ព័ត៌មានសិល្បៈ និងកម្សាន្ត

Original Song ទាំង៣បទក្នុងរឿង «រាជបុរី Comeback » ចេញផ្លូវការហើយ!

ខណ:ដែលភាពយន្តខ្នាតធំរឿង «រាជបុរី Comeback» ដែលនិយាយពីកម្រងជីវិតពិតរបស់លោក រាជ បុរី និងរំលេចពីស្នេហាភេទដូចគ្នា កៀកនឹងដល់ថ្ងៃដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនោះ ចម្រៀងចំនួន៣បទដែលត្រូវគេដឹងថាជាបទចម្រៀងដែលប្រើនៅក្នុងភាពយន្តមួយនេះ និងជាប្រភេទ Original Song ក៏ទើបនឹងចេញបង្ហោះក្ដៅៗផងដែរ។ ចម្រៀងទាំង៣បទនោះរួមមាន បទ«បែកគ្មានពាក្យលា» បទ «និស្ស័យ» និងបទ «គូកម្ម» ដែលសុទ្ធតែស្នាដៃថ្មីមិនចម្លងគេ និងមានការចាប់អារម្មណ៍គួរកត់សម្គាល់ក្រោយពីបានចេញបង្ហោះផ្លូវការ។

លោក ហួរ សុផល ហៅសិរី ជាម្ចាស់សំនៀងសម្រាប់បទទាំង៣នេះបានអះអាងថា ដោយសារតែរឿង «រាជបុរី Comeback» គឺជាភាពយន្តបើកឆាករបស់ផលិតកម្មក្លាស៊ិកក្រោយពេលបិទទ្វា និងជារឿងដែលនិយាយពីជីវប្រវត្តិពិតរបស់អតីតតារាចម្រៀងលោក រាជ បុរី មុនពេលក្រឡាប់រថយន្ត ទើបលោកសម្រេចចិត្តផលិតបទចម្រៀងនិពន្ធដល់ទៅ៣បទតែម្ដង ដើម្បីដាក់បន្លឺនៅក្នុងភាពយន្ត។

លោកថាចម្រៀងទាំង៣នេះ គឺលោកជាអ្នកបកស្រាយទាំងអស់ ដើម្បីរំលឹកពីអាជីពចម្រៀងរបស់លោកដែលបានបោះបង់អស់រយ:ពេលយូរឆ្នាំក្រោយពេលសម្រេចចិត្តបិទទ្វារផលិតកម្មក្លាស៊ិកមួយរយ:ធំ។
ចម្រៀងទាំង៣នេះ លោកមិនទាន់កាត់សាច់រឿងក្នុងរឿង «រាជបុរី Comeback» មកធ្វើជា MV នោះទេ ដោយទើបតែបង្ហោះជាសំឡេងប៉ុណ្ណោះ ប៉ុន្តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានតារាចម្រៀងមួយចំនួន និងផលិតកម្មខ្លះបានស្នើសុំទិញដើម្បីយកទៅច្រៀងធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះផង។

លោកមិនទាន់សម្រេចចិត្តថា នឹងផ្ដល់សិទ្ធិលក់បទទាំង៣ឲ្យតារាណាម្នាក់នៅឡើយទេ ដោយលោកប្រកាសថាដរាបណាភាពយន្តរឿង «រាជបុរី Comeback » មិនទាន់ត្រូវបានបញ្ចាំងគឺបទទាំង៣នឹងគ្មានថ្ងៃធ្វើការពិចារណារឿងលក់សាច់ភ្លេង ឬលក់បទនេះទាំងស្រុងឲ្យអ្នកណាម្នាក់ឡើយ។

តាមគម្រោងលោកនឹងដាក់បញ្ចាំងរឿង «រាជបុរី Comeback » នៅអំឡុងខែ៩ខាងមុខ ដោយនឹងដាក់បញ្ចាំងបន្ទាប់ពីរឿង «ហ្លួងព្រះស្ដេចកន» ទម្លាក់ស្លាកផង ក៏មិនដឹង ដោយគ្រាន់តែមិនទាន់កំណត់កាលបរិច្ឆេទ។

មកទល់ពេលនេះគេចាប់អារម្មណ៍ថា ភាពយន្តរបស់លោកមួយនេះកាន់តែមានការចាប់អារម្មណ៍ជាពិសេសបន្ទាប់ពីបទ Original Song ទាំង៣ដែលត្រូវប្រើនៅក្នុងរឿងនោះត្រូវបានចេញបង្ហោះហើយមានការគាំទ្រមិនធម្មតានៅលើYoutube៖

មតិយោបល់