ព័ត៌មានសិល្បៈ និងកម្សាន្ត

ជម្លោះ ម៉ាដូណា នៅតុលាការ កាន់តែផ្ទុះធំឡើង !!!

យោងតាមការប្រកាសរបស់អ្នកស្រី សុខ ស្រីពៅ ដែលជាគូជម្លោះរបស់លោក ម៉ាដូណា បានអះអាងថាខ្លួនរងរបួសក្នុងពេលប្រតាយប្រតប់បណ្ដាលឲ្យផ្ទៃពោះ៣ខែរបស់ខ្លួនមានបញ្ហា ទើបគ្រួសារអ្នកស្រីរក្សាជំហរប្ដឹងគ្រួសាររបស់លោក ម៉ាដូណា ដោយបង្កើនជំងឺចិត្តរហូតដល់១៥ម៉ឺនដុល្លារនៅតុលាការ បន្ទាប់ពីគ្រួសាររបស់លោក ម៉ាដូណា ដាក់បណ្ដឹងប្ដឹងនៅតុលាការដូចគ្នាទាមទារឲ្យចាប់អ្នកស្រីពីបទបង្ករបួសស្នាម និងទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។ ជម្លោះនេះកើតឡើងពីបញ្ហាព្រំដី ហើយបានរីកជាអំពើហិង្សា ខណៈដែលគ្រួសារលោក ម៉ាដូណា បានចោទអ្នកស្រី សុខ ស្រីពៅ និងគ្រួសារថាបានរំលោភព្រំរបង និងបានគប់កែវបង្កឲ្យរបួសលើបងស្រីរបស់ខ្លួន ឯគ្រួសារម្ខាងទៀតបានចោទក្រុមលោក ម៉ាដូណា ថាបានវាយត្រូវពោះរបស់ខ្លួនដែលទើបពរពោះ៣ខែ ហើយលទ្ធផលពេទ្យថាកូនក្នុងផ្ទៃនោះអាចស្លាប់ក្នុងពោះក៏មិនទាន់ដឹង។

អ្នកស្រី សុខ ស្រីពៅ និយាយថាក្នុងពេលកើតហេតុអ្នកស្រីត្រូវបានប្រតាយប្រតប់ដោយគ្រួសាររបស់លោកម៉ាដូណា ហើយកូនក្នុងផ្ទៃរបស់ខ្លួនត្រូវបានប៉ះទង្កិច។ អ្នកស្រីបានប្រកែកថា មិនបានគប់កែវបង្ករបួសស្នាមដល់បងស្រីរបស់លោកនោះទេ ដោយថាបងស្រីរបស់លោកម៉ាដូណា ទៅជល់នឹងអ្វីផ្សេងហើយក្លែងភស្តុតាងថាបានរបួសក្នុងហេតុការណ៍នោះ។ អ្នកស្រីថាខ្លួនមិនបានលាក់ខ្លួន ឬគេចបណ្ដឹងតុលាការរបស់គ្រួសារលោកម៉ាដូណាទេ គឺឲ្យតែមានដីកាពេលណានឹងចូលខ្លួនទៅបំភ្លឺភ្លាម។ ផ្ទុយទៅវិញ អ្នកស្រីបានចោទថា ម្ដាយរបស់លោកម៉ាដូណា និងគ្រួសារទៅវិញទេ ដែលបានគេចវេសពីខាងខណ្ឌ សង្កាត់ រាល់ពេលចុះទៅដោះស្រាយ ដោយថាឲ្យតែមានមន្ត្រីសមត្ថកិច្ចចុះទៅគឺគេចថាមិននៅផ្ទះ និងថាចេញទៅសិង្ហបុរី។ អ្នកស្រីថាខ្លួនមានភស្តុតាង និងសាក្សីនូវអ្វីដែលខ្លួនបាននិយាយ និងថាមិនមានការសម្រួលនៅក្រៅប្រព័ន្ធតុលាការនោះទេ គឺនឹងប្ដឹងតម្លើងតម្លៃសំណងឲ្យដល់១៥ម៉ឺនដុល្លារ ដើម្បីឆ្លើយតបនឹងបណ្ដឹងតតាំងរបស់លោក ម៉ាដូណា ដែលទារ៨ម៉ឺនដុល្លារ។

