ប្រឡូកចូលសិល្បៈប្រមាណជិត២ឆ្នាំ លោកមាស សៀវប៉ាយ ដែលជាសមាជិកសំខាន់មួយក្នុងក្រុមម៉ូដែល BN ត្រូវគេកត់សម្គាល់ថាបានក្លាយជាតារាភាពយន្ត និងមានទីផ្សារជាងមុននៅក្នុងវិថីសិល្បៈ។
យ៉ាងដូច្នេះហើយទើបលោកសម្រេចចិត្តរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម កាលពីយប់ថ្ងៃទី៤ សីហា ដោយមានវត្តមានសិល្បៈ និងភ្ញៀវកិត្តិយសចូលរួមកុះករ បើទោះជាមានតុខ្លះគឺភ្ញៀវមិនបានអញ្ជើញទៅ។
លោកមាស សៀវប៉ាយ និយាយថា លោកសម្រេចចិត្តចំណាយលុយរៀបចំធ្វើខួបគម្រប់វ័យ២៥ឆ្នាំ ក្នុងហាងធំមួយកាលពីរាត្រីយប់មិញ គឺលោកមានបំណងតែមួយគត់គឺចង់ជួបជុំតារាសិល្បៈ និងចង់ពង្រីកកេរ្តិ៍ឈ្មោះរបស់លោកនៅក្នុងមាគ៌ាសិល្បៈតែម្ដង។
លោកថាជាយូរមកហើយលោកដើរតែចងដៃប៉ុណ្ណោះ ហើយដោយសារតែយល់ឃើញថាតាំងពីបានឈានឡើងនៅក្នុងវិថីដើរម៉ូដ និងសម្ដែងរឿង ខ្លួនមិនមានកម្មវិធីណាមួយលើកមុខលើកមាត់នោះផង ទើបលោកចំណាយប្រាក់រៀបចំខួបកំណើតតែម្ដង។លោកបង្ហាញអារម្មណ៍សប្បាយចិត្តបើទោះជាមានតារាសិល្បៈមួយចំនួនបានអវត្តមាន ហើយធ្វើឲ្យតុដែលលោកបានត្រៀមទុកត្រូវសល់ក្នុងហាង។
លោកថាក្នុងរយៈពេលចុងក្រោយខ្លួនទទួលបានរឿងសម្ដែងបានច្រើនជាច្រើន ជាពិសេសភាពយន្តខ្នាតធំ និងរឿងភាគរបស់ទូរទស្សន៍បាយ័ន ដោយក្នុងពេលខាងមុខលោកក៏នឹងត្រៀមសម្ដែងមិនតិចរឿងទៀតនោះផងដែរ ដែលលោកចាត់ទុកថានេះគឺជាជំហានថ្មីមួយសម្រាប់អាជីពសិល្បៈដែលកាន់តែធ្វើឲ្យលោកមានរំពឹង។
លោកសប្បាយចិត្តដែលក្រុមផលិតករផ្ដល់ឱកាសឲ្យលោកបានសម្ដែងជាតួអង្គកាច និងតួខូចខិល ដោយលោកប្រកាសថានោះជាតួអង្គត្រូវការចូលចិត្តរបស់ខ្លួន ហើយក៏ជាតួសម្ដែងដែលឆាប់អោយមហាជនចងចាំ។ យ៉ាងណាមិញ លោកក៏មានបំណងចង់សម្ដែងតួឯកផងដែរ ប្រសិនបើមានភាពយន្តណាមួយតម្រូវឲ្យតួមានចរិតច្រឡឹសបឺសដែលលោកប្រកាសថាធ្មឹកនឹងការសម្ដែងបានលេងជាតួអង្គធំ។
លោកហាក់មិនចង់សម្ដែងជាតួឯកស្រគត់ស្រគំ ឬជាតួមានចរិតស្លូតបូតនោះទេ ក្នុងពេលដែលលោកក៏ដឹងថាទឹកមុខរបស់លោកគឺសមនឹងសម្ដែងជាតួមិនល្អច្រើនជាង។ តារាដែលបានផ្សងព្រេងមកពីខេត្តព្រះសីហនុរូបនេះ ប្រកាសថាបើទោះជាការសម្ដែងរឿងកាន់តែមានទីផ្សារ ប៉ុន្តែលោកមិនចោលអាជីពដើរម៉ូដដាច់ខាត ដោយចាត់ទុកក្រុមបង្ហាញម៉ូដ BN គឺជាឆ្នាំបាយធំ និងជាផ្លូវជួយឲ្យលោកបានស្គាល់វិថីសិល្បៈនោះផង។
ពិធីខួបរបស់លោកនៅក្នុងយប់នោះ មានវត្តមានតារាជាច្រើនដូចជាលោកនាង វ៉ាងសាន់ ពិធីករហង្សមាស កញ្ញា ប៉ុបពី លោកឈួន ពន្លឺ លោកម៉ែន អម្រុងរ័ត្ន លោកយន វុទ្ធី មេក្រុមBN និងតារាប្រុសស្រីជាច្រើនរូបទៀត ដែលភាគច្រើនគឺជាអ្នកដើរម៉ូដ ជាតារាសម្ដែង និងជាអ្នកចម្រៀង៕
https://youtu.be/L0Gv32aC9YY
មតិយោបល់