បើតាមការគ្រោងទុករបស់លោកគាំ ចន្ធី ជាផលិតករដឹកនាំរឿង «ទូកបាត់ច្រវ៉ា» គឺនឹងត្រូវជ្រើសរើសយកអ្នកនាង សឿ សុធារ៉ា មកធ្វើជាតួធំក្នុងរឿងខាងលើ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយក៏លេចមុខយ៉ាងក្រឡឺម កញ្ញា សូដា នីតា នៅលើផ្ទាំងផ្សព្វផ្សាយរឿង។
នេះចាត់ទុកថា សម្រាប់សឿ សុធារ៉ា ទន្សាយក៏រួចត្រូវរ៉ស់ក៏រួច ខណៈដែលបទសម្ភាសន៍ ជាមួយទូតអាម៉េរិកកាលពីចុងខែមីនា បានធ្លាក់។ ដើមឡើយបើតាមការចុះផ្សាយព័ត៌មានក្នុងស្រុក សឿ សុធារ៉ា ត្រូវសម្តែងជាតួម្តាយ របស់ ឌុច លីដា ដែលជាតួធំមួយ ក្នុងរឿង «ទូកបាត់ច្រវ៉ា» នេះឯង មិនមែន សូដា នីតា នោះទេ។
យ៉ាងណាមិញដំណឹងនេះបានស្ងប់ទៅវិញ ហើយក៏លេចមុខ សូដា នីតា ធ្វើជាតួម្តាយ ក្នុងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន មួយនេះ ដែលជាតំណែងមួយជំនួសពី សឿ សុធារ៉ា។ បើតាមប្រភពច្បាស់ការបានប្រាប់ថា សូដា នីតា ត្រូវដើរតួជាមនុស្សស្រីម្នាក់ ដែលមានកូនមួយជាមួយប្តីមុន នោះគឺ ឌុច លីដា ហើយក៏មកជួបស្នេហ៍ជាមួយនឹង លោក សាវិន ហ្វីលីព ដែលដើរតួជាលោក សំបូរ អនិកជនមកពីប្រទេសបារាំង ។ ក្រោយការសាងស្នេហ៍ជាមួយ សូដា នីតា មានការប្រះឆា តួឯកប្រុសឈ្មោះ សំបូរ នេះបានទៅទាក់ស្នេហា ជាមួយ ឌុច លីដា ជាតួឯកស្រីក្នុងរឿងខាងលើ។សម្រាប់រឿង «ទូកបាត់ច្រវ៉ា» កំពុងថតបណ្តើរៗ ទៅហើយនៅទឹកដីខេត្តសៀមរាប និងតំបន់មួយចំនួនទៀត ក្នុងប្រទេសកម្ពុជា៕
មតិយោបល់