មកទល់ពេលនេះ គេកត់សម្គាល់ថាភាគីទាំងសងខាងប្រកាសថាត្រូវមិនខុសគ្នា ដោយខាងលោក ម៉ាដូណា បានប្រកាសថាខ្លួនគឺជាជនរងគ្រោះ ដោយត្រូវគេរំលោភព្រំរបងហើយ ហើយនៅពេលចុះឃាត់ ក៏ត្រូវភាគីខាងអ្នកស្រី សុខ ស្រីពៅ បង្កជាជម្លោះរហូតគប់កែវបណ្ដាលឲ្យចំភ្នែករបស់បងខ្លួនមានរបួសយ៉ាងខ្លាំង។ ភាគីខាងលោកម៉ាដូណា បានប្រកែកមិនបានប្រតាយប្រតប់ត្រូវពោះរបស់អ្នកស្រី សុខ ស្រីពៅនោះទេ ដោយថាអ្នកស្រីបានប្រឌិតពីបញ្ហានេះ និងបានស៊ុមគ្រលុមជាមួយមន្ត្រីសមត្ថកិច្ចទៅធ្វើឯកសារបញ្ជាក់ពីពេទ្យខុសពីការពិត ដើម្បីដាក់បន្ទុកលើគ្រួសាររបស់ខ្លួន។ លោកម៉ាដូណា ថាខ្លួនមានឯកសារវីដេអូ និងភស្តុតាងបញ្ជាក់ពីការបំពានរបស់គ្រួសារនោះ ទើបសម្រចដាក់បណ្ដឹងទាមទារ១០ម៉ឺនដុល្លារក្រោយពីគ្រួសារនោះរំលោភលើខ្លួនហើយហ៊ានដាក់បណ្ដឹងទាំងបំពានទាមទារ៨ម៉ឺនដុល្លារ។

យោងតាមជំហររបស់អ្នកទាំងពីរគឺជម្លោះនេះនឹងរាលដាលធំឡើង ដោយសារតែម្នាក់ៗប្រកាសថាមានភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំរៀងខ្លួន ហើយប្រកាន់ជំហរមិនបញ្ចប់បណ្ដឹងនៅក្រៅតុលាការ។ អ្នកស្រីសុខ ស្រីពៅ និង លោកម៉ាដូណា សុទ្ធតែប្រកាសថានឹងជំរុញឲ្យតុលាការដោះស្រាយលើបណ្ដឹងរបស់ខ្លួន ដោយភាគីម្ខាងៗសុទ្ធតែអះអាងដថាពួកគេរងការបំពាន និងជាជនរងគ្រោះ។ អ៊ីចឹងហើយទើបជម្លោះនេះ នឹងរីកជាផ្កាភ្លើងនៅក្នុងបរិវេណតុលាការក្នុងពេលខាងមុខ នៅពេលដែលតុលាការឈានដល់ការចេញដីកាឲ្យចូលបំភ្លឺ ដើម្បីប្រកាសថាអ្មកណាជាជនរងគ្រោះពិតប្រាកដ។

លោកម៉ាដូណា និយាយថាគ្រួសារលោកទើបជាជនរងគ្រោះ និងថាបើតុលាការកាត់ក្ដីលម្អៀងនោះលោកនឹងឡាំប៉ាឲ្យដល់ទីបំផុត ដោយមិនឲ្យគ្រួសារម្ខាងទៀតដែលលោកប្រកាសថាគេអាងឥទ្ធិពលទីប្រឹក្សាប្រធានរដ្ឋសភាមួយរូបឈ្នះក្ដីនោះទេ៕

មតិយោបល់