យោងតាមការទម្លាយពីកម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យ តារាដែលឡើងអង្គុយកៅអីមេក្រុមរបស់លោក អ៊ិត សេដ្ឋា គឺតារាកំប្លែង លោក ពែកមី។ កម្មវិធីនឹងបង្ហាញអ្នកជំនួសនេះនៅល្ងាចថ្ងៃអាទិត្យទី ២ កក្កដា នេះ បន្ទាប់ពីកម្មវិធីថតទុកនឹងត្រូវចាក់ផ្សាយ។
ពាក់ព័ន្ទនឹងការទម្លាយនេះ នាយព្រែក បានអះអាងថា កៅអីរបស់លោកអ៊ិត សេដ្ឋា ពិតជាត្រូវបានជំនួសដោយលោក ពែកមីប្រាកដមែន បន្ទាប់ពីមានការពិភាក្សាក្នុងក្រុមការងារ និងមានការយល់ព្រមពីលោកពែកមី។ លោកថាកម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យតាំងពីដើមមក មានមេក្រុមដែលត្រូវជ្រើសរើសតារាកិត្តិយស៣រូបគឺ លោក BIG អ្នកនាងខ្ញុង និង លោកអ៊ិត សេដ្ឋា។ អ្នកទាំង៣គឺជាអ្នកមានសិទ្ធិជ្រើសតារាកិត្តិយស ដើម្បីសម្ដែង និងកំណត់លើលក្ខខណ្ឌផ្សេងៗនៅក្នុងកម្មវិធី។
លោកថា អ្នកទាំង៣មិនមែនជាគណកម្មការទេ តែជាមេក្រុម ដែលមានសិទ្ធិសម្រេចលើតារាកិត្តិយស នៅពេលកម្មវិធីតម្រូវឲ្យធ្វើការប្រកួតប្រជែងលើវិញ្ញាសារ និងទស្សន៍ទាយលើវត្តមានតារាកិត្តិយសសំខាន់មួយទៀតរបស់កម្មវិធី។ អ្នកអង្គុយកៅអីនេះ ត្រូវបង្ហាញវត្តមានរៀងរាល់សប្ដាហ៍ ដោយត្រូវរិះរកគំនិតប្លែកៗ ដើម្បីឲ្យមហាជនបានសើចសប្បាយផង អ៊ីចឹងហើយទើបកៅអីជាមេក្រុមក្នុងកម្មវិធី«ពេញចិត្តឬ អត់ថ្ងៃអាទិត្យ» អាចចាត់ទុកថា ជាកៅអីសំខាន់មួយ របស់តារាដែលទទួលបានតំណែងនេះ។ យ៉ាងណាមិញលោក ពែកមីបានក្លាយជាតួអង្គសំខាន់ ក្រោយពីអវត្តមានលោកអ៊ិត សេដ្ឋា នោះ ទើបតំណែងដែលតារាកំប្លែងរូបនេះទទួលបានក៏ជាការចាប់អារម្មណ៍មួយរបស់មហាជន៕
មតិយោបល់