ព័ត៌មានសិល្បៈ និងកម្សាន្ត

សុះ ម៉ាច រិះគន់ជម្លោះ ចន ច័ន្ទលក្ខិណា និងគូសត្រូវ

ក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានបុរសអណិកជនអាមេរិកម្នាក់ឈ្មោះសេង រតនា ចេញសារបង្ខូចឈ្មោះថាស្រីផ្កាមាស និងជានារីបោកប្រាស់ ហើយអ្នកនាង ក៏បានបង្ហោះសារជេរប្រមាថឡើងកប់វិញទៅកាន់បុរសនោះថា«អាឆ្កែៗ»ឡើងផ្អើលហ្វេសប៊ុក លោកសុះ ម៉ាច អតីតប្រធានសមាគម បានបញ្ចេញមតិរិះគន់ចំពោះជម្លោះមួយនេះ។
លោកទទូចឲ្យភាគីទាំងសងខាងកុំបន្តប្រើប្រាស់បណ្ដាញហ្វេសប៊ុកធ្វើជាវេទិកាជេរប្រទិចដាក់គ្នា ដោយលោកបានហៅទង្វើនេះថា មិនខុសពីធ្វើឲ្យបាត់បង់តម្លៃភាគីទាំងសងខាងក្នុងក្រសែភ្នែកមហាជន។

លោក សុះ ម៉ាច និយាយថា គឺជារឿងហួសចិត្តដែលបុរសអណិកជនម្នាក់បានបង្ហោះសារមាក់ងាយដល់អ្នកនាងចន ច័ន្ទលក្ខិណា បណ្ដាលឲ្យប្រធានសមាគមសិល្បករខ្មែររូបនេះរងការអាមាស់ និងត្រូវគេរិះគន់ដោយគ្មានមូលដ្ឋានស្ទើរតែពេញផ្ទៃប្រទេស។

ក្នុងនាមជាបុរសដែលមានការចេះដឹង លោកថាលោកសេង រតនា មិនគួរប្រើបណ្ដាញហ្វេសប៊ុកហែកហួររឿងរ៉ាវមិនល្អរបស់បុគ្គលណាម្នាក់ក្នុងន័យចងកំហឹងនោះទេ ដោយសារតែការបង្ហោះបែបនោះគឺមិនខុសពីការទម្លាក់តម្លៃរបស់ខ្លួនធ្វើឲ្យមានការមាក់ងាយមិនខុសគ្នា។ ស្របគ្នានោះដែរ លោកក៏បានប្រកាសថាមិនគាំទ្រឲ្យអ្នកនាងចន ច័ន្ទលក្ខិណា ប្រើបណ្ដាញហ្វេសប៊ុកតបតទៅកាន់បុរសម្នាក់នោះ ដោយពាក្យសម្ដីជេរប្រមាថ ដែលលោកហៅថាជាការប៉ះពាល់ដល់តម្លៃរបស់អ្នកនាងដែលជាតារាសិល្បៈល្បីនិងជាប្រធានសមាគមសិល្បករខ្មែរនោះផងដែរ។

