ព័ត៌មានសិល្បៈ និងកម្សាន្ត

លោក អ៉ិន ទទូចឲ្យមហាជនគាំទ្រភាពយន្តខ្មែរ

ក្នុងពិធីសម្ពោធដាក់បញ្ចាំង កាលពីល្ងាចថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ផលិតករមហាហង្ស បានសំណូមពរដោយទទូច សុំឲ្យអ្នកគាំទ្រក្នុងស្រុក ទស្សនាភាពយន្តខ្មែរឲ្យបានច្រើន ដើម្បីកុំឲ្យបណ្ដាម្ចាស់ផលិតកម្មដែលរអ៊ូថា ខ្វះការគាំទ្រ បន្តបិទទ្វារ។ យ៉ាងណាមិញលោកថា សម្រាប់ស្នាដៃរឿង “ព្រលឹង” ដែលជាស្នាដៃទី២ក្នុងឆ្នាំ២០១៩ និងប្រកាសដាក់បញ្ចាំងនៅថ្ងៃ៤ កក្កដា នេះ នឹងមិនភ័យរឿងខ្វះអ្នកគាំទ្រនោះទេ តែលោកនៅតែទទូចចង់ឲ្យមានការលើកស្ទួយកម្រិតឲ្យបានខ្លាំង។

លោក អ៉ិន និយាយថា ពិធីដែលបានប្រកាសឡើង ត្រូវបានរៀបចំជាកម្រាលព្រំក្រហម និងប្រកាសឲ្យតួសម្ដែងនីមួយៗ ដើរលើកម្រាលព្រំ និងឡើងថ្លែងអារម្មណ៍ ដើម្បីលើកទឹកចិត្តគ្រប់តួសម្ដែងឲ្យកាន់តែទទួលបានការចាប់រម្មណ៍ទ្វេរដង។ លោកថា ភាពយន្តរឿង “ព្រលឹង” ត្រូវបានផលិតមួយឆ្នាំគត់ ទម្រាំបានបញ្ចាំង ដោយលោករំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នឹងទទួលជោគជ័យ មិនខុសពីរឿង “ផ្ទះចុងភូមិ” ព្រោះសម្អាងថា ជារឿងមានរូបភាពភ្លឺច្បាស់ សម្លេងស្ដង់ដារ និងមានគុណភាពេញលក្ខណៈជាភាពយន្ត ហើយឈុតឆាករន្ធត់តាំងពីដើមដល់ចប់ គឺទាក់ចិត្ត។ លោកថាមួយរឿងនេះ លោកស្រលាញ់ពេញចិត្តគ្រប់ជំហាន ពោលគឺតាំងពីដំណាក់កាលចេញផលិត ទើបក្នុងពេលប្រកាសសម្ពោធ លោកធ្វើធំដុំ ដោយបានទាំងជូនស្រោមសំបុត្រដល់តារាមួយរូបៗ ដែលជាតួអង្គសម្ដែង អមដោយបាច់ផ្កា ដើម្បីលើកទឹកចិត្តផងដែរ។

លោក អ៉ិន បន្តថា បើចង់ឲ្យវិស័យភាពយន្តខ្មែរ មានការរីកចម្រើន គឺមានតែចូលរួមពីសំណាក់មហាជន ជាពិសេសយុវវ័យឲ្យបានច្រើនប៉ុណ្ណោះ ដើម្បីឲ្យផលិតករបានប្រាក់ចំណូលច្រើន ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើនស្ដង់ដារផលិត៕

មតិយោបល់