ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ស្រីពេជ្រ យំឡើងហើមភ្នែក!

តាំងពីរសៀលថ្ងៃទី១១ កក្កដា គេឃើញតារាសម្ដែងកញ្ញា ហេង ស្រីពេជ្រ ឆ្លេរឆ្លារទូរសព្ទទៅកាន់អ្នកស្គាល់គ្នា ដោយអារម្មណ៍ភ័យផង យំផង ព្រោះតែហ្វេសប៊ុករបស់នាងត្រូវបានគេ Hack ហើយនាងមិនអាចលេងបានដូចមុន។ អ្វីដែលអ្នកនាងបារម្ភជាងគេ គឺឆាតឯកជន ដែលអាចត្រូវគេយកទៅទម្លាយ និងរឿងគេយកគណនីរបស់នាងទៅបង្ហោះផ្ដេសផ្ដាសដែលនាំឲ្យនាងខូចឈ្មោះ។

ហេង ស្រីពេជ្រ និយាយថា ក្រោយពីនាងពឹងគេឲ្យទាញគណនីនោះមកវិញមិនបាន នាងមានការពិបាកចិត្តយំដល់ហើមភ្នែក ដោយសារតែស្ដាយ Account ហ្វេសប៊ុកចាស់ និងភ័យខ្លាចអាថ៌កំបាំងដែលនាងឆាតឆ្លងឆ្លើយជាមួយអ្នកស្គាល់ត្រូវបានគេដឹង។ យ៉ាងណាមិញ កញ្ញានិយាយថាការភិតភ័យខ្លាំងបំផុតគឺខ្លាចអ្នក Hack ចូលយកទៅហ្វេសប៊ុករបស់នាងក្នុងផ្លូវមិនល្អ ជាពិសេសការដែលអាចធ្វើឲ្យនាងស្អុយឈ្មោះ។

នាងនិយាយដោយពាក្យសម្ដីអួលដើមកថា«គ្រាន់តែដឹងថា Account នឹងគេលួចបាត់ខ្ញុំយំឡើងហើមភ្នែក ខ្ញុំភ័យជាងគេខ្លាចតែវាយក Account ខ្ញុំទៅធ្វើអីមិនល្អទេ ជាពិសេសខ្ញុំឆាតលេងប៉ាតណាប៉ាតណី ខ្លាចតែវាយកមកទម្លាយអីទេ»។ កញ្ញាប្រកាសថាគណនីដែលនាងធ្លាប់ប្រើ បានក្លាយជាហ្វេសប៊ុកស្អុយចូលប្រើកើតដូចមុនទៀតហើយ ដោយស្នើកុំឲ្យមានការរិះគន់បើគណនីនោះបើឃើញផុសអ្វីផ្ដេសផ្ដាស។

កញ្ញាបង្ហាញអារម្មណ៍ស្ដាយស្រណោះ ដោយអះអាងថា គណនីដែលត្រូវគេលួចយកបាត់នោះ គឺជាគណនីដែលនាងប្រើតាំងពីដំបូង និងមានអ្នកលេងជាមួយសុទ្ធតែជាតារា និងផលិតករល្បីៗ។ កញ្ញានិយាយថា បើទោះជាគណនីហ្វេសប៊ុកថ្មី ក៏ពិតជាមិនអាចនឹងឲ្យប្រជាប្រិយភាពរបស់នាងបានល្អដូចគ្នានឹងគណនីចាស់នោះទេ ដោយសារគណនីនោះក្រៅមានមិត្តភក្តិច្រើនហើយ គឺថែមទាំងសុទ្ធតែជាមនុស្សសំខាន់។ កញ្ញានៅតែអះអាងថានៅយំមិនទាន់បាត់ ជាពិសេសនៅពេលដឹងថា គណនីមួយនោះមិនអាចសង្គ្រោះបាន។ កញ្ញាបានស្នើឲ្យតារាសិល្ប: ជួយប្រកាសគណនីហ្វេសប៊ុករបស់នាងត្រូវបានគេលួច ដើម្បីកុំមានការបង្ហោះពីគណនីមួយនោះ កុំឲ្យមានការភាន់ច្រឡំថាជាស្នាដៃរបស់នាង។

តារាសិល្ប:ជាមិត្តជិតស្និទ្ធិរបស់នាង សុទ្ធតែជួយប្រកាសពីដំណឹងមួយនេះឲ្យនាង ដោយអ្នកទាំងនោះក៏រួមគ្នាថ្កោលទោសចំពោះអ្នកលួចយកគណនីហ្វេសប៊ុករបស់កញ្ញា ហេង ស្រីពេជ្រ បណ្ដាលឲ្យនាងយំឡើងហើមភ្នែក ដោយសារតែស្ដាយផង និងភ័យផងនោះ៕

មតិយោបល់