ក្រោយពីបទថ្មីរបស់តារាចម្រៀងផន ស្រីខួច ក្រោមចំណងជើងថា«សុំទោសបេះដូង» ចេញបង្ហោះMV ជាផ្លូវការគេចាប់អារម្មណ៍ថាបទចម្រៀងមួយបទនោះចាក់ត្រូវអារម្មណ៍របស់មហាជនគួរសម ទាំងស្ទីលសម្ដែងរបស់នាង អត្ថន័យបទចម្រៀង និងទឹកដមសំឡេងរបស់នាងតែម្ដង។ តារាចម្រៀងរូបនេះក៏រំពឹងយ៉ាងខ្លាំងថាបទ «សុំទោសបេះដូង» ដែលនាងខំសម្ដែង និងលេងទឹកមុខអស់ពីសមត្ថភាព នឹងទទួលបានការគាំទ្រនៅក្នុងពិភពចម្រៀងផងដែរ។
ផ្អែកតាមការស្ទាបស្ទង់ បទចម្រៀងរបស់ផន ស្រីខួច ដែលបានចេញបង្ហោះនេះទទួលបានការពេញនិយម និងចូលទស្សនាច្រើនដងនៅលើ You tube ដោយសារតែខ្លឹមសារនៅក្នុងបទនេះ មានអត្ថន័យរយលានស្ដីពីស្នេហាក្បត់មួយដែលបង្កប់នូវការឈឺចាប់។ ទឹកដមសំឡេងរបស់នាងនៅក្នុងបទនេះក៏ត្រូវគេកោតសរសើរថាស្រែកបានតុងខ្ពស់ និងថ្នមបានល្អ ដែលធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍អណ្ដែងអណ្ដូងរកស្មានមិនត្រូវផងដែរ ដែលមិនខុសពីស្ថិតក្នុងស្ថានភាពឈឺចាប់មួយដែលត្រូវមនុស្សម្នាក់លួចក្បត់។
កញ្ញានិយាយថា បទនេះនាងបានសម្ងំថតយូរមកហើយ ដោយការសម្ដែងក៏ធ្វើកាច និងធ្វើជានារីកាលីបលើចេះផឹក និងចូលក្លិបខុសប្លែកពីចរិតរបស់នាងផងដែរ។ យ៉ាងណាមិញ នាងថាការសម្ដែងពិបាកប៉ុន្តែបានធ្វើឲ្យនាងពេញចិត្តនឹងស្ទីលសម្ដែងនៅក្នុងបទនោះ ជាពិសេសនៅពេលដែលបទនោះគ្រាន់តែបង្ហោះបានប៉ុន្មានម៉ោងក៏មានការគាំទ្រខ្លាំងនៅលើ You tube និងបណ្ដាញហ្វេសប៊ុក។
នាងថានៅក្នុងបទនេះ នាងសឹងមិននឹកស្មានថាខ្លួនសម្ដែងបានល្អដល់ម្លឹង ដោយក្រឡេកមើលទៅក្នុងបទចម្រៀងគឺនាងហាក់ដូចជានារីកាចឆ្នាស់ឆ្នើម និងចិត្តដាច់ម្នាក់ ដោយសារតែប្រុសលួចក្បត់បំបាក់មុខរបស់នាង។ នាងថាសប្បាយចិត្តដែលការសម្ដែង និងការប្រឹងច្រៀងរំលេចស្ទីលថ្មីរបស់នាងទទួលបានការគាំទ្រ ហើយនាងក៏នឹងបន្តបញ្ចេញទឹកដមសំលេង និងស្ទីលប្លែកដើម្បីបំពេញតម្រូវការអ្នកគាំទ្របន្ថែមទៀតផងដែរ។
តោះសាកស្ដាប់បទ«សុំទោសបេះដូង»និងសាច់រឿងនាងសម្ដែងបន្តិចមើល តើគួរឲ្យជក់ចិត្តកម្រិតណា?
មតិយោបល់