តារាសម្ដែងអ្នកនាង ម៉ី ហ្សិនយ៉ា ក្រោយពីបានត្រូវរ៉ូវជាមួយស្វាមីជាមន្ត្រីក្រសួងផែនការជាថ្មី គេកត់សម្គាល់ថាជីវិតឯកជនរបស់តារាស្រីរូបនេះ កាន់តែមានសុភមង្គលជាងមុន។ ក្រៅពីបើកហាងសាឡនឲ្យមួយអស់ដើមចង់ ម៉ឺនដុល្លារធ្វើឲ្យអ្នកនាងបានក្លាយជាថៅកែស្រីផ្ដាច់មុខ បន្ថែមពីលើមុខរបរទទួលបុកគ្រឹះសំណង់ជាលក្ខណៈគ្រួសារ ស្វាមីរបស់អ្នកនាងក៏ចំណាយលុយធ្វើខួបឲ្យអ្នកនាងយ៉ាងកាលីបក្នុងហាងមួយកន្លែងនៅម្ដុំភ្នំពេញថ្មីកាលពីយប់ថ្ងៃទី២៨ កក្កដា អមដោយប្រគល់កាដូឲ្យយ៉ាងពិសេសដែលធ្វើឲ្យតារាស្រីរូបនេះស្ដាប់ហើយរំជួលចិត្តដល់ថ្នាក់បង្ហូរទឹកភ្នែក។
គ្មានអ្នកណាមិនរំភើបជំនួសម្ចាស់ខួបនោះទេ ក្នុងពេលដែលយប់ថ្ងៃធ្វើខួបកំណើតរបស់អ្នកនាងម៉ី ហ្សិនយ៉ា គេឃើញស្វាមីរបស់នាងកាន់នំមកជូនពរអ្នកនាង និងបានប្រកាសនៅចំពោះមុខមិត្តភក្តិជាភ្ញៀវកិត្តិយសចូលរួមនូវកាដូធំបំផុតដែលអ្នកនាងប្រកាសថានោះជាកាដូមានន័យក្នុងជីវិតដែលអ្នកនាងបានទទួលនៅក្នុងឆ្នាំនេះ។ អ្នកនាងត្រូវបានស្វាមីប្រកាសថា នឹងផ្ដល់ឲ្យអ្នកនាងមានសុភមង្គលអស់មួយជីវិត និងឈប់ឲ្យបង្ហូរទឹកភ្នែកដូចមុន ជាពិសេសគឺនឹងធ្វើឲ្យអ្នកនាងសប្បាយចិត្តរឿងលុយរឿងកាក់ និងរឿងមិនមាននារីក្រៅផ្ទះដូចដែលបានកើតឡើង។
លោកក៏បានប្រកាសសូមទោស និងបានសន្យារមើលថែអ្នកនាងដោយចិត្ត និងបេះដូង ដើម្បីឲ្យអ្នកនាងមានសុភមង្គលផ្លូវចិត្តជារៀងរហូតផងដែរ។ គេឃើញតារាសម្ដែងអ្នកនាង ម៉ី ហ្សិនយ៉ា សើចផងយំផងក្នុងម៉ោងផ្លុំទៀនថ្ងៃខួបកំណើត ជាពិសេសក្នុងពេលបានស្ដាប់សម្ដីស្វាមីដែលបានប្រកាសឡើងជាចំហរ។ ស្វាមីរបស់អ្នកនាងក៏បានប្រកាសថានឹងជូនអ្នកនាងដើរលេងនៅក្នុងប្រទេសថៃក្នុងប៉ុន្មានថ្ងៃខាងមុខនេះជាកាដូឲ្យអ្នកនាងកាន់តែសប្បាយចិត្ត ក្នុងថ្ងៃឆ្លងមួយឆ្នាំទៀតរបស់អ្នកនាងនាយប់នោះផងដែរ។ តារាសិល្បៈច្រើននាក់រួមមានតារាកំប្លែង អ្នកនាងទេព បុទមបូផល និងតារាសម្ដែងអ្នកនាង យីវ ម៉ូលីកា ជាដើម សុទ្ធតែបានបង្ហាញអារម្មណ៍រំភើបចិត្តជំនួសអ្នកនាង ក្នុងពេលដែលគេម្នាក់ៗបានលើកឡើងថាប្ដីប្រពន្ធគឺមិនអត់នោះទេ រឿងខុសមួយដងឆ្គងមួយថ្ងៃ ប៉ុន្តែនឹងកាន់តែយល់ចិត្តគ្នាវិញ ក្រោយពេលភាគីម្នាក់ៗមានការទទួលខុស។
