ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព រិទ្ធីនី ល្បីរឿងរត់ចោលប៉ុស្ដិ៍លេខ៣

ភ្នំពេញ: ក្នុងពេលប្រជាប្រិយភាព ត្រូវគេកត់សម្គាល់ថាឡើងកូដជាងមុន ពិធីករលោក ទេព រិទ្ធីនី ក៏មានដំណឹងរសើបថា ជិតរត់ចោលប៉ុស្ដិ៍លេខ៣ ដែលជាទ្រនំកម្សត់កម្រនោះហើយ បន្ទាប់ពីប៉ុស្ដិ៍លេខ៣ មិនមានកម្មវិធីថ្មីៗ ឲ្យលោកចេញមុខក្រៅតែពីកម្មវិធី «ដូរ៉េមី» ដែលបន្តដោយត្រដាបត្រដួស។ ដំណឹងនេះត្រូវបានលេចឡើង បន្ទាប់ពីល្បីថា លោកអន់ចិត្ត និងប៉ុស្ដិ៍លេខ៣ ស្របគ្នាដែលកេរ្តិ៍ឈ្មោះរបស់លោកក៏ត្រូវប៉ុស្ដិ៍ផ្សេងចង់បាន។

ប្រភពថ្មីមួយបានអះអាងថា ក្នុងពេលដ៏ខ្លីលោក ទេព រិទ្ធីនី ដែលកាលពីមុនត្រូវបានស្ថានីយប៉ុស្ដិ៍លេខ៣ ឲ្យកាន់តែកម្មវិធីដល់ទៅ៣ និងលើកស្ទួយលើកស្ទួយជាពិធីករលេចធ្លោម្នាក់ នឹងចាកចេញពីប៉ុស្ដិ៍លេខ៣ ទៅកាន់ទ្រនំផ្សេងហើយ បន្ទាប់ពីមានដំណឹងថាស្ថានីយទូរទស្សន៍ គិតគូរចចារចង់បានលោកឲ្យទៅធ្វើពិធីករនៅក្នុងកម្មវិធីថ្មី។

ដំណឹងដូរទ្រនំរបស់លោកបើក្លាយជាការពិត គឺមានន័យថាស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលក្នងពេលនេះមិនសូវសម្បូរពិធីករ ដែលមានវោស័ព្ទល្អៗ និងមានកេរ្តិ៍ឈ្មោះផងនោះ នឹងបាត់បង់ធនធានមនុស្សលេចធ្លោម្នាក់បន្ថែមទៀតហើយ ក្រោយពីលោកជា វិបុល, លោក ជា ណារ៉ា និងពិធីករ ពិធីការិនីដែលមានសមត្ថភាពស្ទើរគ្រប់រូបសម្រេចចិត្តរត់ចោល។

ប្រភពដែលគួរទុកចិត្តបានអះអាងថា លោក ទេព រិទ្ធីនី ទំនងនឹងក្លាយជាបេក្ខភាពម្នាក់ថ្មី ដែលនឹងរត់ចោលស្ថាប័នមួយនេះ បន្ទាប់ពីប៉ុស្ដិ៍លេខ៣ មិនមានលទ្ធភាពស្វែងរកអ្នកឧបត្ថម្ភកម្មវិធី ដើម្បីឲ្យកម្មវិធីដែលបានដួលរលំ និងគ្រោងបង្កើតថ្មីដំណើរការទៅបាន។ មកទល់ពេលនេះពិធីករពីធីការិនីកាន់តែច្រើន ហាក់បង្ហាញជំហរដើរចេញពីប៉ុស្ដិ៍លេខ៣ ដោយសារតែបញ្ហាកម្មវិធីចាស់ត្រូវបិទបណ្ដាក់គ្នា ហើយកម្មវិធីថ្មីបើកមិនចេញ ចាប់តាំងពីបានកំណែទម្រង់មួយប្រាវមុន។

លោក ទេព រិទ្ធីនី ដែលត្រូវគេស្គាល់គួរសមតាមរយៈកម្មវិធីសំខាន់ៗនៅប៉ុស្ដិ៍លេខ៣ នឹងរើបង្វេចដើរចេញមិនយូរនោះទេ ប្រសិនបើស្ថានភាពទាក់ទង របស់ស្ថានីយទូរទស្សន៍ដែលចង់បានលោក មានភាពច្បាស់លាស់ ហើយប៉ុស្ដិ៍លេខក៏មិនមានវិធានការលើកស្ទួយលោកឲ្យលេចធ្លោដូចពេលចាកចេញពីទូរទស្សន៍អប្សរាដំបូងៗ។

ឆ្លើយតបនឹងដំណឹងនេះ លោករិទ្ធីនី បញ្ជាក់ថាបច្ចុប្បន្នលោកគឺជាពិធីករនៅប៉ុស្ដិ៍លេខ៣ ប៉ុន្តែសម្រាប់អនាគតលោកមិនច្បាស់នោះទេ។ លោកបដិសេធថាមានប៉ុស្ដិ៍ធំមួយ ទាក់ទងឲ្យចូលបម្រើ ដោយលោកបញ្ជាក់ដរាបណាអ្វីៗមិនទាន់ច្បាស់ការណ៍គឺលោកសុំមិននិយាយ។ យ៉ាងណាមិញ លោកបានព្រលយថា ខ្លួនមិនមែនជាពិធីករកុងត្រារបស់ប៉ុស្ដិ៍លេខ៣នោះទេ ដែលមានន័យថា បើទោះជាក្នុងពេលខាងមុនលោកចង់ផ្លាស់ប្ដូរការងារ ទៅកាន់ទូរទស្សន៍ផ្សេង ក៏មិនមានបញ្ហាចោទកើតឡើងនោះដែរ សំខាន់ថាតើប៉ុស្ដិ៍លេខ៣ នឹងមានផែនការផ្ដល់ឲ្យលោកកក់ក្ដៅ ដើម្បីអាចបន្តការងារបានយូរកម្រិតណាប៉ុណ្ណោះ។ ក្នុងនោះលោកក៏ទទូចឲ្យរង់ចាំមើល ថាតើចេញទៅកាន់ប៉ុស្ដិ៍ថ្មីដូចការអះអាងថា ឬបន្តនៅក្នុងទ្រនំចាស់ផងដែរ។

លោកនិយាយថាផែនការអនាគត មិនអាចកំណត់បែបណា ឬយ៉ាងណាកើតទេ ដោយសារតែពេលវេលា និងការផ្ដល់ឱកាសក្នុងពេលដែលលោកបានជួប។ លោកថា ក្នុងមួយរយៈលោកមមាញឹកខ្លាំង ជាមួយអាជីពសម្ដែងជាពិសេសក្នុងរឿង «វិថីនារី» ដែលគ្រោងនឹងដាក់បញ្ចាំងនៅទូរទស្សន៍ MyTV ៕

photo_2016-05-25_09-07-42 photo_2016-05-25_09-07-40 (2) photo_2016-05-25_09-07-40 photo_2016-05-25_09-07-41 photo_2016-05-25_09-07-38 photo_2016-05-25_09-07-39 (2) photo_2016-05-25_09-07-39 photo_2016-05-25_09-07-37

មតិយោបល់