ខុសពីមួយរយៈមុនដែលមានព័ត៌មានមិនសូវលោះពេល ជុំវិញរឿងតួក្រឡុកផលិតករ ដោយទទួលលុយហើយមិនទៅថត ឬដល់ម៉ោងថតក៏បាត់មុខជាដើម។ តែសម្រាប់មួយរយៈចុងក្រោយវិញ គេបែរជាឮបញ្ច្រាសខ្យល់ទៅវិញពីរឿងផលិតករក្រឡុកតារាសម្ដែងដោយតួសម្ដែងចប់ហើយយឺតយ៉ាវក្នុងការបើកលុយឲ្យ។ ក្នុងចំណោមតារាមួយចំនួនដែលចេញមុខហែកហួរពីរឿងផលិតករធ្វើទុក្ខបុកម្នេញ ក៏មានលោកឆឹម សក្កដា គូស្នេហ៍របស់តារាចម្រៀងពេជ្រ សោភា ម្នាក់ដែរ ដោយលោកប្រកាសថានឹងឈានដល់ទម្លាយឈ្មោះ និងដាក់បណ្ដឹងនោះផង បើខាងផលិតករនៅតែអត់អើពើ។
លោក ឆឹម សក្កដា និយាយថា លោកបានថតរឿងមួយយូរខែមកហើយ តែមកទល់ពេលនេះភាពយន្តមួយនោះបានផ្អាកមិនព្រមបន្តថតនោះទេ ដោយសារតែហេតុផលមិនបើកលុយឲ្យតួហើយបណ្ដាលឲ្យតួខ្លះឈប់ថត។ ក្នុងនោះសូម្បីតែលុយដែលលោកត្រូវទទួលបានក៏មិនព្រមប្រគល់ឲ្យលោកនោះដែរ ដោយលើកហេតុផលថាក្នុងកិច្ចកុងត្រាលុះត្រាតែរឿងថតចប់ទើបអាចទទួលលុយដែលជាចំណែកដែលលោកបានថត។
លោកបានសួរច្រាស់មកវិញថា តើថ្ងៃណាចប់បើមកទល់ម៉ោងនេះនៅមិនទាន់ដំណើរចេញថតបញ្ចប់នោះផង ក្នុងពេលដែលប្លង់របស់លោកក៏ត្រូវជិតចប់ទៅហើយ។ យ៉ាងណាមិញ លោកថាដំណឹងផ្លូវការគឺខាងទូរទស្សន៍ដែលខាងផលិតករយកលុយគេមកក្នុងចំនួនមួយដើម្បីចេញថតនោះ តម្រូវឲ្យខាងផលិតករសងទ្វេរដងប្រសិនបើរឿងដែលបានកុងត្រាមិនអាចយកមកបញ្ចាំងជាបណ្ដើរ។ អ៊ីចឹងហើយទើបលោកយល់ថាផលិតករមួយនោះពិតជាចេញថតរឿងក្នុងពេលឆាប់ៗ ដើម្បីឲ្យបានឆាប់ចប់ និងបានបើកលុយ។
យ៉ាងណាមិញលោកថាលោកត្រូវទទួលបានចំនួនលុយដែលខ្លួនបានថតនោះសិន ដោយគួរតែទុកចំនួនលុយដែលមិនទាន់ចេញថតប៉ុណ្ណោះ ដើម្បីឲ្យលោកមានកម្លាំងចិត្តជាងមុន។ អ៊ីចឹងហើយទើបលោកអត់សប្បាយចិត្ត នឹងថាបើតាមតែដល់ករគឺប្រកាសឈប់ថតបន្ត ហើយប្រកាសទារលុយ និងឈានដល់ប្ដឹងផលិតករនោះតែម្ដង ប្រសិនបើនៅតែមិនព្រមប្រគល់លុយ។ លោកមិនបានបញ្ចេញឈ្មោះថាផលិតករដែលបង្កកលុយថ្លៃសម្ដែងរបស់លោកនោះគឺជាអ្នកណានោះទេ ដោយគ្រាន់តែគេដឹងថាគឺជាផលិតករដែលសម្បូរតារាៗចោទថាសម្ដែងហើយពិបាកបើកលុយ និងសម្បូររឿងអាស្រូវមិនចេះអស់នៅក្នុងពិភពសិល្បៈ។
ក្នុងនោះលោកក៏បានប្រកាសថាខ្លឹមសាររបស់លោកខាងលើ ក៏សំដៅលើផលិតករមួយផ្សេងទៀត ដែលរឿងថតចប់រួចហើយ តែធ្វើមិនដឹងមិនឮរឿងបើកលុយឲ្យលោក និងតួដទៃ ដែលលោកនិយាយថាមិនអាចទទួលយកបាននោះផងដែរ។ លោកថាខ្លួនពឹងលើលុយពីការសម្ដែង ចុះបើសម្ដែងច្រើនខែសុំលុយបើកអត់បាន ហើយរឿងក៏មិនដឹងខែណាចប់តើឲ្យលោកមានកម្លាំងឯណាចេញថតបន្ត ហើយស្រួលមិនស្រួលតែចង់ទទួលថតរឿងផ្សេងក៏ត្រូវប្រទាំងប្រទើសគ្នា៕
មតិយោបល់