ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកដឹកបទ«មេឃកំពុងភ្លៀងហើយ» ប្រកាសរកជំនួយ ជួយចោរវ័យចំណាស់ដែលរងហិង្សា!

ខណៈដែលស្រ្តីវ័យ៦៣ឆ្នាំ ដែលត្រូវក្រុមអាជីវករនៅផ្សារ១៣មករា ក្នុងខេត្តបាត់ដំបង ព្រួតវាយឡើងទ្រមខ្លួនមុនបញ្ជូនឲ្យសមត្ថកិច្ច ព្រោះតែគេចាប់បានលោកយាយលួចទ្រព្យសម្បត្តិក្នុងផ្សារឡើងផ្អើលកាលពីថ្ងៃទី៣១ កក្កដា នោះ លោក Rith Omega ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ផលិតកម្មថោន ជាពិសេសតាមរយៈការដឹកសាច់រឿងក្នុងបទចម្រៀង «មេឃកំពុងភ្លៀងហើយ» របស់លោក Hack Record បែរជាប្រកាសចេញមុខអំពាវនាវស្វែងរកជំនួយជួយដល់ស្រ្តីរូបនេះទៅវិញ។

លោកប្រកាសប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក និងការប្រាស្រ័យទាក់ទងពីមនុស្សនៅជុំវិញខ្លួនស្វែងរកជំនួយឲ្យអស់លទ្ធភាព ដោយអះអាងថាស្រ្តីដែលរងហិង្សារព្រោះតែលួចខោអាវក្នុងផ្សារហើយត្រូវអាជីវករតាមទាន់នោះ មានចំណុចច្រើនគួរឲ្យអាណិត។

លោក រិទ្ធិ អូមេហ្គា (Rith Omega) ពន្យល់ថាលោកមានហេតុផលជាច្រើនមុនសម្រេចចិត្តបែបនេះ ដោយហេតុផលចម្បងគេ គឺដោយសារតែលោកយល់ថាស្រ្តីម្នាក់មានវ័យដល់ទៅជាង៦០ឆ្នាំ គឺបើមិនទ័លច្រក គឺពិតជាមិនទៅធ្វើបែបនោះតែម្ដង។
លោកថាផ្អែកតាមការប្រកាសនៅក្នុងព័ត៌មាន គឺលោកយាយជាស្រ្តីមេម៉ាយ មានកូន៣នាក់ តែកូនបានទុកលោកយាយចោល ត្រង់ចំណុចនេះហើយដែលធ្វើឲ្យលោកក្ដុកក្ដួល ហើយត្រូវចេញមុខរ៉ៃអង្គាសថវិកាដើម្បីឲ្យលោកយាយដោះស្រាយជីវភាពក្រោយពេលសមត្ថកិច្ចដែលចាប់យកទៅសាកសួរដោះលែង។
លោកទទួលស្គាល់ថាលោកយាយម្នាក់នោះបានចាកអាជីវករដែលបានប្រតាបប្រតប់ក្នុងពេលតាមទាន់ ប៉ុន្តែហេតុផលដែលឈានដល់ចំណុចមួយនោះ គឺដោយសារតែស្រ្តីដែលជាប់ឈ្មោះជាចោរ ដោះទ័លក្នុងការការពារខ្លួនកុំឲ្យគេចាប់ខ្លួនបានក្នុងពេលប្រតាយប្រតប់ប៉ុណ្ណោះ។

លោកទទូចឲ្យអ្នកមានការអាណិតអាសូរវែកញ៉ែកពីស្ថានភាពរបស់លោកយាយ និងកំហុសរបស់លោកយាយឲ្យដាច់ស្រឡះពីគ្នា និងថាបើលោកយាយដែលមានឈ្មោះជាចោរនោះមិនមានជីវភាពខ្សត់ខ្សោយ ហើយខ្វះទីពឹងក៏ពិតជាមានរឿងរ៉ាវបែបនោះកើតឡើងបានដែរ។

លោកនិយាយថា «ធម្មតាគាត់លួចគេចឹងសមតែត្រូវគេវាយអ៊ីចឹងមែន ប៉ុន្តែសម្រាប់ខ្ញុំអត់គិតចឹងទេ ព្រោះបើក្មេងធ្វើចោរខ្ញុំស្អប់ តែគាត់ជាង៦០ហើយ តើយកទៅណា បើប្ដីក៏អត់ ហើយកូនក៏បោះបង់អ៊ីចឹង! អ៊ីចឹងមានតែគាត់លួចដើម្បីក្រពះដែលមិនដឹងរកអីកើតហ្នឹង!»។

គួរបញ្ជាក់ថា ស្រ្តីដែលត្រូវគេវាយព្រោះតែបានលួចខោអាវដេកឈុតថៃ២ដុំនៅខេត្តបាត់ដំបងនោះ មានឈ្មោះថា រួន រុំ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងបានមករស់នៅក្នុងខេត្តបាត់ដំបងដោយមានទីលំនៅមិនពិតប្រាកដក្រោយប្ដីស្លាប់ និងកូន៣នាក់បោះបង់ចោល។ លោក រិទ្ធិ អូមេហ្គា យល់ថាបើលោកយាយ មានកូនជួយមើលខុសត្រូវ ប្រហែលជាលោកយាយមិនដល់ថ្នាក់ដើរលួចរបស់ទ្រព្យគេនោះទេ អ៊ីចឹងហើយទើបលោកត្រូវតែចេញមុខស្វែងរកជំនួយជួយដល់លោកយាយ ដោយប្រកាសអ្នកចង់ជួយដល់លោកយាយសូមទាក់ទងលោកតាមហ្វេសប៊ុក ដោយលោកនឹងធ្វើការប្រកាសតួលេខជំនួយ និងឈ្មោះសប្បុរសជនមិនឲ្យបាត់ថវិកាសូម្បីតែមួយកាក់មួយសេននោះទេ។
លោកមិនទាន់រំពឹងថានឹងទទួលបានថវិកាពីការបរិច្ចាគកម្រិតណានៅឡើយទេ ប៉ុន្តែផ្អែកតាមប្រជាប្រិយភាពរបស់លោកដែលស្គាល់គេច្រើន គឺពិតជាបានគួរសមក្នុងគម្រោងមួយនេះ ស្របគ្នាដែលលោកក៏នឹងចំណាយធនធានមួយផ្នែកជួយដល់លោកយាយផងដែរ។
លោកថានេះមិនមែនជាលើកទី១នោះទេដែលលោកចេញមុខជួយដល់ទុរគតជន ដោយសារតែពេលកន្លងមកលោកក៏ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៌បែបនេះឡើងផ្អើលសង្គមហ្វេសប៊ុកធ្វើឲ្យមានការកោតសរសើរផងដែរ ដូចជាករណីធ្វើទានជាមួយស្រ្តីវ័យចំណាស់ជាអ្នកលក់ចាន់តាមផ្លូវកាលពីមុនជាដើម៕

មតិយោបល់