ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារសាខាកាំកុងត្រូល ដោយបានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងដោយទទួលបានការចាត់បញ្ជូនរថយន្តពិសោធន៍ចល័ត រួមជាមួយនឹងមន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅធ្វើការអង្កេតទីផ្សារក្រោលគោ ស្រុកស្វាយជ្រុំ ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ជាពិសេសគឺការស្វែងរកសារធាតុគីមីដែលហាមឃាត់មិនឲ្យប្រើប្រាស់បន្ថែមលើម្ហូបអាហារ តាមរយៈការធ្វើពិសោធន៍ផ្ទាល់នៅនឹងកន្លែងលើ បន្លែ ផ្លែឈើ និងសាច់ មួយចំនួន ។
ជាលទ្ធផលបង្ហាញថា ពុំមានសារធាតុគីមីហាមឃាត់ត្រូវបានប្រើប្រាស់លើ សាច់ និង ផ្លែឈើឡើយ តែយើងបានរកឃើញ សំណល់ថ្នាំគីមីកសិកម្ម នៅលើ មើមខ្ទឹមស និង ស្លឹកខ្ទឹម ទោះបីជាមានចំនួនបន្តិចបន្តួចក៏ដោយ ក៏ក្រុមការងារបានធ្វើការដកហូត និងណែនាំមិនឲ្យដាក់តាំងលក់នូវបន្លែទាំង២ប្រភេទខាងលើ ក៏ដូចជាការជូនដំណឹងដល់សារធារណ:ជន ពីបញ្ហានេះតាមរយ:ប្រព័ន្ធផ្សព្វផ្សាយផងដែរ ។
សូមបញ្ជាក់ជូនថា ផលិតផលស្លឹកខឹ្ទមនេះពុំមានការនាំចូលតាមមាត់ច្រកណាមួយនៃខេត្តស្វាយរៀងទេ គឺមានតែ មើមខ្ទឹមស ដែលនាំចូលតាមមាត់ច្រកអន្តរជាតិបាវិត តែសាខាបានជូនដំណឹងអំពីការផ្អាកការនាំចូលបណ្តោះអាសន្ន នូវផលិតផលមើមខ្ទឹមស តាំងពីលើកមុន នៅពេលដែលយើងបានបញ្ជូនគំរូមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ហើយបានរកឃើញថា មានសំណល់ថ្នាំគីមីកសិកម្ម ។ ការលើកលែងការហាមឃាត់ លុះត្រាតែលទ្ធផលថ្មីបញ្ជាក់ថាមានភាពល្អប្រសើរ ៕
មតិយោបល់