ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន ពន្លឺ Surprise ខួបកំណើត ឲ្យអ្នកចង់ឲ្យលោកជាប់គុក

ក្នុងពិធីខួបកំណើត តារាចម្រៀង និង ជាអ្នករបាំ សោភា ទេពី ក្រៅចាប់អារម្មណ៍រឿងនាងទទួលបានរថយន្តតម្លៃ៤ម៉ឺនដុល្លារពីបុរសផ្កាយ២ជាឪពុក នាងក៏ត្រូវគេចាប់អារម្មណ៍ផងដែរក្រោយពេលអតីតគូជម្លោះរបស់នាងគឺ លោក ឈួន ពន្លឺ កាន់នំខួបមកពញាក់អារម្មណ៍ដល់KTV។ អ្នកខ្លះថែមទាំងប៉ាន់ស្មានថាអ្នកទាំង២ក្រោយពេលផ្សះផ្សាយអាចនឹងល្អលើសពីមិត្តភាពនោះផង។

ក្នុងពេលលោក ឈួន ពន្លឺ ផ្ទុះរឿងបែកបាក់ជាមួយសង្សារ គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងកញ្ញា សោភា ទេពី បានចេញមុខការពារអតីតសង្សាររបស់លោក ដោយបានទាំងជេរប្រទិចលោក និង ស្នើឲ្យភាគីខាងស្រីដាក់បណ្ដឹងឲ្យធ្ងន់ នៅពេលនាងឃើញអតីតសង្សាររបស់លោកមានបំណងធ្វើឃាតខ្លួន ដោយការអារដៃ។ ទេពីបានហៅលោក ឈួន ពន្លឺ ថាជាប្រុសគ្មានការទទួលខុសត្រូវ និងបានជំរុញឲ្យភាគីខាងស្រីដាក់បណ្ដឹងជំនួសឲ្យការអារដៃ និងចង់សម្លាប់ខ្លួន ដោយនាងអះអាងមនុស្សប្រុសធ្វើឲ្យនារីចង់ស្លាប់ត្រូវតែប្ដឹងឲ្យជាប់គុក។

ក្រោយការបង្ហោះយោបល់ជាសារធារណៈរបស់នាងបានធ្វើជម្លោះរវាងនាង និងឈួន ពន្លឺ រីកធំ ដោយមានទាំងសមាជិកគ្រួសារតារាកម្ពុជាចូលខ្លួនរិះគន់នូវពាក្យសម្ដីរបស់នាង ហើយធ្វើឲ្យមានការតវ៉ាដាក់គ្នាមួយប្រ៉ាវផង។ យ៉ាងណាមិញទំនាស់របស់អ្នកទាំងពីរត្រូវបានបញ្ចប់ បន្ទាប់ពីលោកឈួន ពន្លឺបាន អះអាងថាហេតុផលដែលលោកសម្រេចចិត្តបែកពីសង្សារគឺដោយសារតែលោកទ្រាំមិនបាននឹងអតីតសង្សារចូលចិត្តអារដៃ និងចង់ធ្វើឃាតខ្លួនឯងគ្រប់ពេលប្រច័ណ្ឌ និង ឈ្លោះគ្នា គឺមិនមែនសុខៗលោកសុំបែក ហើយទើបអតីតសង្សារខូចចិត្តដល់ថ្នាក់អារដៃ និងចង់ធ្វើឃាតខ្លួនឯងនោះ។

លោកថាលែងហ៊ានបន្តទំនាក់ទំនងដោយសារតែខ្លាចជាប់គុក ក្នុងពេលអតីសង្សារគិតខ្លី ទើបសម្រេចបាយបាយ រហូតធ្វើឲ្យអ្នកមិនដឹងរឿងចោទថាលោកជាមនុស្សមិនល្អ។ សោភា ទេពី បានសម្រេចចិត្តលុបចោលនូវការបង្ហោះ និងបានសុំទោសលោក ឈួន ពន្លឺ តែគេមិននឹកដល់ថាអ្នកទាំង២អាចត្រូវរ៉ូវគ្នា ដល់ថ្នាក់លោកទិញនំទៅSurprise នាងក្នុងថ្ងៃខួបកំណើតនោះទេ។

លោក ឈួន ពន្លឺ បានហៅជម្លោះជាមួយនាងថាជាមូលហេតុនាំឲ្យយល់ចិត្តគ្នា ក្រោយពេលអ្វីៗត្រូវបានផ្សះផ្សារ។ យ៉ាងណាមិញលោកថារវាងលោក និងនាងអត់មានអ្វីពិសេសនោះ គឺរាប់អានគ្នាដូចបងប្រុស និងប្អូនស្រីសុទ្ធសាធ បើទោះជាក្នុងថ្ងៃខួបរបស់នាងមើលទៅដូចជាផ្អែមល្ហែម និងរ៉ូម៉ែនទិចបន្តិច។

សោភា ទេពី និយាយថា នាងសប្បាយចិត្តដែលលោក ឈួន ពន្លឺ មិនប្រកាន់ចំពោះរឿងរ៉ាវដែលបានកើតឡើង ដោយបានទាំងធ្វើនំមកឲ្យនាងផ្លុំ ដោយដឹងទាំងអាយុពិតរបស់នាងទៅទៀត។ នាងថាខ្លួនមានអ្នកស្រឡាញ់យូរហើយ ទើបស្នើកុំឲ្យយល់ថាទំនាក់ទំនងត្រូវរ៉ូវរវាងនាង និងលោក ឈួន ពន្លឺ ក្រោយពេលឈ្លោះគ្នា គឺមិនមានអ្វីចម្លែក៕

https://youtu.be/YdV5fDAf37k

មតិយោបល់