ជប៉ុនៈ ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃសៅរ៍ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងត្បូងប្រទេស នៅសប្ដាហ៍នេះ បានកើនឡើងដល់ ១៥ នាក់ហើយ បន្ទាប់ក្រុមជួយសង្គ្រោះ បានទៅដល់ភូមិដាច់ស្រយាល ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១៤ នាក់បាត់ខ្លួន ខណៈកំពុងមានការព្រួយបារម្ភថាពួកគេបានស្លាប់។ នេះបើយោងតាមសារព័ត៌មាន US Today ចេញផ្សាយនៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៧។
អាជ្ញាធរបានចេញសេចក្ដីព្រមានអំពីភ្លៀងធ្លាក់ខ្លាំង សម្រាប់ផ្នែកខ្លះ ស្ថិតនៅភាគខាងត្បូងកោះឃ្យូស៊ូ កាលពីថ្ងៃសៅរ៍ គឺ នៅថ្ងៃបន្ទាប់ពីព្យុះសង្ឃរាណាម៉ាដូ បានវាយប្រហារនៅទូទាំងប្រទេសជប៉ុន បង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានបំផ្លាញផ្ទះរាប់រយខ្នង រួមទាំងផ្លូវ និងដីស្រែផងដែរ។
ប្រមុខគណៈរដ្ឋមន្ត្រីលោក Yoshihide Suga បាននិយាយថា ទាហាន, អ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះផ្សេងទៀតចំនួន ១២.០០០ នាក់ កំពុងបន្តស្វែងរកអ្នកបាត់ខ្លួនតាមបំណែកថ្មចេញពីផ្លូវថ្នល់ និងការផ្គត់ផ្គង់ទឹកសាប ព្រមទាំងចំណីអាហារ សម្រាប់ជនភៀសខ្លួន នៅឯសាលារៀនមួយ។
គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋជិត ១.០០០ នាក់ ត្រូវបានគេជួយសង្គ្រោះ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ប៉ុន្តែមនុស្សជាច្រើន នៅតែត្រូវបានគេជឿថា អាចនឹងជាប់គាំងនៅទីនោះ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានពន្យារពេល ដោយសារតែភ្លៀង និងទឹកជំនន់ នៅតែបន្តធ្លាក់ឥតឈប់ឈរ៕
មតិយោបល់