កាលពីយប់ថ្ងៃ៨ ខែកក្កដា តារាចម្រៀង និងជាអ្នករបាំបុរាណកញ្ញា សោភា ទេពី បានប្រារព្ធពិធីខួបកំណើតគម្រប់ខួប១៥ឆ្នាំរបស់ខ្លួនយ៉ាងកាលីពនៅ«សប្បាយKTV»ស្ថិតនៅក្បែររង្វង់មូលផ្សារដើមថ្កូវ។ អ្វីដែលគេចាប់អារម្មណ៍គឺកញ្ញាត្រូវបានមនុស្សពិសេសទិញរថយន្ត Tundra 2010 តម្លៃ៤ម៉ឺនដុល្លារនោះផង។
សោភា ទេពី បានបង្ហាញអារម្មណ៍រំភើប យ៉ាងខ្លាំងក្នុងពេលពិធីខួបកំណើតរបស់នាង ត្រូវបានទទួលកិត្តិយសចូលរួម ដោយតារាល្បីៗជាច្រើនរូប ដោយមានទាំងតារា២រូបធ្វើនំខួបឲ្យជាពិសេសនោះផង។ នាងបានប្រកាសមិនឲ្យភ្ញៀវចូលរួមចងដៃនោះទេ បើទោះជាពិធីនោះត្រូវគេឃើញរៀបចំឡើងកាលីបអស់ប្រាក់មិនតិច។
នាងត្រូវបានឳពុកដែលជាផ្កាយ២ទិញរថយន្តធ្វើជាកាដូដល់ទៅតម្លៃ៤ម៉ឺនដុល្លារក្រោយពេលកាត់នំ។ នាងគឺជានាដការរបាំបុរាណ ដែលបានប្រលងចម្រៀងសម័យជាប់ចំណាត់ថ្នាក់លេខ២ក្នុងកម្មវិធីប្រលងចម្រៀងប៉ុស្តិ៍លេខ៥កាលពីឆ្នាំ២០១៦។ នាងមានឈ្មោះបោះសំឡេង ក្រោយពេលទីផ្សារសិល្បៈឈានឡើងក្នុងពេលអាជីពចម្រៀងសម័យរបស់នាងទទួលបានការគាំទ្រ។ នាងកាន់តែជោគជ័យក្រោយពីបានក្លាយខ្លួនជាសមាជិកគ្រួសារតារាកម្ពុជា និងមានឱកាសបានឡើងកញ្ចក់ទូរទស្សន៍ធំក្នុងពេលបន្តបន្ទាប់។ នាងនិយាយថាសប្បាយចិត្តយ៉ាងខ្លាំងដែលត្រូវឳពុកទិញរថយន្តឲ្យផ្ដាច់មុខក្នុងថ្ងៃខួបកំណើត ក្នុងពេលនាងកន្លងមកជិះតែរថយន្តរួមជាមួយគ្រួសារ។
សោភា ទេពី និយាយថានាងមិនមែនជាតារាសិល្បៈដែលចូលប្រឡូកអាជីពរបាំបុរាណ និង ចម្រៀងសម័យដើម្បីធ្វើឈ្នាន់នោះទេ ដោយសារតែជីវភាពរបស់នាងមានកម្រិតធូរធារ។ ក្រៅពីមានឳពុកជាផ្កាយ២ នាងក៏មានបងស្រីជាម្ចាស់«សប្បាយKTV» ក្លិបឌីស្កូ និងមុខជំនួញច្រើនមុខ ខណៈដែលនាងប្រកាសថាចូលប្រឡូកសិល្បៈ គឺដើម្បីកេរ្តិ៍ឈ្មោះ។
សោភា ទេពី អះអាងថានាងតម្រូវមិនឲ្យតារាសិល្បៈចងដៃនាងក្នុងថ្ងៃខួបកំណើត គឺដោយសារតែនាងចង់ឲ្យតារាសិល្បៈ និងភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីខួបកំណើតនាងសប្បាយចិត្តដោយគ្មានសម្ពាធ និងដើម្បីបង្កើតទំនាក់ទំនង។ នៅក្នុងពិធីរបស់នាង ក្រៅពីតារាសិល្បៈក៏មានអ្នកមុខអ្នកមាត់ និងម្ចាស់ក្រុមហ៊ុនតូចធំចូលរួមផងដែរ៕
https://youtu.be/SuufkEfeJ48
មតិយោបល់