ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន លក្ខិណា ប្រាប់ពីចិញ្ចៀនពេជ្រម៉ឺនដុល្លារ ដែលទើបទទួលបានយប់មិញ

កាលពីយប់ថ្ងៃទី២១ ធ្នូ យប់មិញ តារាសម្ដែង និងជាពិធីការិនីកញ្ញា ថន លក្ខិណា បានទទួលចិញ្ចៀនពេជ្រក្នុងទំហ៊ំជាការ៉ាត់តែម្ដង នៅក្នុងពិធីខួបកំណើតរបស់នាង ដែលបានធ្វើឡើងជាលក្ខិណៈគ្រួសារ នៅភោជនីយដ្ឋានស្ប៉ាកតាវ៉ាន់ដេង។ នេះជាពិធីខួបកំណើតមុនកំណត់ មុនថ្ងៃកំណើតរបស់នាងនៅថ្ងៃទី២២ ធ្នូ នេះមួយថ្ងៃ ដោយសារតែចំថ្ងៃកំណើតគឺនាងមិនមានពេលជួបជុំ។

ថន លក្ខិណា និយាយថា ពិធីខួបកំណើតដែលបានធ្វើឡើងកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៧នោះ គឺជាពិធីខួបគម្រប់២៨ឆ្នាំ ដោយនាងអត់បានគម្រោងរៀបចំធំដុំទេ គឺគ្រាន់តែហៅក្រុមការងារតន្ត្រីរបស់ទូរទស្សន៍ហង្សមាស និងក្រុមគ្រួសាររួមម្ដាយបងស្រី បងប្រុស បងថ្លៃ និងមិត្តភ័ក្រ្តជិតស្និទ្ធប្រមាណជា២០នាក់ប៉ុណ្ណោះ ទៅញាំអាហារជុំគ្នា ដើម្បីបង្កើតជាភាពរីករាយជាលក្ខិណៈឯកជន។

ប៉ុន្តែនៅពេលដែលនាងទៅដល់ក៏ស្រាប់តែមានរៀបចំពីក្រុមគ្រួសារធ្វើខួបអោយនាង ដែលមើលទៅហាក់ដូចជាធំដុំតែម្ដង ដោយមានទាំងការរៀបចំនំខួប បាច់ផ្កា និងមានការអបអរដែលមើលទៅហាក់ដូចជាធំដុំ។ មួយវិញទៀតក៏មានការជូនបាច់ផ្កា អមដោយកាដូចិញ្ចៀនពេជ្រមួយវង់ ដែលធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលនឹងកាដូនោះផងដែរ ខណៈដែលនាងប្រកាសថា សុំមិនបង្ហើបប្រាប់ពីតម្លៃរបស់ចិញ្ចៀននោះ។ យ៉ាងណាមិញ នាងថាចិញ្ចៀននោះអត់មានអ្នកណាទិញកាដូអោយនាងនោះទេ គឺជាចិញ្ចៀនដែលនាងបានកុម្ម៉ង់ខ្លួនឯង ហើយអោយម្ដាយរបស់នាង និងបងស្រីរបស់នាង ជាអ្នកធ្វើកាដូយកមកអោយនាង ដោយសារតែលុយដែលទិញចិញ្ចៀននោះមានចំណែករបស់ម្ដាយ និងបងៗជួយខ្លះប៉ុណ្ណោះ។

នាងថាចិញ្ចៀននោះ បានមកពីនាងយកចិញ្ចៀនពេជ្ររបស់នាងចំនួន៣វង់ទៅដូរ ហើយបន្ថែមគ្រាប់ពេជ្រអោយធំជាងមុន ដោយសាច់ចិញ្ចៀនដែលជាមាសថ្មី ក៏មានការឧបត្ថម្ភពីបងប្រុសរបស់នាងដែលជាអ្នកច្នៃម៉ូដផងដែរ។ នាងនៅតែអះអាងថា សុំមិនបញ្ចេញតម្លៃពិតប្រាកដរបស់ចិញ្ចៀននេះទេ បើទោះជាមានការប៉ាន់ស្មានខុសៗគ្នាថា នេះជាចិញ្ចៀនដែលមានតម្លៃប៉ុណ្ណេះម៉ឺនប៉ុណ្ណោះម៉ឺន ដែលមិនដឹងថាមួយណាជាការត្រឹមត្រូវ។ នាងថាចិញ្ចៀននេះ ពិតជាមានតម្លៃខ្ពស់ តែនាងសុំមិននិយាយថាប៉ុន្មានទេ ដើម្បីកុំអោយថានាងអួត ឬចង់សម្ញ៉ែងភាពឡូយឆាយ ដែលនាំអោយមានការរិះគន់។

នាងនៅតែអះអាងថាចិញ្ចៀននេះ ជាប្រាក់កាសផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីនាងបានចិញ្ចឹមចិត្តស្រឡាញ់ចិញ្ចៀន ដែលមានគ្រាប់ពេជ្រធំទំហំ នឹងជាយូរមកហើយ ហើយទើបតែមានលទ្ធភាពទិញតាមរយៈយកចិញ្ចៀនចាស់៣វង់ទៅដូរ និងមានការថែមថយពីម្ដាយ និងបងៗមួយចំនួន ទើបអាចអោយនាងកុម្ម៉ង់បាន៕

មតិយោបល់