មកទល់ពេលនេះរឿងរ៉ាវដ៏ក្ដៅគគុក រវាងតារាសម្ដែងបែបកំប្លែង លោកម៉ាដូណា និងកម្មវិធីApsara Award ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីតារាកំប្លែងរូបនេះ ចេញមុខប្រកាសសុំទោស ហើយ មន្ត្រីទទួលខុសត្រូវកម្មវិធី ក៏ប្រកាសមិនចាប់ទោសអូសដំណើរ។ រឿងរ៉ាវមួយនេះ ត្រូវគេឃើញបញ្ចប់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់តារាក្លាហាន២រូប បន្ទន់ខ្លួនទទួលខុសចំពោះការរិះគន់របស់ខ្លួន ដល់ពានApsara Award ជាសាធារណៈ។
ក្រោយការសុំទោសរបស់លោកហេង នរៈកក្កដា លោកម៉ាដូណា ដែលបានប្រកាសថា មិនចេញមុខសុំទោសណាមួយ ចំពោះអ្វីដែលខ្លួនលើកឡើង ក្រោយបង្ហោះវីដេអូឃ្លីបទី១ បានប្ដូរឥរិយាបទតែប៉ុន្មានម៉ោងប៉ុណ្ណោះ ចេញមុខសុំទោសស្របគ្នា ដោយលោកប្រកាសថាខ្លួន បានយល់ខុស និងសុំឲ្យក្រុមការងារ របស់Apsara Award កុំចាប់ទោសអូសដំណើរដល់ខ្លួន។ ការសុំទោសរបស់លោកហេង នរៈកក្កដា និង លោកម៉ាដូណា គឺជាការបញ្ចប់កំដៅទាំងស្រុងដែលបានផ្ទុះឡើងយ៉ាងក្ដៅគគុក ពាក់ព័ន្ធនឹងការកើតទុក្ខមិនសុខចិត្ត ចំពោះការប្រគល់ពានពីកម្មវិធី Apsara Award កាលពីយប់ថ្ងៃទី៩ធ្នូ។ ក្រុមការងាររបស់កម្មវិធីនេះ ជាពិសេសគឺលោកហ្វៃ សំអាង បានសម្ដែងការអបអរសារទរ និងបានបញ្ជាក់ថានេះ ជាគឺជាអ្វីដែលលោកចង់បាន។ លោកថាពានរបស់លោកម៉ាដូណា មិនមែនជាពានធម្មតានោះទេ ដោយសារតែពាននោះ គឺដៅត្រូវចំទេពកោសល្យសិល្បៈរបស់លោកម៉ាដូណា ក្នុងពិភពសិល្បៈ។ លោកថាការប្រគល់ពាន ជាតារាមនោសញ្ចេតនា កម្សត់ និង កំប្លែងបានល្អឲ្យលោកម៉ាដូណា គឺជាការសម្រេចរបស់គណកម្មការកណ្ដាល និងគណមេប្រយោគពីកម្មវិធី Apsara Award ចឹងហើយទើបលោកនិយាយថាបើម៉ាដូណាមិនសុខចិត្ត និងបន្តថាពានដែលបានទទួលនោះធម្មតាៗ គឺមានតែការប្រជុំដកពានដែលបានប្រគល់នោះត្រលប់មកវិញតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាក្រោយការទទួលកំហុសជាសាធារណៈរបស់លោកម៉ាដូណា គឺអ្វីៗបានក្លាយជាសភាពដូចដើមវិញហើយ ដោយសារតែក្រុមការងាររបស់ Apsara Award មិនចង់បានអ្វីលើពីការសុំទោសជាសាធារណៈរបស់លោកម៉ាដូណា និងលោកហេង នរៈកក្កដា នោះឡើយ។
គួរបញ្ជាក់ថា រឿងរ៉ាវដែលបានផ្ទុះឡើងគឺកើតចេញពីលោកម៉ាដូណា មិនសុខចិត្តរឿងលោកមិនបានពានSuper Star ឬពានប្រជាប្រិយប្រចាំឆ្នាំ និងលោកហេង នរៈកក្កដា មិនសុខចិត្តរឿងខ្លួនមិនបានពានគោរពពេលវេលាល្អឥតខ្ចោះដែលទទួលដោយនាឡិកាអូមហាមាន ដែលក្រុមការងារApsara Award ថាបញ្ជាក់ថាមានយ័ន្ត៥ជួរស័ក្តសិទ្ធបង្កប់នៅក្នុងនោះ៕
មតិយោបល់