ក្នុងរយៈពេលនេះ គេឃើញតារាចម្រៀងយុវវ័យស្ទើរទាំងអស់នៅក្នុងប្រទេសកម្ពុជា ប្រជែងគ្នាចេញបទបែកស្លុយប្លែកៗជាច្រើន ដោយមិនខ្វល់ថាបទចម្រៀងទាំងនោះជាការពង្វក់ដល់ក្រុមយុវវ័យអោយឈ្លក់វង្វេង និងជាការរួមចំណែកបំបាត់នូវអត្តសញ្ញាណខ្មែរ ដែលធ្លាប់តែវាយលុកដោយបទចម្រៀងប្រពៃណីខ្មែរក្នុងពេលចូលឆ្នាំមកដល់នោះទេ។ យ៉ាងណាក៏ដោយ គេនៅតែឃើញតារាចម្រៀង អ្នកនាងខាត់ សុឃីម ប្រឹងចេញបទប្រពៃណី ដោយក្រៅពីចេញបទចម្រៀងសម្រាប់គ្រាន់រាំក្នុងឱកាសបុណ្យចូលឆ្នាំនៅក្នុងផលិតកម្មហង្សមាស អ្នកនាងក៏ចេញចម្រៀងឯកជនមួយបទ ស្ដាប់ហើយសង្វេគសិល្បៈបុរាណ ដែលមិនខុសពីខោកក្បាលអ្នកពេញនិយមបទបែកស្លុយ ដោយមិនខ្វល់ពីការប៉ះពាល់ចំពោះវប្បធម៌របស់ជាតិខ្លួនឯងនោះដែរ។
បទចម្រៀងដែលធ្វើអោយអ្នកលេងហ្វេសប៊ុក ចាប់អារម្មណ៍ចំពោះអ្នកនាង ហើយទើបតែចេញក្ដៅៗនៅលើប្រព័ន្ធអនឡាញនោះ មានចំណងជើងថាបទ«រងារ»ដោយបទចម្រៀងនេះ ក្រៅពីមានសាច់ភ្លេងពោរពេញដោយអត្តសញ្ញាណពីតន្ត្រីរបស់ខ្មែរ ក៏មានអត្តន័យស្ដាប់ហើយឈឺចាប់នឹងការប្រែប្រួលនៃសង្គមយុវវ័យចំពោះសិល្បៈបុរាណនាពេលនេះផងដែរ។ សាច់ភ្លេងក្នុងបទចម្រៀងនេះ ត្រូវគេដឹងថាមានការរួមបញ្ចូលដោយភ្លេងឆៃយ៉ាំ ភ្លេងពិណ្យពាទ្យ ស្ករ និងភ្លេងសម័យ ដែលធ្វើអោយប្លែកត្រចៀក ប៉ុន្តែគេនៅតែមើលឃើញថាអត្ថន័យបទនេះ ពោរពេញដោយខ្លឹមសារស៊ីជម្រៅជាង ដែលអ្នកបានស្ដាប់ហើយ ពិតជាមើលឃើញពីផលប៉ះពាល់នៃចង្វាក់បែកស្លុយ និងការពេញនិយមនូវបទចម្រៀងបែបចង្វាក់បរទេសទាំងនោះ។
ត្រង់ចំណុចដែលអ្នកនាងច្រៀងថា«ល្ខោន យីកេ និងបទប្រពៃណីនានា លែងមានអ្នកចង់ស្ដាប់» អ្នកនាងខាត់ សុឃីម បានអះអាងបន្ថែមពីលើបទចម្រៀងថា អ្វីដែលបានស្ដែងឡើងនៅក្នុងប៉ារ៉ូលចម្រៀងនេះ គឺជារឿងដែលមនុស្សភាគច្រើនមើលឃើញ ហើយក៏ជាអ្វីដែលអ្នកនាងចង់ផ្ញើសារទៅកាន់មហាជនផងដែរ ថាការផ្លាស់ប្ដូរទម្លាប់ដែលបានធ្វើឡើង គឺជាអ្វីដែលរួមចំណែកអោយខ្មែរបាត់បង់អត្តសញ្ញាណវប្បធម៌របស់ខ្លួន។ អ្នកនាងថាជាការសង្វេគចិត្តណាស់ ដែលពេលបទចម្រៀងបែកស្លុកបង្ហាញខ្លួននៅលើវេទិកា គឺមានយុវវ័យទះដៃស្ទះតែបាក់ដៃចោល ប៉ុន្តែដល់ពេលចម្រៀងបុរាណចេញមក គឺបាត់អ្នកគាំទ្រអស់រលីង ដែលមិនខុសពីធ្វើអោយក្រុមតន្ត្រីបុរាណ ឬអ្នកចម្រៀងបុរាណ បាត់បង់កម្លាំងចិត្តបន្តការងារ។ ស្របគ្នាដែលឆាកតន្ត្រី និងកម្មវិធីនានារំលេចតែបទបែកស្លុយ និងយុវវ័យតម្រូវចិត្តតែយុវវ័យទៀត ទើបធ្វើអោយអ្នកសិល្បៈបុរាណក្លាយជាមនុស្សអស់តម្លៃ។ យ៉ាងណាមិញ អ្នកនាងថាខ្លួននឹងបន្តធ្វើអោយសិល្បៈបែបចម្រៀងប្រពៃណី និងជាលក្ខណៈអត្តសញ្ញាណជាតិអាចហើបតិចៗ បើទោះជាការចេញបទរបស់ខ្លួន នៅមិនទាន់ដឹងថានឹងមានអ្នកគាំទ្រកម្រិតណានៅឡើយ។ អ្នកនាងខាត់ សុឃីម និយាយថាបទចម្រៀង«រងារ»គឺសំដៅពីភាពបាត់បង់ការគាំទ្រនូវសិល្បៈបុរាណក្នុងស្រទាប់មហាជន ដោយអ្នកនាងបញ្ជាក់ថានេះជាបទនៅខាងក្រៅផលិតកម្ម ដែលអ្នកនាងចេញច្រៀងដើម្បីបង្វែរអារម្មណ៍មហាជនអោយអាណិតចំពោះតារាសិល្បៈខាងផ្នែកបុរាណវិញផង៕
https://youtu.be/VahMKHWTRrc












មតិយោបល់