លោកថាបុគ្គលដែលយកវេទិកាហ្វេសប៊ុកជេរប្រទិចដាក់គ្នា អត់មានអ្នកណាចំណេញនោះទេគឺបានត្រឹមតែមានការមាក់ងាយពីអ្នកបានដឹង នៅពេលជម្លោះទាំងនោះត្រូវបានសាយភាពប៉ុណ្ណោះ។ លោកគាំទ្រឲ្យ អ្នកនាងចន ច័ន្ទលក្ខិណា ប្រើវិធានការស្ងប់ស្ងាត់ ឬបញ្ចេញត្រឹមជាការតបតដោយសំណេរល្អស្ដាប់ជាជាង ដើម្បីកុំអោយមានការវាយតម្លៃណាមួយ ធ្វើឲ្យអ្នកនាងបាត់បង់តម្លៃក្នុងនាមជាតារាដែលមានកេរ្តិ៍ឈ្មោះម្នាក់ ជាពិសេសគឺតម្លៃរបស់សមាគមសិល្បៈតែម្ដង។
លោកនិយាយថា«សម្រាប់ខ្ញុំឲ្យតែជារឿងជម្លោះ ខ្ញុំអត់គាំទ្រតែម្ដង ជាពិសេគឺរឿងជេរគ្នាចុះឡើងៗតាមហ្វេសប៊ុកហ្នឹង! យោបល់ខ្ញុំសម្រាប់អ្នកសិល្បៈ យល់ល្អកុំតតាំងគ្នាលើហ្វេសប៊ុក យើងគួររកដំណោះស្រាយផ្សេងវិញ ព្រោះតែនៅពេលមានរឿងអ្នកបខាតបង់តម្លៃជាងគេគឺអ្នកសិល្បៈនឹងហើយ»។

លោកទទូចឲ្យភាគីអ្នកនាងចន ច័ន្ទលក្ខិណា បន្តរក្សាភាពស្ងប់ស្ងាត់ និងជ្រើសរើសផ្លូវច្បាប់។ យ៉ាងណាមិញ លោកថាអ្វីដែលអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះមិនមែនជារឿងហួសហេតុនោះទេ ដោយលោកយល់ថាបណ្ដាលមកពីមិនដឹងទៅប្ដឹងឈ្មោះ សេង រតនា ដោយវិធីណា ទើបមានតែការបង្ហោះ ដើម្បីធូរចិត្ត។

លោកសុះ មាច ប៉ាន់ស្មានថា ជម្លោះរវាងចន ច័ន្ទលក្ខិណា និងបុរសអណិកជនឈ្មោះ សេង រតនា បណ្ដាលមកពីអ្នកនាងចេញមុខការពារកញ្ញាសួស វីហ្សា ដែលរងការចោទប្រកាន់ថាបានពាក់ព័ន្ធជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហើយត្រូវបានអ្នកនាងប្រើសិទ្ធិក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ ប្រកាសដាក់ប្ដឹងប្រសិនបើអ្នកបង្ហោះម្នាក់នោះមិនធ្វើការសុំទោសជាសាធារណៈ។ លោកថាអង្គហេតុគឺវាពាក់ព័ន្ធគ្នា ប៉ុន្តែលោកអះអាងថាបើក្នុងពេលនោះអ្នកនាងចេញត្រឹមលិខិតច្រានចោលថាតារាចម្រៀងកញ្ញា សួស វីហ្សា មិនមានប្រវត្តិពាក់ព័ន្ធនឹងការចោទប្រកាន់ គឺប្រហែលជាឈ្មោះ សេង រតនា មិនចាប់អារម្មណ៍បង្កជម្លោះជាមួយអ្នកនាងនោះទេ។

លោកចង់ឲ្យជម្លោះមួយនេះត្រូវបានបញ្ចប់ ដោយលោកទទូចឲ្យ អ្នកនាងចន ច័ន្ទលក្ខិណា កុំបន្តការតតាំងដោយពាក្យជេរប្រមាថណាមួយបើទោះជាឈ្មោះសេង រតនា បញ្ចេញរឿងអាស្រូវតភាគណាមួយបន្ថែម។ លោកលើកទឹកចិត្តឲ្យអ្នកនាងដាក់បណ្ដឹងជាជាងប្រើហ្វេសប៊ុកជេរប្រមាថតបតច្រើនជាង ដោយលោកនិយាយថាករណីជេរគ្នាជាសាធារណៈអ្នករងការប៉ះពាល់ខ្លាំងគឺមានតែតារាសិល្បៈប៉ុណ្ណោះ ដោយសារតែតារាជាមនុស្សមហាជន ដែលចាំតែមានអ្នកចាប់កំហុសមិនដូចសាមញ្ញជន៕

មតិយោបល់