ព័ត៌មានសិល្បៈ និងកម្សាន្ត

យី! តារា៣នាក់ម្ដាយកូន អីក៏យ៉ាងហ្នឹងក្នុងពិភពសម្ដែង!

ក្នុងពិភពសិល្បៈ គេអាចនិយាយបានថា តារាសម្ដែង៣នាក់ម្ដាយកូនគឺអ្នកស្រី ច័ន្ទ សោភ័ណ្ឌ ហៅរ៉ូស និងកូនប្រុសស្រី២នាក់ ក្ដោបក្ដាប់ទីផ្សារមិនធម្មតានៅពិភពភាពយន្តនាពេលចុងក្រោយ។ អ្នកទាំង៣ត្រូវគេឃើញមានមុខសម្ដែងស្ទើតែគ្រប់រឿង ខណៈដែលកូនៗរបស់អ្នកស្រីគឺទើបតែវ័យក្មេងសោះ ក៏ម្នាក់ៗសម្ដែងបានមិនក្រោម២០រឿងនោះដែរ សរុបទាំងរឿងដុំ និងរឿងភាគ។

គ្មានអ្នកណាមិនលាន់មាត់នោះទេ បន្ទាប់ពីឃើញតារា៣នាក់ម្ដាយកូនលេចមុខសឹងតែគ្រប់រឿងនាពេលចុងក្រោយ។ រឿងខ្លះឃើញមុខត្រឹមតែកូនប្រុស រឿងខ្លះឃើញមុខតែកូនស្រី តែរឿងភាគច្រើនគឺអ្នកទាំង៣សម្ដែងជុំគ្នាតែម្ដង ដោយភាពយន្តនីមួយៗសុទ្ធតែជាភាពយន្តល្អប្រចាំនៅស្ថានីយទូរទស្សន៍ធំៗ និងភាពយន្តខ្នាតធំនោះផង។ ទាំងផលិតករ និងតារាសម្ដែង បានហៅអ្នកទាំង៣ថាជាគ្រួសារតារាសិល្បៈ ដោយសារតែគេកម្រភាពតារាសម្ដែងណាម្នាក់ដែលកូនតូចៗក៏សម្បូរទីផ្សារ ហើយម្ដាយទៀតសោត ក៏សម្ដែងភាពយន្តលែងបានបែបនេះ។ ផលិតករជាច្រើនបានអះអាងថាបើអញ្ជើញអ្នកទាំង៣ឲ្យសម្ដែងគឺបានទាំងម្ដាយទាំងកូន ដែលមិនចាំបាច់ពិបាកស្វែងរកតួចាស់ផ្សេងតួកូនក្មេងផ្សេង ទើបធ្វើឲ្យភាពយន្តភាគច្រើនគេជ្រើសយកអ្នកទាំង៣តែម្ដង។

អ្នកស្រី ច័ន្ទ សោភ័ណ ហៅរ៉ូស បានសារភាពថាមកទល់បច្ចុប្បន្នអ្នកស្រី និងកូនៗ សឹងអត់មានពេលសម្រាក ដោយសារតែជាប់កុងត្រាសម្ដែងកុនបណ្ដាក់គ្នា ព្រោះតែមានការផ្ដល់ឱកាសពីក្រុមផលិតករ។ អ្នកស្រីបញ្ជាក់ថាពីមុនមានតែកូនៗប៉ុណ្ណោះដែលទទួលយកការសម្ដែង ប៉ុន្តែដោយសារតែអ្នកស្រីរមែងបង្ហាញមុខជូនកូនទៅសម្ដែង ហើយផលិតករក៏ស្នើឲ្យជួយសម្ដែងម្ដងម្កាល ក៏ជាប់សូរតែម្ដងមកទល់ពេលនេះ។

យ៉ាងណាមិញ អ្នកស្រីថាធ្លាប់បានប្រឡូកការសម្ដែងកាលពីមុនម្ដងហើយ ដោយគ្រាន់តែក្នុងពេលនោះ មិនសូវមានភាពលេចធ្លោរដូចការទទួលសម្ដែងក្រោយពេលកូនៗរបស់អ្នកស្រីទាំងពីរឡើងកូដតែប៉ុណ្ណោះ។