អ្នកនាង ម៉ី ហ្សិនយ៉ា បានទទួលស្គាល់ថាស្វាមីរបស់អ្នកនាងពិតជាធ្វើឲ្យអ្នកនាងសប្បាយចិត្តជាងមុនប្រាកដមែន បើធៀបនឹងពេលដែលអ្នកនាងនឹងស្វាមីមិនទាន់ផ្ទុះរឿងបែកគ្នាមួយរយៈ។ អ្នកនាងថាក្រោយពេលត្រូវរ៉ូវស្វាមីកាន់តែយល់ថ្លើមខុសពីមុន ដោយបានចំណាយលុយឲ្យអ្នកនាងបើកហាងសាឡនតាមក្ដីស្រម៉ៃដែលអ្នកនាងចង់បានកាលពីប៉ុន្មានអាទិត្យមុន និងបានរៀបចំពិធីខួបកំណើតឲ្យអ្នកនាងយ៉ាងកាលីបនៅ KTV ហ៊េវិននៅម្ដុំភ្នំពេញថ្មីដើម្បីឲ្យអ្នកនាងសប្បាយចិត្ត ដោយបានទាំងបើកសិទ្ធិឲ្យអ្នកនាងអញ្ជើញមិត្តភក្តិជាតារាសិល្បៈ និងមិត្តភក្ដិក្រៅសិល្បៈឲ្យចូលរួម។
អ្នកនាងរំភើបចិត្តនៅពេលស្វាមីប្រកាសសន្យានៅចំពោះមុខអ្នកចូលរួម ដោយនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ អ្នកនាងថាស្វាមី នឹងជូនដើរលេងនៅក្នុងប្រទេសថៃមួយសប្ដាហ៍ បន្ទាប់ពីលោកបានទិញសំបុត្រយន្តហោះឲ្យរួចហើយជាកាដូដល់អ្នកនាងនៅថ្ងៃខួបកំណើត។ អ្នកនាងថាជារឿងរាល់ឆ្នាំស្វាមីមិនដែលបំភ្លេចថ្ងៃខួបរបស់ខ្លួននោះទេ ដោយកាលពីឆ្នាំមុនបានទិញរថយន្តទំនើបឲ្យមួយគ្រឿង ហើយនៅក្នុងឆ្នាំនេះដ្បិតថាអត់មានកាដូតម្លៃរាប់ម៉ឺនឲ្យដូចមុន ប៉ុន្តែបានទទួលសន្យាពីយ៉ាងពិសេសក្នុងជីវិត និងបានប្ដីនាំទៅលេងប្រទេសថៃ ដែលអ្នកនាងប្រកាសថាមានតម្លៃក្នុងជីវិតជាងរថយន្តខ្ទង់ម៉ឺនដុល្លារដែលអ្នកនាងធ្លាប់ទទួលនោះទៅទៀត។
អ្នកនាងថាស្វាមីគ្រោងចំណាយដល់ពាន់ដុល្លារក្នុងឱកាសជូនដើរកម្សាន្តនៅក្នុងប្រទេសថៃនោះ ដើម្បីលម្ហែរអារម្មណ៍ផង បង្កើតអនុស្សារីយ៍ជាថ្មីជាមួយគ្នាផង និងបើកសិទ្ធិឲ្យអ្នកនាងបានដើរទិញទំនិញដែលអ្នកនាងចង់បានផង៕
មតិយោបល់