ព័ត៌មានអន្តរជាតិ

តេស្តសាកល្បងមីស៊ីលកូរ៉េខាងជើង ជាការគំរាមគំហែងថ្មីមួយ ទៅកាន់សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត និងពិភពលោក

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់នៅថ្ងៃអង្គារថា ការសាកល្បងមីស៊ីលចុងក្រោយបំផុត ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើង ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។

ការធ្វើតេស្តនេះ គឺជាការគំរាមគំហែងថ្មីមួយ ទៅកាន់សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត និងពិភពលោកផងដែរ ដោយលោក Tillerson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកមានគោលបំណងនាំយក បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទៅដាក់នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបន្ថែមសម្ពាធឲ្យកាន់តែខ្លាំង ក្នុងការប្រឆាំងនឹងក្រុងព្យុងយ៉ាង។

ក្នុងនោះដែរ លោកបានសង្កត់ធ្ងន់ថា « អាមេរិក មិនអាចទទួលយកបានទ្បើយ ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ខណៈលោកបានបញ្ជាក់ថា អាមេរិកចង់ស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដោយសន្តិវិធីនៅលើឧបទ្វីបកូរ៉េតែប៉ុណ្ណោះ»។

គួរបញ្ជាក់ដែរថា កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ ដោយបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ជប៉ុន នៅវេលាម៉ោង ៩ និង៣៩ នាទីកាលពីព្រឹកថ្ងៃអង្គារ ដែលវាអាចហោះបានក្នុងរយ:កម្ពស់ ២.៥០០ គីទ្បូម៉ែត្រ និងចម្ងាយ ២.៨០២ គីទ្បូម៉ែត្រ ព្រមទាំងវាយប្រហារលើគោលដៅចម្ងាយ ៩៣០ គីទ្បូម៉ែត្រ ដោយប្រើរយ:ពេល ៣៩ នាទីប៉ុណ្ណោះ៕

មតិយោបល់