនីឌួង ហ្សូរីដា បានអះអាងថានាងមិនមានគម្រោងឡើងផ្ទះវីឡាដែលធ្លាប់បានប្រកាសកាលពីមុននោះទេ។ ផ្ទុយទៅវិញអ្នកនាងប្រាប់ថា វីឡាមួយនោះបានលក់ចេញវិញបាត់ហើយ ដោយសារតែនាងត្រូវការលុយទៅវិនិយោគលើអចលនទ្រព្យផ្សេង។
កញ្ញា និយាយថា នាងពិតជាមានវីឡាមួយក្នុងតម្លៃសែនដុល្លារ ដែលគិតមិនដល់ពេលនេះគឺអាចនឹងបើកសម្ពោធនោះមែន ដោយសារតែនាងបានទិញនៅក្នុងបុរីវិមានភ្នំពេញ។ ប៉ុន្តែវីឡានោះនាងបានលក់ចេញស្ងាត់ៗជាយូរៗមកហើយ គឺលក់ឲ្យម្ចាស់បុរីវិញដោយសារតែក្នុងពេលទិញគឺនាងទិញក្នុងលក្ខខណ្ឌបង់រំលោះ ហើយដោយសារតែនាងចង់ប្រមូលលុយកាក់ទៅទិញផ្ទះនៅកន្លែងផ្សេងវិញ ទើបសម្រេចចិត្តលក់ចោល។ នាងថាវីឡានោះបើគិតទៅគឺត្រូវសង់ហើយ និងអាចបើកសម្ពោធបានហើយ ប៉ុន្តែមកពីនាងលក់ចោលហើយមិនដែលបានប្រកាសជាសាធារណៈទើបចេះតែមានអ្នកទន្ទឹងចង់ឃើញនាងធ្វើពិធីសម្ពោធចូលរស់នៅតាមអ្វីដែលធ្លាប់ចុះផ្សាយ។
នាងថា ខ្លួនបានលក់ចោលស្ងាត់ៗ ហើយទំហំទឹកប្រាក់ដែលបានលក់ចេញក៏មិនបានច្រើននោះដែរ គឺបានតែចំនួនដែលនាងបានបង់ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងសប្បាយចិត្តគឺបានរួចបន្ទុក ហើយអាចបង្វែរចំណូលទៅទិញអចលនទ្រព្យមួយផ្សេងវិញ ដែលនាងប្រាប់ថាចំណេញជាងទុកវីឡា។
ជាមួយគ្នានោះ ឌួង ហ្សូរីដា ក៏បានប្រកាសឲ្យដឹងថានាងនៅតែមានគម្រោងនឹងចូលរោងការក្នុងពេលឆាប់ៗផងដែរ ដោយបានបង្ហើបថាបុរសជាគូស្នេហ៍របស់នាងបានរន្ថើនយូរដែរមកហើយឲ្យនាងឆាប់ចូលរោងការ។ អ៊ីចឹងហើយទើបនាងត្រូវបង្វិលលុយកាក់មកប្រើជាប្រយោជន៍ផ្សេងៗជាពិសេសគឺការបើកហាងតែម្ដង ដោយសុខចិត្តបោះបង់ក្ដីស្រម៉ៃរស់នៅវីឡានៅបុរីវិមានភ្នំពេញ ដែលនាងធ្លាប់ប្រកាសនឹងបើកសម្ពោធផ្ទះថ្មីឲ្យអធឹកអធមនោះ៕
មតិយោបល់