ក្រោយពីបានបង្ហាញខ្លួនលើឆាកបង្ហាញម៉ូដថ្នាក់ជាតិ និងកម្រិតអន្តរជាតិ គេកត់សម្គាល់ថាតារាម៉ូដែល នាង នីន ម៉ាលីណែត បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទម្រង់មុខកូនកាត់របស់នាង និងស្ទីលបង្ហាញខ្លួនប្លែកដែលនាងរំលេចឡើង។ ជាក់ស្ដែងការបង្ហាញម៉ូដជាមួយនឹងសំលៀកបំពាក់ច្នៃពីស្លាបព្រាយ៉ាងអស្ចារ្យរបស់នាងមុននេះ រឹតតែធ្វើអោយនាងទាក់ទាញ។
កញ្ញា នីន ម៉ាលីណែត និយាយថានាងបានចូលប្រឡូកក្នុងអាជីពម៉ូដែលនេះប្រមាណជា៣ឆ្នាំហើយ ដោយរយៈពេលចុងក្រោយអាជីពមួយនេះបានធ្វើអោយនាងទទួលបានការងារស្ទើររកពេលសម្រាកមិនបាន។ ក្នុងនោះការងារដើរម៉ូដធំ សឹងមិនបាត់មុខនាងក៏ថាបាន ដោយសារនាងត្រូវគេអះអាងថាជាម៉ូដែលដែលត្រូវគេច្រលំថាជាកូនកាត់អាមេរិកដែលមានកម្ពស់ខ្ពស់ មុខមាត់ទាក់ទាញ និងចូលចិត្តកែច្នៃម៉ូដប្លែកៗគ្រប់ពេលដើរម៉ូដ។ នាងថារំភើបចិត្ត ដែលតែងទទួលបានឱកាសធំៗ ជាពិសេសគឺវត្តមានដើរម៉ូដ ក្នុងកម្មវិធីPhnom Penh Designer Week 2017 ដែលមានតារាម៉ូដែលចូលរួមជាង៤០នាក់មុននេះ បន្ទាប់ពីនាងត្រូវបានគេជ្រើសអោយគ្រង សម្លៀកបំពាក់ដើរម៉ូដដំបូងគេ និងទទួលបានរង្វាន់លេចធ្លោរមានទឹកប្រាក់ចំនួន២០០ដុល្លារ ជាការលើកទឹកចិត្ត។
នីន ម៉ាលីណែត បានបន្តថា នាងមិននឹកស្មានថា សម្លៀកបំពាក់របស់នាងនៅក្នុងកម្មវិធីនោះក្លាយជាលេចធ្លោជាងគេបែបនេះទេគឺនាងរំភើបចិត្តរកនឹកថាមិនត្រូវ។នាងថាសម្លៀកបំពាក់នោះត្រូវបានច្នៃពីស្លាបព្រាជ័រ ខ្សែជ័រ និងពីក្រណាត់ និងជាស្នាដៃរបស់ក្រុម Kor khor creative Fashion។ នាងថាជាលើកទី១ហើយដែលនាងទាញបានការចាប់អារម្មណ៍ខ្លាំងទទួលបានការផ្ដល់ពិន្ទុលេចធ្លោជាងគេនៅក្នុងព្រឹត្តិការណ៍ដើរម៉ូដទ្រង់ទ្រាយធំ ដែលធ្វើឲ្យនាងកាន់តែមានទឹកចិត្តពុះពារនៅក្នុងវិស័យបង្ហាញម៉ូដ។
តារាដែលមានត្រេមុខដូចជនជាតិអាមេរិកស្បែកខ្មៅរូបនេះបញ្ជាក់ថា អាជីពបង្ហាញម៉ូដរបស់នាងកំពុងតែរីកចម្រើនទៅមុខខណៈដែលមួយរយៈចុងក្រោយនេះនាងមមាញឹកខ្លាំងហើយក៏ទាញបានចំណូលគួរសមផងដែរ។
ម៉ាលីណែត បន្ថែមថា មជ្ឈដ្ឋានជាច្រើនតែងតែច្រឡំថានាងជាជនជាតិអាមេរិកប៉ុន្តែការពិតនាងជាជនជាតិខ្មែរសុទ្ធសាធដែលមានឪពុកម្ដាយជាខ្មែររស់នៅរាជធានីភ្នំពេញ។នាងថាដោយសារតែនាងមានត្រេមុខជាកូនកាត់អាមេរិកបែបនេះហើយទើបនាងពិបាកប្រឡូកក្នុងអាជីពសម្ដែងដែលនាងស្រលាញ់និងមានទេពកោសល្យខ្ពស់។ពោលគឺក្រុមផលិករជាច្រើនមិនសូវចាប់អារម្មណ៍ត្រេមុខរបស់នាងឲ្យថតភាពយន្តទេ។ ប៉ុន្តែសម្រាប់អាជីពបង្ហាញម៉ូដគឺនាងកំពុងតែត្រូវប៉ាន់និងលេចធ្លោ។
គួរបញ្ជាក់ថា នីន ម៉ាលីណែត គឺ ជាកូនពៅនៅក្នុងគ្រួសារក្នុងចំណោមបងប្អូន៧នាក់។ នាងបានបោះជំហានប្រឡូកសិល្បៈតាមរយៈកម្មវិធី«កំពូលតារាបង្ហាញម៉ូដកម្ពុជា» របស់CTN ដែលឆ្លងកាត់ជាច្រើនដំណាក់កាលជម្រុះបេក្ខភាពប្រឡងខ្ទង់ពាន់នាក់ហើយបានឈានដល់វគ្គ៥នាក់ចុងក្រោយ។ បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូដសនៅក្នុងក្រុម Cambodianexttopmodel ដែលកំពុងលេចធ្លោនៅក្នុងវិស័យបង្ហាញម៉ូដ៕
មតិយោបល់