ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករថៃនៅប៉ុស្ដិ៍លេខ៥ សរសើរតារាខ្មែរក្នុងភាពយន្ត២

កាលពីថ្ងៃទី២៩ កក្កដា ផលិតករប៉ុស្ដិ៍លេខ៥បានសរសើរដោយចំហរថាតារាសម្ដែងនៅក្នុងប្រទេសកម្ពុជាកាន់តែបានឈានឡើងក្នុងការសម្ដែងភាពយន្ត បើទោះជាតារាភាគច្រើនមិនបានឆ្លងកាត់ការបង្វឹកបែបអាជីពដូចគ្នានឹងតារាសម្ដែងរបស់ប្រទេសថៃផ្ទាល់។ ក្នុងនោះតារាដែលបានសម្ដែងក្នុងរឿង «ចម្ការម្លប់ស្នេហ៍» និងក្នុងភាពយន្តភាគរឿង «ជីវិតនាងរចនា» គឺសុទ្ធតែត្រូវបានសរសើរថាសម្ដែងបានល្អ។

លោកហួង តារាមុន្នី អ្នកផលិតកម្មវិធីកម្សាន្តប្រចាំនៅប៉ុស្ដិ៍លេខ៥បានអះអាងថា ជាគោលការណ៍ផលិតថៃដែលប៉ុស្ដិ៍លេខ៥ចំណាយលុយឲ្យចុះមកផលិតរឿងគម្រោងផលិតរឿងអោយប៉ុស្ដិ៍លេខ៥តែក្នុងរយៈពេលមួយកំណត់ប៉ុណ្ណោះ ប៉ុន្តែមកពីខាងអ្នកផលិតដោយផ្ទាល់ពេញចិត្តសមត្ថភាពរបស់តារាខ្មែរ និងចង់បន្តការងារជួយផលិតភាពយន្តភាគរបស់ប៉ុស្ដិ៍លេខ៥ឲ្យកាន់តែល្អបន្ថែមទៀត ទើបបានផ្ដល់ការយោគយល់ ហើយបន្តការងារផលិតមួយនេះដោយគ្មានកំណត់ដែលលោកបានហៅការផ្លាស់ប្ដូរជំហរនោះថា ដោយសារតែតារាខ្មែរកាន់តែផ្ដល់ទំនុកចិត្តឲ្យផលិតករថៃសប្បាយចិត្តនឹងការងារ។

លោកបានសរសើរថាតួសម្ដែងភាគច្រើនក្នុងរឿងដែលខាងផលិតករថៃចាត់ចែងដឹកនាំមិនសូវកើតមានបញ្ហាជុំវិញរឿងមកសម្ដែងយឺត និងបោះបង់ការងារកណ្ដាលទីនោះទេ។ ផ្ទុយទៅវិញគឺមានតែបំពេញការងារបានល្អ ដោយក្រៅពីមានការយោគយល់អធ្យាស្រ័យ គឺតារាខ្មែរភាគច្រើនក៏មានសមត្ថភាពសម្ដែងខ្ពស់ ដោយមិនធ្វើឲ្យផលិតករឈឺក្បាលនោះដែរ។ លោកថាផលិតករថៃសរសើរមិនដាច់នោះទេ នៅពេលនិយាយដល់ការសម្ដែងក្នុងរឿង «ចម្ការម្លប់ស្នេហ៍» និងរឿង «ជីវិតនាងរចនា» ដែលទើបតែបានថតចប់ និងត្រៀមដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្នុងចន្លោះម៉ោងមាស។ ដោយសារតែលើកទឹកចិត្តតួសម្ដែង និងចង់ចងភ្ជាប់ទំនាក់ទំនងឲ្យកាន់តែល្អជាមួយផលិតករខ្មែរ និងថៃនោះហើយ ដែលប៉ុស្ដិ៍លេខ៥រមែងចំណាយប្រាក់ជប់លៀងជាទ្រង់ទ្រាយធំនៅភោជនីយដ្ឋានទន្លេបាសាក់២គ្រប់ពេលបញ្ចប់ការសម្ដែង ដោយលោកបញ្ជាក់ថាការចំណាយមួយលើកៗគឺច្រើនឲ្យសមនឹងការប្រឹងប្រែងរបស់តារាខ្មែរ។

នៅក្នុងពិធីជប់លៀងនេះ គេឃើញតួអង្គសំខាន់ៗក្នុងរឿង «ចម្ការម្លប់ស្នេហ៍» និងរឿង «ជីវិតនាងរចនា» បង្ហាញខ្លួនជុំគ្នា ដោយពួកគេក្រៅពីបានថតរូបទុកជាអនុស្សាវរីយ៍ ក៏បានបង្កាត់ទំនាក់ទំនងជិតស្និទ្ធិជាមួយគ្នាគួរឲ្យសរសើរផង។ ផលិតករប៉ុស្ដិ៍លេខ៥និយាយថានេះក្នុងពេលថតរឿងមិនទាន់ចប់ក្រុមការងារប៉ុស្ដិ៍លេខ៥ និងផលិតករថៃ ក៏បានជប់លៀងជាហូរហែរក្នុងន័យលើកទឹកចិត្តដល់ក្រុមតារាសម្ដែងផងដែរ គឺមិនមែនទើបតែបានជប់លៀងបញ្ចប់រឿងដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ កក្កដានោះទេ។ លោកថានោះជាការចំណាយមួយយ៉ាងមានន័យ ហើយដោយសារតែការចង់ភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នានេះហើយ ដែលលោកយល់ថាជាមូលហេតុធ្វើឲ្យការសម្ដែងក្នុងរឿងទាំង២ខាងលើទទួលបានជោគជ័យ៕

https://youtu.be/pi3l-8IZ1RE

មតិយោបល់