អ្នកស្រីប្រាប់ថាសប្បាយចិត្តដែលអ្នកស្រី និងកូនៗឈានឡើងព្រមគ្នានៅក្នុងវិស័យភាពយន្ត ដែលកាន់តែធ្វើឲ្យអ្នកស្រីសប្បាយចិត្តក្នុងការទុកចោលក្រុមហ៊ុន World Smart Window ដែលអ្នកស្រីគឺជាម្ចាស់ក្រុមហ៊ុនដោយផ្ទាល់។
អ្នកស្រីរៀបរាប់ថាភាពយន្ដដែលអ្នកស្រីបានសម្ដែងរួមមានរឿង«មេឃុំក្រមុំ» រឿង«ឈាមស្នេហ៍ក្បត់បេះដូង» រឿង«ជីវិតនាងរចនា» រឿង«បញ្ចប់ស្នេហ៍ត្រឹមអូន» រឿង«ក្មេងទី៦»រឿង«ផ្ការីកក្នុងចិត្ត»និងរឿង«រថយន្តទៅសៀមរាប»ជាដើម ដែលរឿងទាំងអស់សុទ្ធតែត្រៀមដាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងដាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្ត។ ដោយឡែកកូនស្រីរបស់អ្នកស្រី គឺកុមារី ដាវណ្ណ ជេន្នី ដែលសម្ដែងរឿងតាំងពីនៅក្មេងៗមកទល់នឹងវ័យ១៦ឆ្នាំនាឆ្នាំនេះ ក៏សម្ដែងបានមិនក្រោម២០រឿងដែរ ដោយរឿងទាំងនោះរួមមាន រឿង«មន្តស្នេហ៍ថៅកែត្បូង» រឿង«ទឹកចិត្តម្ដាយសម័យថ្មី» រឿង«ស្លឹកចាក» រឿង«ស្នេហ៍ក្លែងក្លាយ»រឿង«ក្រឡអីហ្នឹង» រឿង«កូនឥតខាន់ស្លា» រឿង«រឿងនាវាជីវិត» និងរឿង«កុមារី២៥ឆ្នាំជាដើម»។ សម្រាប់កូនប្រុសវិញ គឺកុមារា ដាវណ្ណ រីកគី មកទល់នឹងអាយុ១២ឆ្នាំនេះ រឹតតែសម្ដែងបានច្រើន គឺបានដល់ជាង៣០រឿងហើយ ដោយរឿងសំខាន់ៗរួមមានរឿង«កូនប្រសារឡឺកឺ» រឿង«អាគមស្បែកដាច» រឿង«ទូកបាត់ច្រវ៉ា»រឿង«កុមារី២៥ឆ្នាំ»រឿង«កូនពស់កេងកង» រឿង«ផ្កាដុះលើថ្ម»រឿង«ទឹកភ្នែកកក»និងរឿង«នរណាសម្រក់ទឹកភ្នែកដើម្បីអូន»ជាដើម។

អ្នកស្រីបញ្ជាក់ថាទាំងអ្នកស្រី និងកូនទាំង២សុទ្ធតែជាប់កុងត្រាសម្ដែងថ្មីៗនៅប៉ុស្តិ៍លេខ៥ PNN និងប៉ុស្តិ៍ផ្សេងទៀត ស្ទើរនឹងរកម៉ោងញ៉ាំបាយផ្ទះលែងបាន។ យ៉ាងណាមិញអ្នកស្រីនៅតែជំរុញឲ្យកូនទាំង២បានសិក្សាចប់ចុងចប់ដើម ដោយមិនបណ្ដោយឲ្យសម្ដែងភាពយន្តរហូតដល់ភ្លេចការសិក្សានោះឡើយ ដោយសារតែអ្នកស្រីបញ្ជាក់ថាគ្រួសាររបស់អ្នកស្រីគឺសុទ្ធតែជាអ្នករៀនបានខ្ពស់ និងមានមុខជំនួញក្នុងដៃ ដោយមិនអាចជម្រើសយកសិល្បៈហើយបំភ្លេចនូវការសិក្សា៕

មតិយោបល់