ក្នុងចំណោមបេក្ខជនបេក្ខនារីទាំងអស់ដែលបានបង្ហាញខ្លួនក្នុងកម្មវិធី The Voice Kid Cambodia របស់ហង្សមាស គេចាប់អារម្មណ៍ថាបេក្ខនារីមួយរូបគឺ កុមារី ឃុយ ម៉ីហៀង វ័យ១២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ គឺជាបេក្ខនារីដែលមានភាពកំសត់ជាងគេដោយសារតែនាងមានម្ដាយជាអ្នកលក់ចេកចៀន ហើយខ្វះភាពកក់ក្ដៅពីឪពុកតាំងពីមិនទាន់ដឹងក្ដី។ ភាពកម្សត់របស់នាងបានទាក់ទាញអាណិកជន២នាក់ប្ដីប្រពន្ធអោយប្រកាសជួយថវិកា ដោយភាពជាក់ស្ដែងគឺនាង នឹងត្រូវបានសប្បុរសជនផ្សេងទៀត ដែលស្រឡាញ់ទឹកដមសំលេងរបស់នាងបន្តផ្ដល់ជំនួយ ដើម្បីអោយនាងបានបន្តក្នុងការប្រកួតនេះដោយគ្មានឧបសគ្គផង។
លោក វី ជីវ័ន្ត តារាចម្រៀង និងជាតារាសម្ដែងដែលបានចេញទៅសម្ដែងនៅក្នុងទឹកដីសហរដ្ឋអាមេរិក បានទាក់ទងមកប្រាប់Post Komsan ថា ដោយសារតែបេក្ខនារី ឃុយ ម៉ីហៀង ជាកូនកំព្រាឪពុកហើយមានម្ដាយជាអ្នកលក់ចេកចៀន និងនំក្រូចយ៉ាងកម្សត់ ទើបអ្នកធានាអោយលោកបានបន្តទៅច្រៀងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ក្រោយលោកបានសម្ដែងចប់រយៈពេល៣ខែ សម្រេចផ្ដល់ប្រាក់ចំនួន២០០ដុល្លារជួយដោះទ័លដល់នាង ដើម្បីអោយនាងបានបន្តការប្រលងនៅភ្នំពេញ។ លោកថាបងប្រុសបងស្រីធម៌របស់លោកគឺមានឈ្មោះថា លោក ហេង ពេជ្រ និងអ្នកស្រី អ៊ឹង ស៊ីនឌី ដោយអ្នកទាំង2គឺជាម្ចាស់ភោជនីយដ្ឋាន ឡេជិនស៊ីហ្វូត ដែលលោកបន្តច្រៀងនៅសហរដ្ឋអាមេរិកតែម្ដង។
លោកថាភាពល្បីល្បាញរបស់ក្មេងស្រី ឃុយ ម៉ីហៀង បានធ្វើអោយផ្អើលដល់អ្នករស់នៅអាមេរិក ដោយលោកបញ្ជាក់ថាក្រៅពីបងប្រុសបងធម៌របស់លោកប្រកាសជួយក៏នឹងមានអ្នកចង់ជួយនាងបន្ថែមទៀតផងដែរ ប្រសិនបើមានមេខ្យល់ណាម្នាក់ជួយរៃអង្គាសថវិកាជួយនាង។
លោកថាបេក្ខនារីវ័យក្មេងរូបនេះ ស្ដាប់ទៅកម្សត់ណាស់ទើបធ្វើអោយអ្នករស់នៅអាមេរិកចង់ផ្ដល់ឱកាសអោយនាង ជាពិសេសក្នុងពេលដែលនាងស្រាប់តែត្រូវមកប្រលងនៅរាជធានីភ្នំពេញ ដោយមានម្ដាយជាអ្នកលក់ដូរកំប៉ិកកំប៉ុកមកកំដរផង ដែលធ្វើអោយគ្រួសារនាងខាតបង់ប្រាក់ចំណូលព្រោះតែស្រឡាញ់សិល្បៈ។
លោកថាថវិកាទាំងនោះនឹងទម្លាក់មកដល់ស្រុកខ្មែរនៅពេលមានការបញ្ជាក់ថាគ្រួសារ ឬតំណាងរបស់បេក្ខនារីឃុយ ម៉ីហៀង បានទទួលដំណឹង ដោយមិនរង់ចាំទាល់តែលោកបញ្ចប់ការសម្ដែងនៅសហរដ្ឋអាមេរិកនៅដើមខែ៩ ទើបយកមកប្រគល់អោយនោះទេ។ លោកទទូចអោយអ្នកមានទំនាក់ទំនងជាមួយគ្រួសារបេក្ខនារី ឃុយ ម៉ីហៀង ឬគ្រួសាររបស់នាងផ្ទាល់ ទាក់ទងទៅលេខ ០៨៩ ២៥ ៣៦ ៣៦ ដើម្បីទទួលថវិកាចំនួន២០០ដុល្លារ ដើម្បីអោយនាងដោះស្រាយនូវកង្វះខាតដែលត្រូវប្រឈមឡើងក្នុងពេលប្រលងThe Voice Kids Cambodia ក្នុងពេលខាងមុខ៕
មតិយោបល់