យោងតាមការបញ្ជាក់របស់អ្នកនាង ខាត់ សុឃីម ខ្លឹមសារក្នុងបទចម្រៀងក្រោមចំណងជើងថា «ភ្លៀងជីវិត» ដែលទើបតែបានចេញបង្ហោះក្ដៅៗ គឺជារឿងពិតមួយរបស់ស្ដ្រីម្នាក់ដែលបានហែលឆ្លងក្នុងពេលក្រីក្រ។ អ្នកនាងថាខ្លឹមសារបទនេះ មិនមែននិយាយពីរឿងខ្លួនទេ តែមានអត្ថន័យប៊ិះនឹងប្រហាក់ប្រហែលគ្នាដែរ ដោយសារតែនារីក្នុងបទចម្រៀងមិនត្រូវបានម្ដាយអនុញ្ញាតឲ្យមានឱកាសបានរៀន ហើយត្រូវតស៊ូធ្វើការរកលុយតាំងពីមិនទាន់ដឹងក្ដី ដែលអ្នកនាងបញ្ជាក់ថាគឺស្រដៀងគ្នាបេះបិទនឹងជីវិតអតីតកាលរបស់ខ្លួន។
អ្នកនាងថាពេលថតបទចម្រៀង «ភ្លៀងជីវិត» អ្នកនាងទប់ទឹកភ្នែកដែលហូរមែនទែនអត់បាននោះទេ ជាពិសេសក្នុងពេលដែលតម្រូវឲ្យអ្នកនាងទៅថតធ្វើសំណង់ និងអូសបន្លែ ដែលមានខ្លឹមសារជួយរកលុយគ្រួសារហើយអត់បានរៀនសូត្រដូចក្មេងប្រុស។ អ្នកនាងថាចម្រៀងមួយបទនេះ ជាស្នាដៃ Original Song ប៉ុន្តែបើនិយាយពីអត្ថន័យគឺដោតត្រូវអារម្មណ៍របស់ស្រ្តីក្នុងជំនាន់ខ្លួន និងមុនជំនាន់ខ្លួនភាគច្រើន ទើបMV បទនេះគ្រាន់តែចេញបង្ហោះភ្លាម ទទួលបានការចាប់អារម្មណ៍យ៉ាងលើសលប់តែម្ដង។
អ្នកនាងថាមួយបទនេះត្រូវចិត្ត ហើយក៏ធ្វើឲ្យអ្នកនាងរំពឹងច្រើនដែរថានឹងក្លាយជាបទទទួលបានការចាប់អារម្មណ៍បន្ទាប់ពីអ្នកនាងសម្រេចចិត្តកុងត្រាផ្ដាច់មុខឲ្យផលិតកម្មហង្សមាស ដោយសុខចិត្តលែងទទួលចេញមុខក្នុងទូរទស្សន៍ដទៃ។ អ្នកនាងនិយាយថាមួយបទ «ភ្លៀងជីវិត» និយាយពីប្រវត្តិយ៉ាងកម្សត់របស់នារីម្នាក់ ដោយអត្ថបទបទនេះមិនមែនចេះតែនិពន្ធដើម្បីច្រៀងលេងនោះទេ ប៉ុន្តែគឺជារឿងពិតមួយដែលអ្នកនិពន្ធប្រាប់ថាជារឿងអតីតកាលរបស់នារីម្នាក់ ដែលក្នុងពេលនេះបានក្លាយជាស្រ្តីរឹងមាំ។
អ្នកនាងថាមួយបទនេះ ក្រៅពីត្រូវអារម្មណ៍ខ្លួនឯង ក៏ក្លាយជាសារដាស់តឿនឲ្យនារីគ្រប់រូប និងអ្នកឆ្លងកាត់ការលំបាកច្រើននាក់មានកម្លាំងចិត្តក្នុងការតស៊ូផងដែរ ជាពិសេសសម្រាប់បុគ្គលដែលធ្លាប់ទទួលរងនូវការប្រមាថ និងមាក់ងាយ ដែលមានចិត្តពុះពារមិនចុះចាញ់នូវទុក្ខវេទនា។
អ្នកនាងបញ្ជាក់ថាពាក្យ «កូនស្រីបង្វិលចង្ក្រានមិនជុំ» គឺជាទ្រឹស្ដីដែលស្រ្តីភាគច្រើនទទួលរងនូវការឈឺចាប់ ប៉ុន្តែលទ្ធផលនៃការតស៊ូពីពាក្យស្លោកនេះក៏ធ្វើឲ្យស្រ្តីមិនតិចនោះដែរបានក្លាយជានារីជោគជ័យ។ អ៊ីចឹងហើយទើបអ្នកនាងយល់ថានេះជាចម្រៀងដែលបុកត្រូវអារម្មណ៍របស់មនុស្សភាគច្រើន ដោយមិនមែនត្រូវតែចំពោះស្ត្រីដែលជាម្ចាស់រឿងពិត និងអ្នកនាងដែលធ្លាប់ទទួលរងនូវសម្ពាធគ្រួសារហើយអត់បានរៀនសូត្រនោះទេ។ ចម្រៀងមួយបទនេះក៏ស្ដែងឲ្យឃើញនូវការតស៊ូ និងការតាំងចិត្តសម្ដែងយ៉ាងល្អឥតខ្មោះរបស់អ្នកនាងខាត់ សុឃីម ផងដែរ៕
មតិយោបល់