ភ្នំពេញៈ ក្រោយការបង្ហោះសុំទោសជាលើកទី២របស់ ដេនី ក្វាន់ គេនៅតែឃើញក្រុមមនុស្សមួយចំនួនផ្ដល់ទស្សនៈចំអកឡកឡឺយ និងបន្តការរិះបន្ថែមទៀត ដែលមានន័យមិនទាន់អន់អោនឲ្យតារាស្រីរូបនេះ។
ជាមួយភាពចម្រូងចម្រាស់នេះ គេឃើញតារាសិល្បៈ២រូប គឺលោកសុះ ម៉ាច ប្រធានសមាគមសិល្បៈខ្មែរ និងលោក ទេព រិទ្ធីនី ពិធីករលេចធ្លោប្រចាំនៅប៉ុស្ដិ៍លេខ៣ បានប្រកាសដោយចំហរថាអ្នកទាំងពីរគាំទ្រចំពោះការទទួលខុសត្រូវរបស់ដេនី ក្វាន់ ដែលផ្ទុយពីតារាភាគច្រើនដែលមិនបញ្ចេញយោបល់ និងខ្លះបែរជាបង្ហើសម្ដីបែបចំអកឡកឡឺយឲ្យនាងក្នុងពេលអំនួតខ្លាំងនោះ។
លោកសុះ ម៉ាច បានបញ្ជាក់ប្រាប់ថា បញ្ហាដែលដេនី ក្វាន់ ធ្វើខុសមិនមែនជាកំហុសរបស់នាងតែម្ខាងនោះទេ ដោយខាងតារាសិល្បៈមួយចំនួនក៏មានកំហុសខ្លះដែរ។
លោកថា ក្នុងការរិះគន់លើនាងដេនី ក្វាន់ ដោយប្រើពាក្យពេចន៍ប្រៀបប្រដូចមួយចំនួនរបស់តារាសិល្បៈក៏មានកំហុសឆ្គងធ្វើឲ្យដេនី ក្វាន់ទទួលយកមិនបានផងដែរ។ អ៊ីចឹងហើយទើបលោកយល់ថាអ្វីដែលដេនី ក្វាន់ដាក់ខ្លួនគឺជាចំណុចដ៏ប្រសើរដែលលោកយល់ថាមិនគួរនឹងមាននូវការចំអកឡកឡឺយ និងទាមទារនេះទាមនោះលើសពីការសុំទោសរបស់ដេនី ក្វាន់ទៀតឡើយ។
លោកស្នើឲ្យអ្នកគាំទ្រខាងអ្នកនាងម៉េង កែវពេជ្ជតា បញ្ឈប់សកម្មភាពឌឺដង និងសកម្មភាពបញ្ឆេះដែលនាំភ្លើងសង្គ្រាមនៅតែបន្តរីករាលដាល់ និងបណ្ដាលឲ្យអ្នកគាំទ្ររបស់ដេនី ក្វាន់ ក៏អត់ទ្រាំមិនបាន ហើយឈានទៅការតបតជាថ្មីម្ដងទៀត។
លោកទទូចឲ្យភាគីនាងដេនី ក្វាន់អន់ធ្មត់ ចំពោះពាក្យចំអកឡកឡឺយដែលបានលេចឡើង និងដើម្បីឲ្យរឿងរ៉ាវដែលបានកើតឡើងត្រូវបញ្ចប់។ លោកនិយាយថា«ដេនី ក្វាន់គាត់ចង់បញ្ចប់បញ្ហាទើបគាត់សុខចិត្តសុំទោសអ្នកនាងម៉េង កែវពេជ្ជតា និងតារាសិល្បៈច្រើនទៀត ចឹងគាត់ធ្វើប៉ុណ្ណឹងវាល្មមហើយ កុំមានសកម្មភាពអីនាំឲ្យវែងឆ្ងាយទៀត!»។
មិនខុសគ្នាដែរលោក ទេព រិទ្ធីនី ដែលគេស្គាល់ថាជាដៃគូពិធីករជាមួយនាងកែវ ផល្លិការនៅប៉ុស្ដិ៍លេខ៣ បានបង្ហោះដោយចំហរនៅលើគណនេយ្យរបស់ខ្លួនថា «ខ្ញុំសុំសរសើរដល់កញ្ញា ដេនីក្វាន់ ដែលហ៊ានចេញមកទទួលស្គាល់កាពិតដែលខ្លួនបានធ្វើ ព្រោះថាមនុស្សម្នាក់ៗគ្នាអ្នកណាដែលថាមិនធ្លាប់ធ្វើខុសនោះទេ សំខាន់ម្នាក់នោះធ្វើខុសហើយហ៊ានទទួលស្គាល់ថាជាកំហុសរបស់ខ្លួនឬអត់! រៀមច្បងសិល្បៈទាំងអស់ និងមហាជនគួរតែឈប់ប្រកាន់នឹងកញ្ញាតទៅទៀត ព្រោះនាំតែធ្វើឲ្យសង្គមសិល្បៈទាំងមូលខ័ណ្ឌចែកគ្នា គួរតែសាមគ្គីគ្នា កុំបែកបាក់គ្នា! ក្នុងនាមខ្ញុំជាសិល្បៈមួយរូប ថ្វីដ្បិតតែខ្ញុំមានសភាពក្មេងខ្ចីក្នុងរង្វង់សិល្បៈក៏ពិតមែន ក៏ខ្ញុំចង់ឃើញអ្នកសិល្បៈរួមកំលាំងគ្នា ស្រលាញ់គ្នា ចេះអត់អោនឲ្យគ្នា ចេះផ្ដល់យោបល់ឲ្យគ្នាមិនថាសិល្បៈថ្មី ឬចាស់នោះទេ ចេះអធ្យាស្រ័យឲ្យគ្នា ព្រោះពួកយើងសុទ្ធតែនៅក្រោមដំបូលសិល្បៈតែមួយ! សុំទោសសម្រាប់ការបញ្ចេញគំនិត ទាំងអស់នេះសូមកុំប្រកាន់បើខ្ញុំយាយទៅលើសលោះត្រង់ចំនុចណាមួយដែលមើលទៅមិនសមរម្យ! ខ្ញុំតែមួយគត់ចង់ឃើញអ្នកសិល្បៈទាំងអស់នៅតែជាបងប្អូនល្អនឹងគ្នា!»។
ការលើកឡើងរបស់អ្នកទាំងពីរ គេកត់សម្គាល់ថាខុសពីតារាសិល្បៈភាគច្រើន ដែលខ្លះនឿយហត់នឹងការផ្ទុះឡើងនូវជម្លោះរវាងក្រុមទាំងពីរគឺមិនហ៊ានបញ្ចេញយោបល់ និងមានអ្នកគាំទ្ររបស់តារាមួយចំនួនសរសេរថា សុំទោសប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់គឺត្រូវតម្រូវឲ្យធ្វើនេះធ្វើនោះបន្ថែមទៀត៕
មតិយោបល់