ក្រោយពីបានប្រកាសផ្ដាច់ខ្លួនពីផលិតកម្មBN តារាចម្រៀងនាង ច័ន្ទ ម៉ាលីស បានអះអាងថានាងមិនទាន់សម្រេចចិត្តចូលច្រៀងនៅក្នុងផលិតកម្មណាមួយនោះទេ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺនាងបានក្លាយជាម្ចាស់ហាងសាឡន និងធ្វើពិធីឡើងផ្ទះថ្មីយ៉ាងកាលីបនៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ។
កញ្ញា បានឆ្លើយបញ្ជាក់ថា កញ្ញាពិតជាបានបើកហាងសាឡនមួយប្រាកដដោយបានដំណើរការប្រមាណជា១សប្ដាហ៍មកហើយនៅម្ដុំប៉ារ៉ាឌីនៅទួលទំពូង។ នាងថាហេតុផលនៃការបើកសាឡននេះគឺដោយសារនាងចង់ពង្រឹងប្រាក់ចំណូល បន្ទាប់ពីអាជីវកម្មបើកភោជនីយដ្ឋានដែលឪពុកម្ដាយនាងប្រគល់ឲ្យនៅខេត្តព្រៃវែង ក៏ទទួលបានជោគជ័យ។ ជាមួយនឹងការក្លាយខ្លួនជាម្ចាស់ហាងសាឡនក្នុងពេលអាជីពចម្រៀងចូលជ្រកផលិតកម្មថ្មីនៅមិនទាន់លេចឡើង នាងក៏សារភាពថានៅខេត្តព្រៃវែងដែលជាទីកំណើតរបស់នាង ក៏មានពិធីសូត្រមន្តឡើងផ្ទះ និងជប់លៀងឡើងផ្ទះតម្លៃខ្ទង់ម៉ឺនដុល្លារនៅឯស្រុកកំណើតផងដែរ។
នាងថាផ្ទះនេះជារបស់ឪពុកម្ដាយ តែនាងជាកូនម្នាក់ដែលមានសិទ្ធិកាន់កាប់ក្នុងនាមជាម្ចាស់ទ្រព្យផងដែរ ដោយសារតែនាងគឺជាកូនស្រីម្នាក់ដែលក្រុមគ្រួសារគិតគូរ។ នាងគម្រោងហក់ចូលផលិតណាមួយក្នុងពេលខាងមុខ តែបើទោះជាមិនទាន់ចូលផលិតកម្មណាមួយក៏នាងនៅតែមានសកម្មភាពសិល្បៈមមាញឹក ជាពិសេសគឺការឡើងឆាកទូរទស្សន៍ ដោយនាងក៏នឹងមានគម្រោងផលិតបទថ្មី ប្រសិនបើការហក់ចូលផលិតកម្មថ្មីនៅមិនទាន់បានធ្វើ។
ជាមួយនឹងឱកាសក្លាយជាម្ចាស់សាឡនផង និងជាម្ចាស់ផ្ទះតម្លៃខ្ទង់ម៉ឺនដុល្លារ បើកសម្ពោធយ៉ាងគគ្រឹកគគ្រេងនៅស្រុកកំណើតទន្ទឹមគ្នានេះហើយ ដែលធ្វើឲ្យ ច័ន្ទ ម៉ាលីស ទទួលបានកាសរសើរថានាងពិតជាតារាសិល្បៈកាលីបខ្ពស់បើទោះនាងត្រូវបានគេរិះគន់ជុំវិញបទចម្រៀង៉ទាល់តែយូរ ទើបស៊ីអូនបាន” មុនពេលមានគេស្គាល់ច្រើននោះក្ដី។
មតិយោបល់